ស្នើដល់ថ្នាក់ដឹកនាំ ACU និងរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច ជួយបញ្ជូនមន្ត្រីចុះអង្គេតសកម្មភាពមិនប្រក្រតី របស់លោក ផែន ភឿន ប្រធានគយចល័តផ្លូវជាតិលេខ១ ទាក់ទិនការនាំចូលអាកុលក្លែងក្លាយ ពីវៀតណាមចូលកម្ពុជា..

ខេត្តព្រៃវែង៖ ករណីនាំចូលអាល់
កុលក្លែងក្លាយចំនួន១ពាន់លីត្រ តាមច្រកជ្រៃធំ និងទំនិញគេចពន្ធបង្កប់តាមរថយន្តក្រុងដឹកអ្នកដំណើរ ព្រមទាំងបង្កប់តាមឡានដឹកទំនិញធុនធំមួយចំនួន នាំចេញពីប្រទេសវៀតណាម  ដឹកចូលមកប្រទេសកម្ពុជា បានបង្កើតឲ្យមានមន្ទឹលសង្ស័យពីសំណាក់មហាជន និងមន្ត្រីស្ថាប័នជំនាញមួយចំនួនថា ហេតុអ្វីអាចនាំចូលឆ្លងកាត់ព្រំដែនជ្រៃធំ ដោយគ្មានការត្រួតពិនិត្យ និងហាមឃាត់ពីមន្ត្រីជំនាញពាក់ព័ន្ធប្រចាំការនៅច្រកព្រំដែន ជាពិសេសមន្ត្រីជំនាញស្ថាប័នគយជាដើម។

ផ្តើមពីបញ្ហានេះ ប្រជាពលរដ្ឋ និងមន្ត្រីស្ថាប័នជំនាញពាក់ព័ន្ធ បានទទូចស្នើដល់ លោក ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ និងរដ្ឋមន្ត្រី ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបញ្ជូនមន្ត្រីជំនាញចុះស៊ើបអង្កេតស្រាវជ្រាវជំវិញ សកម្មភាពកសរងារ និងភាពមិនប្រក្រតី របស់ លោក ផែន ភឿន ប្រធានទីស្នាក់ការគយចល័តផ្លូវជាតិលេខ១ និងបក្ខពួក..។

ត្រង់ចំណុចនេះ ប្រជាពលរដ្ឋ និងមន្ត្រីស្ថាប័នជំនាញខ្លះ ក៏បានសំណូមពរដល់ លោក ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ និងរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជួយបញ្ជូនមន្ត្រីជំនាញចុះស៊ើបអង្កេត និងស្រាវជ្រាវជុំវិញ
សកម្មភាពការងារ និងភាពមិនប្រក្រតី នៃអំពើពុករលួយ របស់ លោក ផែន ភឿន ប្រធានគយចល័តផ្លូវជាតិលេខ១ និងបក្ខពួក ដែលបានអនុញ្ញាតឲ្យនាំចូលអាល់កុលក្លែងក្លាយចំនួន ១០០០លីត្រ តាមច្រកជ្រៃធំ ទំនិញគេចពន្ធបង្កប់តាមរថយន្តក្រុងដឹកអ្នកដំណើរ និងឡានដឹកទំនិញធុនធំមួយចំនួន ចេញពីប្រទេសវៀតណាម ចូលមកប្រទេសកម្ពុជា ជាពិសេស
ដឹកឆ្ពោះចូលមកកាន់ រាជធានីភ្នំពេញ។

ទីស្នាក់ការគយចល័តផ្លូវជាតិលេខ១ ដែលដឹកនាំដោយ លោក ផែន ភឿន គឺមានទីតាំងនៅជាប់ផ្លូវជាតិលេខ១ ត្រង់ចំណុច ភូមិទួលល្ពាក់ ឃុំរំចេក ស្រុកព្រះស្ដេច ខេត្តព្រៃវែង។

