នៅមុនពិធីបុណ្យចូលឆ្នាំចូលមកដល់, លោកឧកញ៉ា ទៀ វិចិត្រ បានបន្តនាំយកសត្វព្រៃច្រើនប្រភេទ ដែលពលរដ្ឋប្រគល់ជូនយកទៅលែង ឲ្យរស់នៅតំបន់ព្រៃធម្មជាតិ ម៉ាហ្វីយ៉ារីស៊ត នៃឆ្នេរឋានសួគ៌..

ខេត្តព្រះសីហនុ៖ នៅមុនពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ នឹងចូលមកដល់នៅថ្ងៃទី១៣-១៦ ខែមេសា ឆ្នាំ២០២០នេះ លោកឧកញ៉ា ទៀ វិចិត្រ ប្រធានក្រុមហ៊ុន ជី.ធី.វី.ស៊ី, ស្ពីដបូត កម្ពុជា (G.T.V.C, SPEED BOAT CAMBODIA) បានបន្តដឹកនាំក្រុមការងារនាំយកសត្វទោច, សត្វខ្លាឃ្មុំ, សត្វភេ, សត្វពង្រូល និងសត្វឥន្ទ្រីជាដើម ដោយបាននាំយកទៅលែង ឲ្យរស់នៅក្នុងតំបន់ព្រៃធម្មជាតិ ម៉ាហ្វីយ៉ា រីស៊ត នៃឆ្នេរឋានសួគ៌ សង្កាត់កោះរ៉ុង និងសួនសត្វ របស់លោកឧកញ៉ា ម៉ុងប្ញទ្ធី នាខេត្តកំពង់ស្ពឺជាដើម។

ទាក់ទិនបញ្ហានេះ លោកឧកញ៉ា ទៀ វិចិត្រ ដែលជាប្រធានក្រុមការងារមនុស្សធម៌អូរបី(O3) ប្រចាំខេត្តព្រះសីហនុ ផងនោះ មានប្រសាសន៍ថា ចំពោះសត្វព្រៃជាច្រើនប្រភេទ ដែលរូបលោកបានទទួលពីប្រជាពលរដ្ឋ បើសត្វព្រៃទាំងនោះមានរបួស គឺតម្រួវឲ្យពេទ្យសត្វព្យាបាលសត្វរបួស ឬមានជំងឺទាំងនោះ ឲ្យជាសះស្បើយជាមុនសិន ទើបនាំយកទៅលែងឲ្យរស់នៅក្នុងព្រៃធម្មជាតិវិញ។

លោកឧកញ៉ា ទៀ វិចិត្រ ឲ្យដឹងដូច្នេះ រួចបញ្ជាក់ថា កាលពីខែមីនាកន្លងទៅនេះ រូបលោកបានដឹកនាំក្រុមការងារអភិរក្សសត្វព្រៃ របស់លោកនាំយកសត្វទោច, សត្វពង្រូល, សត្វខ្លាឃ្មុំ, សត្វភេ, សត្វអណ្តើក និងសត្វឥន្ទ្រីជាដើម ដែលប្រជាពលរដ្ឋ បាននាំយកមកប្រគល់ជូន រូបលោក ដើម្បីយកទៅលែងឲ្យរស់នៅតាមបែបធម្មជាតិ ក្នុងតំបន់ព្រៃភ្នំវិញ។

លោកឧកញ៉ាបន្តថា ទីតាំងធម្មជាតិទាំងនោះ មាននៅតំបន់ទេសចេណ៍ ម៉ាហ្វីយ៉ា រីស៊ត នៃឆ្នេរឋានសួគ៌ ស្ថិតក្នុងសង្កាត់កោះរ៉ុង និងសតហវព្រៃមួយចំនួនទៀត បាននាំយកទៅអភិរក្ស ឬចិញ្ចឹមនៅសួនសត្វ របស់លោកឧកញ៉ា ម៉ុង ប្ញទ្ធី ស្ថិតក្នុងខេត្តកំពង់ស្ពឺជាដើម។

ងាកមកប្រជាពលរដ្ឋ ដែលបាននាំយកសត្វព្រៃមកប្រគល់ជូន លោកឧកញ៉ា ទៀ វិចិត្រ ឯណោះវិញបាននិយាយប្រាប់អ្នកយកព័ត៌មានគេហទំព័រ “កម្ពុជាថ្ងៃនេះ” www.camday.news ថា ដោយសារតែកន្លងមកពួកគាត់បានឃើញសកម្មភាព របស់លោកឧកញ៉ា ទៀ វិចិត្រ បានបង្ហោះសារអប់រំ, រូបថត និងវីដេអូឃ្លីប មួយចំនួន ក្នុងន័យអំពាវនាវអប់រំ ដល់ប្រជាពលរដ្ឋ និងផ្នែកពាក់ព័ន្ធ ឲ្យរួមគ្នាអភិរក្សថែរក្សាសត្វព្រៃ ដោយមិនត្រូវសម្លាប់សត្វព្រៃកម្រ ជាពិសេសឃើញ សកម្មភាពនាំយកសត្វព្រៃយកទៅលែងឲ្យរស់នៅក្នុងតំបន់ព្រៃធម្មជាតិជាបន្តបន្ទាប់នោះ ទើបរូបលោកបាននាំយកសត្វព្រៃទាំងនោះមកប្រគល់ជូន ដើម្បីថែរក្សា និងអភិរក្សឲ្យគង់វង្សសម្រាប់ថ្ងៃអនាគត។

ត្រង់ចំណុចនេះ លោកឧកញ៉ា ទៀ វិចិត្រ ក្រៅពីបានថ្លែងអំណរគុណដល់ប្រជាពលរដ្ឋ ដែលបាននាំយកសត្វព្រៃជាច្រើនប្រភេទមកប្រគល់ជូនរូបលោក ដើម្បីនាំយកទៅលែងក្មុងព្រៃធម្មជាតិវិញនោះ។

បន្ថែមលើនេះ លោកឧកញ៉ា ទៀ វិចិត្រ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ និងមន្ត្រីរាជការគ្រប់ស្ថាប័ន ឲ្យចូលរួមលើការងារថែរក្សាការពារសត្វព្រៃ ឬសត្វព្រៃកម្រគ្រប់ប្រភេទ ឲ្យបានគង់វង្ស តាមរយៈកុំប្រមាញ់ កុំសម្លាប់ធ្វើជាអាហារជាដើម៕ ដែន សីមា

អត្ថបទដែលជាប់ទាក់ទង