គណៈកម្មការរៀបចំបុណ្យជាតិ និងអន្តរជាតិ បានណែនាំឲ្យប្រជាពលរដ្ឋ រៀបចំរណ្តាប់ទទួលទេវត្តាឆ្នាំថ្មី ទៅតាមទំនៀបទំលាប់ប្រពៃណីជាតិជាតិធម្មតា..

រាជធានីភ្នំពេញ៖ គណៈកម្មការរៀបចំបុណ្យជាតិ និងអន្តរជាតិ បានណែនាំឲ្យប្រជាពលរដ្ឋ រៀបចំរណ្តាប់ទទួលទេវតា​ឆ្នាំថ្មី ទៅតាមទំនៀបទំលាប់ ដែលតែងតែប្រារព្ធឡើងជារៀងរាល់ឆ្នាំ ដើម្បីជំរុញការ ថែរក្សាប្រពៃណីវប្បធម៌ជាតិឲ្យបានគង់វង្ស។

លោក ញៀន ភឿន រដ្ឋលេខាធិការ នៃក្រសួងធម្មការនិងសាសនា និងជាសមាជិក គណៈកម្មាធិកាជាតិ រៀបចំបុណ្យជាតិ និងអន្តរជាតិ បានឲ្យដឹងថា មហាសង្រ្កាន្តឆ្នាំជូត ទោស័កព្រះពុទ្ធសករាជ ២៥៦៤ នឹងចូលមកដល់នៅវេលាម៉ោង ២០ និង៤៨នាទីយប់ ថ្ងៃចន្ទ ៦រោច ខែចែត្រ ត្រូវនឹងថ្ងៃទី១៣ ខែមេសា គ្រិស្តសករាជ២០២០។

លោកបានបន្តថា ដោយបុណ្យចូលឆ្នាំថ្មីត្រូវនឹងថ្ងៃចន្ទ គឺត្រូវវេណ របស់ ទេពធីតាមួយព្រះអង្គជាមគ្គនាយិកាព្រះនាម គោរាគទេវី ជាបុត្រីទី២ នៃកបិលមហាព្រហ្ម គង់នៅចាតុម្មហារាជិកា ទ្រង់អម្ពរពណ៌លឿង លម្អ នូវព្រះកាណ៌ដោយសៀតផ្កាអង្គាបុស្ប អាភរណៈទ្រង់ពាក់កែវមុក្តា ភក្សាហារទ្រង់សោយតេលំ ទ្រង់អាវុធព្រះហស្តស្តាំទ្រង់ព្រះខ័ន ព្រះហស្តឆ្វេងទ្រង់យដ្ឋិ គង់ផ្ទំបើកព្រះនេត្រ លើខ្នង ព្យគ្ឃ ជាពាហនៈ។

លោក ញៀន ភឿនបញ្ជាក់ថា គ្រឿងរណ្តាប់ ទទួលទេវត្តាឆ្នាំថ្មីនេះ មានដូចជា៖ បាយសី ១គូ, ស្លាធម៌ ១គូ, ធូប ៥, ទៀន ៥, ទឹកអប់ ១គូ, ផ្កាភ្ញី, លាជ, ទឹក ១ ផ្តិល និង ភេសជ្ជៈ, នំនែក, ផ្លែឈើគ្រប់មុខ ។

លោកបន្តទៀតថា ក្នុងឱកាសឆ្នាំនេះប្រជាពលរដ្ឋទូទៅអាចនាំគ្នារៀបចំបាយ ម្ហូប សំលៀកបំពាក់ និងថវិកាផ្ទាល់ខ្លួនជូនឪពុកម្តាយ និងសាច់ញ្ញាតិបងប្អូន ឬ រៀបចំចង្ហាន់ផ្សេងៗប្រគេនព្រះសង្ឃ ដោយពុំចាំបាច់មានមនុស្សចូលរួមអ៊ូអរច្រើនឡើយ។ ក្នុងន័យកាត់បន្ថយការរីករាលដាល នៃជំងឺកូវីដ និងរំលឹកនឹកគុណដល់អ្នក ដែលមានគុណ និងគ្រូបាធ្យាយជាដើម។

លោក ញៀន ភឿន៖ “ចូលដល់ឆ្នាំថ្មីយើងត្រូវជម្រះ នូវឧបទ្រពចង្រៃគ្រប់បែបយ៉ាងដូចជាមានចិត្តជាអកុសលសព្វគ្រប់បែបយ៉ាងដែលមានកន្លងមកយើងត្រូវជម្រះចេញឆ្នាំថ្មីយើងត្រូវធ្វើឲ្យបានល្អលក្ខណៈល្អប្រពៃ នៃព្រះពុទ្ធសាសនា របស់យើងសំខាន់ជាងគេដែលក្នុងនោះទី ១ទក្ខិណានុប្បទានឧទ្ទិសកុសលដល់បុព្វការីជនមានមាតាបិតាជីដូនជីតាទាំង ៧សន្តានដែលលោករំលាយក្ខន្ធទៅកាន់លោកខាងមុខហើយហើយកូនចៅត្រូវមានការដឹងគុណចំពោះបុព្វការីជនមាតាបិតាគ្រូឧប្ឈាយាចារ្យជាដើមនេះ”។

សូមបញ្ជាក់ថា ពិធីបុណ្យប្រពៃណិជាតិតែងធ្វើជារៀងរាល់ឆ្នាំនៅ ខែចែត្រ ជាខែដែលប្រជាជនខ្មែរទំនេរពីការងារស្រែចំការ ហើយតែងតែមកជួបជុំគ្នា។ ម្យ៉ាងទៀត រយៈពេលមួយឆ្នាំ ពួកគេបានបែកចេញពី គ្រួសារ និង ញាតិមិត្ដ ទៅប្រករបរចិញ្ចឹមជិវិតនៅទីឆ្ងាយៗ  លុះដល់ឆ្នាំថ្មី គេបានវិលមកជូបជុំគ្នា សួរសុខទុក្ខគ្នា ដើម្បីបន្ថូរការនឹករឭក និងបំបាត់ការនឿយហត់ពីការងារ ពិសេសការតបគុណ ចំពោះមាតាបិតា និងអ្នកដែលមានគុណ៕

ប្រភព៖ ក្រសួងព័ត៌មាន

អត្ថបទដែលជាប់ទាក់ទង