រដ្ឋបាលក្រុងព្រះសីហនុ បន្តប្រើវិធានការក្តៅចុះរៀបចំសណ្តាប់ធ្នាប់ នៅមុខផ្សារឃ្លាំងលើ..

ខេត្តព្រះសីហនុ៖ រដ្ឋបាលក្រុងព្រះសីហនុ បានបន្តចាត់វិធានការក្តៅចុះរុះរើតូប ឆត្រ និងសម្ភារផ្សេងៗ របស់អ្នកលក់ដូរម្ហូបអាហារអនាធិបតេយ្យជាច្រើនឆ្នាំកន្លងមកហើយ នៅលើចិញ្ចើមផ្លូវជាតិលេខ៤ ខាងកើតរោងចក្រស្រាបៀអង្គរ (ផ្សារឃ្លាំងលើ) កាលពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០២០។

ក្រោយចុះរុះរើកន្លែងលក់ដូរគ្មានសណ្តាប់ធ្នាប់ទាំងនោះចេញ អាជ្ញាធរ ក៏បាននាំយកគ្រឿងចក្រមកឈូសសម្អាត ដើម្បីសម្រួលដល់ក្រុមវិស្វកម្មស្ថាបនាពង្រីកផ្លូវជាតិលេខ៤ តាមប្លង់ប្រព័ន្ធទំហំ ៦០ម៉ែត្រ។

លោក អ៊ី សុខឡេង អភិបាលក្រុងព្រះសីហនុ បន្តថា សកម្មភាពដូចគ្នានេះ ក៏នឹងចុះអនុវត្ត ទៅលើអ្នកលក់ដូរម្ហូបអាហារអនាធិបតេយ្យ នៅលើចិញ្ចើមផ្លូវជាតិលេខ៤ ត្រង់ចំណុចមុខរោងចក្រ ញ៉ូស្តារ (Newstar) នៅថ្ងៃសុក្រ ទី០៣ ខែមេសា ឆ្នាំ២០២០ ដោយ រដ្ឋបាលក្រុង នឹងចុះរុះរើតូប ឆត្រ និងសម្ភារផ្សេងៗផងដែរ។

សូមបញ្ជាក់ថា នៅមុនរដ្ឋបាលក្រុង ដាក់កម្លាំងចុះរុះរើតូបលក់ដូរមិនរៀបរយខាងលើនេះ គឺរដ្ឋបាលក្រុង បានធ្វើសេចក្តីជូនដំណឹង តាំងពីថ្ងៃ ទី៦ ខែមីនា ឆ្នាំ២០២០ ដើម្បីឲ្យបងប្អូនអាជីវករ រុះរើដោយខ្លួនឯង ប៉ុន្តែបងប្អូននៅតែមិនរុះរើ ទើបកាលពីថ្ងៃទី០១ ខែមេសានេះ រដ្ឋបាលក្រុងព្រះសីហនុ បានសម្រេចចុះរុះរើ និងឈូសសម្អាតកំណាត់ផ្លូវជាតិលេខ៤ខាងលើឲ្យមានសោភ័ណភាពឡើងវិញ៕

ដោយ៖ ដែន សីមា

អត្ថបទដែលជាប់ទាក់ទង