ប្រភពអះអាងថា មេគយចល័តមានតួនាទីដូច លោក ផែន ភឿន អាចរកប្រាក់ចំណូលចូលក្នុងហោប៉ៅបុគ្គល យ៉ាងហោចចន្លោះពី ៤០ទៅ ៥០ម៉ឺនដុល្លារ ក្នុងមួយខែៗ។ ជាពិសេសក្នុងដំណាក់កាលប្រទេសកម្ពុជា បានកើតរាលដាលជំងឺកូវីដ-១៩ គឺអាច
រកប្រាក់ចំណូលពុករលួយ ឬចំណូលខ្មៅបានច្រើនថែមទៀតអាចចាប់ពី ២០ទៅ ៣០ម៉ឺនដុល្លារ ក្នុងមួយខែៗ។

មេគយចល័តផ្លូវជាតិលេខ១ ដឹកនាំដោយ លោក ផែន ភឿន បានគ្រប់គ្រងបួនខេត្តរួមមានគឺ៖ ខេត្តស្វាយរៀង, ព្រៃវែង, តាកែវ និង កណ្តាល។

ប្រភពឲ្យដឹងដូច្នេះ រួចបញ្ជាក់ថា នៅក្នុងដំណាក់កាលប្រទេសកម្ពុជា កើតមានជំងឺកូវីដ-១៩ គឺលោក ផែន ភឿន បានបើកដៃឱ្យឈ្មួញនាំយកអាល់កុលក្លែងក្លាយ និងទំនិញគេចពន្ធជារៀងរាល់
ថ្ងៃយ៉ាងច្រើនសន្ធឹកសន្ធាប់។

គួររំលឹកថា សត្ថកិច្ចជំនាញកាំកុងត្រូល សហការជាមួយមន្ត្រីស្ថាប័នជំនាញ បានចុះចាប់ អាល់កុលក្លែងក្លាយបានជាច្រើនករណីនៅរាជធានីភ្នំពេញ និងមួយករណីៗ មានចំនួនរាប់ពាន់លីត្រ។ ជាក់ស្តែង កាលពីរសៀលថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២០ មន្ត្រីកាំកុងត្រូលបានចុះពិនិត្យឃ្លាំងគ្មានលេខ មួយកន្លែង ស្ថិតក្នុងភូមិតាង៉ូវ សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ចាប់បាន អាល់កុលក្លែងក្លាយចំនួន១ពាន់លីត្រ (មេតាណុល) ដែលឈ្មួញនាំចូលតាមចូលឆ្លងកាត់ព្រំដែនកម្ពុជា-វៀតណាមច្រកជ្រៃធំ ខេត្តកណ្តាល។

ចំពោះករណីនេះ ម្ចាស់ឃ្លាំងជនជាតិវៀតណាម ក៏បានបញ្ជាក់ថា អាកុលក្លែងក្លាយទាំងនេះ បានដឹកចូល
តាមច្រកជ្រៃធំ ស្រុកកោះធំ ខេត្តកណ្ដាល។ ពោល គឺស្ថិតក្នុងដែនសមត្ថកិច្ច របស់ លោកលោក ផែន ភឿន ប្រធានគយ
ចល័តផ្លូវជាតិលេខ១ ដែលគ្រប់គ្រង៤ខេត្ត។

ទាក់ទិនបញ្ហានេះដែរ មន្ត្រីរាជការ អាជីវករ ឬអ្នករកស៊ីដឹកទំនិញ និងពលរដ្ឋរស់នៅខេត្តព្រៃវែង បានឱ្យដឹងដូចៗគ្នា កាលពីថ្ងៃទី៧ ខែមេសា ឆ្នាំ២០២០ថា លោក ផែន ភឿន ប្រធានគយ
ចល័តផ្លូវជាតិលេខ១ កំពុងត្រូវប៉ាន់ជាមួយការប្រមូលលុយដាក់ខែពីរថយន្តក្រុងលួចបង្កប់ទំនិញគេចពន្ធ ដោយក្នុងរថយន្ត ១គ្រឿងម ត្រូវបង់លុយ រាប់ពាន់ដុល្លារអាមេរិកក្នុង១ខែៗ
ជាថ្នូរបើកភ្លើងខៀវ មិនឲ្យមន្ត្រីគយក្រោមឱវាទ របស់ខ្លួន ត្រូវពិនិត្យ និងមិនផាកពិន័យបង់ពន្ធចូលរដ្ឋជាដើម..។

