ជនជាតិម៉ាឡេស៊ី២នាក់ ដែលឆ្លងជំងឺកូវីដ១៩ ហើយបានសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តកំពត បានជាសះស្បើយពីជំងឺហើយ..

ខេត្តកំពត៖ ក្រុមគ្រូពេទ្យជំនាញ បានឲ្យដឹងថា អ្នកជំងឺកូវីដ-១៩ សញ្ជាតិម៉ាឡេស៊ី ចំនួន២នាក់ បានជាសះស្បើយមួយរយភាគរយ ហើយ ក្រោយបានសម្រាកព្យាបាលអស់រយៈពេលជិត២០ថ្ងៃរួចមក។

ជនជាតិម៉ាឡេស៊ីទាំង២នាក់នេះ ត្រូវបានក្រុមគ្រូពេទ្យអនុញ្ញាត ឲ្យចេញពីមន្ទីរពេទ្យបង្អែកខេត្តកំពត វិលត្រឡប់ទៅប្រទេសកំណើតវិញព្រោះលទ្ធផលអវិជ្ជមាន ដោយសារការធ្វើតេស្តចំនួន២ដង ក្នុងដំណាក់កាលចុងក្រោយរួចមក។

ប្រធានមន្ទីរពេទ្យបង្អែកខេត្តកំពត លោក ឈុយ ឆូង បានឲ្យដឹងនៅព្រឹកថ្ងៃសៅរ៍ ទី៤ ខែមេសា ឆ្នាំ២០២០នេះថា បុរសជនជាតិម៉ាឡេស៊ី ទាំង២នាក់ ដែលមានផ្ទុកជំងឺកូវីដ-១៩ ត្រូវបាននាំមកសម្រាកព្យាបាល នៅក្នុងមន្ទីរពេទ្យបង្អែកខេត្តកំពត ហើយពេលនេះលទ្ធផល នៃការធ្វើតេស្តអវិជ្ជមាន មេរោគកូវីដ-១៩ មួយរយភាគរយរួចហើយ។

លោកគ្រូពេទ្យបន្តថា ជនជាតិម៉ាឡេស៊ីទាំង២នាក់ ត្រូវបានអនុញ្ញាត ឲ្យចេញពីមន្ទីរពេទ្យ វិលត្រឡប់ទៅកាន់ប្រទេសកំណើតវិញ នៅថ្ងៃទី៤ ខែមេសា ឆ្នាំ២០២០។

ជនជាតិម៉ាឡេស៊ីទាំង២នាក់នេះ បានធ្វើតេស្តរកឃើញលទ្ធផលវិជ្ជមាន នៃជំងឺកូវីដ-១៩ កាលពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២០ ហើយត្រូវបានមន្ត្រីសុខាភិបាល និងក្រុមការងារ នាំយកមកកាន់មន្ទីរពេទ្យបង្អែកខេត្តកំពតភ្លាមៗ ដើម្បីទទួលការព្យាបាល៕ ដោយ៖ នាក់ វុទ្ធី

អត្ថបទដែលជាប់ទាក់ទង