ជនសង្ស័យជាមន្ត្រីនគរបាលខណ្ឌសែនសុខម្នាក់ បាញ់ប្រពន្ធស្លាប់ និងកូនស្រីរបួសធ្ងន់..

រាជធានីភ្នំពេញ៖ ព័ត៌មានបឋមពីមន្ត្រីនគរបាលមូលដ្ឋាន បានឲ្យដឹងថា មន្ត្រីនគរបាលខណ្ឌសែនសុខម្នាក់ បានបាញ់សំដៅរថយន្ត ដែលប្រពន្ធ របស់គាត់កំពុងជិះតាមផ្លូវ ចំនួន ៤គ្រាប់ ហើយត្រូវប្រពន្ធស្លាប់ និងកូនស្រីរបួសធ្ងន់ បញ្ជូនទៅសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យកាល់ម៉ែត។

សមត្ថកិច្ចបន្តថា ពេលនេះ ជនល្មេីសកំពុងរត់គេចខ្លួនទៅកាន់ស្រុកគៀនស្វាយ ខេត្តកណ្តាល ហើយកម្លាំងសមត្ថកិច្ច ក៏កំពុងតែបើកប្រតិបត្តិការឡោមព័ទ្ធ ដើម្បីចាប់ខ្លួន។

សមត្ថកិច្ចបញ្ជាក់ថា ស្ត្រីរងគ្រោះបានស្លាប់ពេលបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យកាល់ម៉ែត និងកូនស្រីម្នាក់ រងរបួសធ្ងន់ បន្ទាប់ពីត្រូវអតីតស្វាមីដែលជាមន្ត្រីនគរបាល បាញ់សំដៅរថយន្តកំពុងជិះដឹកគ្នាតាមបណ្តោយផ្លូវលេខ ១៩៨៦ ស្ថិតក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

បុរសម្នាក់ដែលអះអាងថា បានបើករថយន្តដឹកស្ត្រីរងគ្រោះ ជាមួយកូនស្រីម្នាក់ទៀត បានបញ្ជាក់ថា នៅមុនកើតហេតុនៅម៉ោងប្រមាណ ៨ និង១០នាទីយប់ ថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២០នេះ រូបលោកបានបើករថយន្ត ដឹកស្ត្រីរងគ្រោះ និងកូនៗ របស់ស្ត្រីរងគ្រោះជាមួយឥវ៉ាន់មួយចំនួន ចេញពីផ្ទះស្ត្រីរងគ្រោះនៅខណ្ឌសែនសុខ សំដៅទៅទុកនៅផ្ទះបងស្រី របស់ស្ត្រីរងគ្រោះ នៅសង្កាត់ស្ទឹងមានជ័យ ប៉ុន្តែពេលមកដល់កន្លែងកើតហេតុមុខហាង «នស២រ» តាមផ្លូវ ១៩៨៦ ក៏ត្រូវបុរសជាអតីតស្វាមីជិះម៉ូតូពីក្រោយបាញ់សំដៅរថយន្តចំនួន៤គ្រាប់ (ផ្ទុះតែមួយគ្រាប់) ប៉ុណ្ណោះ ក៏ត្រូវចំស្ត្រីជាប្រពន្ធ និងកូនស្រីរងរបួសធ្ងន់ ត្រូវបានដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យកាល់ម៉ែត។

បន្ទាប់ពីដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យស្ត្រីរងគ្រោះ ត្រូវបានសមត្ថកិច្ចរាយការណ៍ថា ស្ត្រីជាប្រពន្ធបានស្លាប់ ខណៈកូនស្រីម្នាក់ទៀត បានរងរបួសធ្ងន់ កំពុងសង្គ្រោះបន្ទាន់។

តាមសាក្សីនៅកន្លែងកើតហេតុ បញ្ជាក់ថា ស្ត្រីរងគ្រោះ និងអតីតស្វាមី បានលេងលះគ្នាមួយរយៈពេលមកហើយ។

ចំណែកជនដៃដល់ ត្រូវបានគេស្គាល់ថា ឈ្មោះ ជា ចាន់បូរ៉ា ជាមន្ត្រីនគរបាលខណ្ឌសែនសុខ។

យ៉ាងនេះក្តី សមត្ថកិច្ចមិនទាន់បញ្ជាក់ពីមូលហេតុ ដែលនាំឲ្យមានការផ្ទុះការបាញ់ប្រហារខាងលើនេះ បណ្តាលមកពីមូលហេតុអ្វីឲ្យពិតប្រាកដនោះទេ។
ប៉ុន្តែត្រូវបានគេសង្ស័យថា ទំនងជាកលតចេញពីករណីភ្លើងប្រច័ណ្ឌ៕ ដោយ៖ កញ្ញា សេង លីនី

អត្ថបទដែលជាប់ទាក់ទង