ឧកញ៉ា ទៀ វិចិត្រ ៖ សត្វល្មិច ឬអណ្តើកសមុទ្រ ដែលក្រុមការងាររបស់លោក បានអភិរក្សកន្លងមក ពេលនេះបានបន្តពូជជាបណ្តើរៗហើយ..

ខេត្តព្រះសីហនុ៖ កូនសត្វល្មិច ឬអណ្តើកសមុទ្រចំនួន៣០ក្បាល បានបង្ហាញខ្លួនជាលើកដំបូង នៅលើឆ្នេរខ្សាច់ឋានសួគ៌ នៃសង្កាត់កោះរ៉ុង មានទីតាំងនៅទល់មុខមណ្ឌលកម្សាន្ត ម៉ាហ្វីយ៉ារីសត ជាទីលោកឧកញ៉ា ទៀ វិចិត្រ ប្រធានក្រុមហ៊ុន ជី.ធី.វី.ស៊ី, ស្ពីដបូតកម្ពុជា (G.T.V.C, SPEED BOAT, CAMBODIA) បានលែងសត្វល្មិច ឬអណ្តើកសមុទ្ររាប់រយក្បាល ក្នុងរយៈពេលច្រើនឆ្នាំកន្លងមកនេះ។

ចំពោះបញ្ហានេះ លោកឧកញ៉ា ទៀ វិចិត្រ មានប្រសាសន៍ថា ជាធម្មជាតិ របស់សត្វអណ្តើកសមុទ្រ ដែលពេញវ័យ ឬដល់រដូវបន្តពូជ គឺអំបូរសត្វទាំងនេះ តែងឡើងមករកកន្លែងពងកូននៅលើទីតាំង ដែលមានសុវត្ថិភាព ក្នុងពំនូកខ្សាច់ ក៏ដួចជានៅតាមឆ្នេរខ្សាច់ឋានសួគ៌ ឆ្នេរភ្លោះកោះរ៉ុង។

លោកឧកញ៉ាបន្តថា ការដែលសត្វអណ្តើកសមុទ្រទាំងនេះ ឡើងមកពងរហូតដល់ញាស់ ជាកូនតូចៗ នៅតាមឆ្នេរឋានសួគ៌ នៃកោះរ៉ុងនេះ ក៏ដោយសារទីតាំងខាងលើ ជាទីកន្លែងមាមសុវត្ថិភាព ដោយមិនមានអ្នករំខានដល់ការបន្តពូជ ឬសម្លាប់វានោះទេ។

លោកឧកញ៉ា ទៀ វិចិត្រ បន្តថា មានសត្វល្មិច ឬអណ្តើកសមុទ្រតូចធំរាប់រយក្បាល ត្រូវបាននាំយកមកលែង ចូលទៅក្នុងទឹកសមុទ្រ នៃឆ្នេរឋានសួគ៌ នៅទល់មុខ ម៉ាហ្វីយ៉ា, រីសត ស្ថិតក្នុងសង្កាត់កោះរ៉ុង ខេត្តព្រះសីហនុ ក្នុងប៉ុន្មានឆ្នាំកន្លងមកនេះ។

លោកឧកញ៉ា ទៀ វិចិត្រ ឲ្យដឹងដូច្នេះ រួចបញ្ជាក់ថា ក្រោយកូនសត្វល្មិចទាំង ៣០ក្បាលនេះ បានញាស់ និងបង្ហាញខ្លួន នៅលើឆ្នេរឋានសួគ៌នេះភ្លាម គឺក្រុមការងារ របស់លោក ក៏បានជួយប្រមូលនាំយកទៅដាក់ចូលទៅក្នុងទឹកសមុទ្រ ដើម្បីឲ្យកូនសត្វល្មិច ឬអណ្តើកសមុទ្រទាំងនេះ បានហែលទៅរស់នៅជាមួយមេ និងហ្វូងអំបូរ របស់សត្វទាំងនេះ ក្នុងសមុទ្រធម្មជាតិវិញ។

ត្រង់ចំណុចនេះ លោកឧកញ៉ា ទៀ វិចិត្រ ក៏បានជូនជាកុសលផលបុណ្យ ជូនចំពោះបងប្អូនប្រជាពលរដ្ឋ ដែលជាបន្តបន្ទាប់មកនេះ បានស្ម័គ្រចិត្តនាំយកសត្វអណ្តើកសមុទ្រមកប្រគល់ជូនរូបលោក ដើម្បីនាំយកទៅលែង ឲ្យរស់នៅតាមធម្មជាតិ ក៏ដូចជារួមគ្នាអភិរក្សសត្វកម្រឲ្យបានគង់វង្ស។

បន្ថែមលើនេះ លោក ឧកញ៉ា ទៀ វិចិត្រ ក៏បានថ្លែងអំណរគុណ ដល់មន្ត្រីស្ថាប័នពាក់ពន្ធ័ទាំងអស់ ដែលបានចូលរួមលែងសត្វអណ្តើកសមុទ្រ ជាមួយក្រុមការងារ របស់លោកនាពេលកន្លងមក។ ក៏សូមឲ្យទទួលយក នូវបុណ្យកុសលទាំងអស់គ្នា តាមរយៈការចូលរួមអភិរក្ស អំបូរសត្វសមុទ្រកម្រ ឲ្យបានគង់វង្ស និងសម្បូរបែបនៅកម្ពុជានាថ្ងៃអនាគត៕

អត្ថបទដែលជាប់ទាក់ទង