ព្រះសង្ឃមួយអង្គបានសុគត ពេលយកអង្រឹងទៅចងសឹងលេង ជាមួយជើងរូបចម្លាក់កេន្នរ ប៉ុន្តែចៃដន្យបានដួលសង្កត់លើព្រះកាយ..

ខេត្តព្រះសីហនុ៖ សាមណេរមួយអង្គនៅវត្តឥន្ទញ្ញាណ ក្រុងព្រះសីហនុ បានសុគត បណ្តាកមកពី ព្រះសង្ឃអង្គនេះ បានចងអង្រឹងសឹងលេងពេលថ្ងៃ ជាមួយជើងរូបចម្លាក់កេន្នរ ប៉ុន្តែចៃដន្យក៏រលំរូបកេន្នរនោះ ដួលសង្កត់មកលើព្រះកាយ របស់ព្រះអង្គ បណ្តាលឲ្យរងរបួសធ្ងន់ ហើយក្រោយមកបានសុគតពេលបញ្ជូនទៅមន្ទីរពេទ្យ កាលពីរសៀលថ្ងៃទី៥ ខែមេសា ឆ្នាំ២០២០នេះ។

សមត្ថកិច្ចបន្តថា សាកសពព្រះសង្ឃខាងលើនេះ មានព្រះនាម ឆោម ផល្លា ព្រះជន្ម ១៣វស្សា មានស្រុកកំណើត ភូមិស្យាបឹងវែង ឃុំបារាយណ៍ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។ ក្រោយពិនិត្យកោសល្យវិច្ច័យពីនគរបាលបច្ចេកទេស និងវិទ្យាសាស្ត្រ រួច សមត្ថកិច្ច ក៏បានប្រគល់សាកសព ប្រគេនជូន ព្រះគ្រូចៅអធិការវត្តឥន្ទញ្ញាណ ដើម្បីធ្វើបុណ្យតាមពិធីសាសនា។

ព្រះគ្រូចៅអធិការវត្តឥន្ទញ្ញាណ មានសង្ឃដិកាថា សពព្រះសង្ឃរងគ្រោះ ដោយមានសំណូមពរពីញាតិញោមជាសាច់ញាតិ បានដឹកតាមរថយន្តខាងមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ យកទៅធ្វើបុណ្យនៅស្រុកកំណើត ក្នុងខេត្តកំពង់ចាម នៅថ្ងៃដដែលនេះ៕

អត្ថបទដែលជាប់ទាក់ទង