មន្ត្រីកាំកុងត្រូល ចុះបង្ក្រាបអាល់កុលក្លែងក្លាយ១ពាន់លីត្រ ក្នុងខណ្ឌច្បារអំពៅ..

រាជធានីភ្នំពេញ៖ មន្ត្រីជំនាញកាំកុងត្រូល បានឲ្យដឹងថា នៅរសៀលថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២០នេះ បានសហការជាមួយស្ថាប័នជំនាញច្រើនទៀត ចុះត្រួតពិនិត្យ និងឆែកឆេរឃ្លាំងគ្មានលេខមួយកន្លែង មានទីតាំងស្ថិតនៅភូមិតាងៅ សង្កាត់និរោធ ខណ្ឌច្បារអំពៅ  រាជធានីភ្នំពេញ ហើយបានរកឃើញអាល់កុលក្លែងក្លាយចំនួន១ពាន់លីត្រ។

មន្ត្រីកាំកុងត្រូលបន្តថា អ្នកគ្រប់គ្រងឃ្លាំងអាកុលនេះមានឈ្មោះ ង្វៀង វ៉ានដាត ជាជនជាតិវៀតណាម។ នៅកន្លែងឃ្លាំងស្តុកអាកុលនោះ ជនជាតិវៀតណាមរូបនេះ បាននិយាយប្រាប់មន្ត្រីជំនាញថា អាល់កុលក្លែងក្លាយចំនួន១ពាន់លីត្រនេះ បានដឹកចូលតាមច្រកជ្រៃធំ ខេត្តកណ្តាល ចាប់តាំងពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២០មកម្ល៉េះ។

បច្ចុប្បន្ន សមត្ថកិច្ចជំនាញ បានសម្រេចបិតឃ្លាំងគ្មានលេខខាងលើជាបណ្តោះអាសន្ន ហើយចំពោះ សម្ភារៈ ត្រូវបានរក្សាទុកក្នុងឃ្លាំងខាងលើនេះទាំងអស់ ដោយរង់ចាំបន្តនីតិវិធីទៀតនៅថ្ងៃខាងមុខ។

ដោយឡែក ឈ្មោះ ង្វៀង វ៉ានដាត ជនជាតិវៀតណាម ដែលជាអ្នកគ្រប់គ្រងឃ្លាំងស្តុកអាកុលនេះ បានបញ្ជាក់ថា អាល់កុលក្លែងក្លាយចំនួន ៣៤ពីដុង ឬស្មើ១ពាន់លីត្រ នេះ បានដឹកចូលពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២០ ដោយមិនឃើញម្ចាស់មកទទួលយកទេ រហូតដល់ពេលមានសមត្ថកិច្ចចម្រុះ ចុះមកធ្វើការឆែកឆេរ និងធ្វើតេស្ត ហើយរកឃើញថា ជាមេតាណុល។

ម្ចាស់ឃ្លាំង បានអះអាងបន្តថា អាល់កុលក្លែងក្លាយចំនួន១ពាន់លីត្រនេះ គឺ បានដឹកចូលតាមច្រកជ្រៃធំ ស្រុកកោះធំ ខេត្តកណ្តាល៕ ដោយ៖ កញ្ញា ឆវីន

អត្ថបទដែលជាប់ទាក់ទង