ប្រភពឲ្យដឹងទៀតថា សូម្បីអាជីវករលក់ម៉ូតូអត់ពន្ធនៅតាមទីតាំងមួយចំនួននៅទីប្រជុំជន ផ្សារអ្នកលឿង ស្រុកពាមរក៍ ក៏តម្រូវឲ្យបង់លុយដាក់ខែជូនមន្ត្រីគយចល័ត លោក ផែន ភឿន ក្នុង១ខែៗចាប់ពី ៤០០ដុល្លារទៅ ៦០០ដុល្លារ សម្រាប់ហាង ឬទីតាំងលក់ម៉ូតូអត់ពន្ធ១កន្លែង។

ប្រភពពីក្រុមឈ្មួញដឹកទំនិញពីវៀតណាម ក៏បានចោទប្រកាន់លោក ផែន ភឿន មេគយចល័ត៤ខេត្តរូបនេះថា មេគយរូបនេះកំពុងតែធ្វើឲ្យឈ្មួញ ឬពាណិជ្ជករ ទាំងអ្នករកស៊ីស្របច្បាប់ និងល្មើសច្បាប់
មិនពេញចិត្តជាខ្លាំង។ ពីព្រោះរាល់ថ្ងៃនេះ មន្ត្រីគយចល័តផ្លូវជាតិលេខ១ បានដាក់កុងត្រូលជជុះតាមផ្លូវជាតិនេះ និងប្រើរថយន្តសម្រាប់បើកដេញតាមចាប់រថយន្តដឹកផ្លែឈើ និងរថយន្តដឹកទំនិញផ្សេងៗទៀត ដោយបានគាបឲ្យឈ្មួញ ឬក្រុមអាជីវកររកស៊ីនាំចូលទំនិញដឹកតាមផ្លូវជាតិលេខ១ ពីវៀតណាមបង់លុយយ៉ាងច្រើនសន្ធឹកសន្ទាប់ទៅឲ្យក្រុមខ្លួនជាប្រចាំថ្ងៃ និងដាក់ប្រចាំខែតាមការព្រមព្រៀង ប៉ុន្តែមិនមានចេញលិខិតស្នាម ឬវិក្កយបត្រអ្វីនោះទេ។

ចំពោះបញ្ហានេះ ក្រុមឈ្មួញមួយចំនួន ដែលត្រូវមេគយចល័តផ្លូវជាតិលេខ១ បញ្ជាឲ្យមន្ត្រីជំនាញក្រោមឱវាទខ្លួនចុះគាបស៊ីលុយពីរបររកស៊ីដឹកទំនិញ បន្លែ ផ្លែឈើ រត់ពន្ធម៉ូតូ និងទំនិញផ្សេងៗទៀត នាំចូលតាមច្រកទ្វារអន្តរជាតិមួយចំនួន នៅខេត្តស្វាយរៀង, ព្រៃវែង, កណ្ដាល និង តាកែវ បានអះអាងថា ការផាកពិន័យពីពួកគេដោយមន្ត្រីគយចល័តទាំងនោះ
មិនបានចេញវិក្កយបត្រជូនពួកគាត់ឡើយ។

ងាកមកក្រុមអាជីវករតូចតាចវិញ បានឲ្យដឹងថា សម្រាប់រ៉ឺម៉កដឹកទំនិញសំពីងសំពោងចេញពីវៀតណាមឆ្លងកាត់ ទីស្នាក់ការគយចល័តនេះ ក៏ត្រូវក្រុម លោក ផែន ភឿន តម្រូវឲ្យ
បង់លុយឲ្យមន្ត្រីខ្លួនចាប់ពី ១៥០,០០០រៀលឡើងក្នុងរ៉ឺម៉ក១គ្រឿងជាដាច់ខាត។

រីឯរ៉ឺម៉កម៉ូតូដឹកបន្លែវិញគឺត្រូវ លោកគយតម្រូវឲ្យបង់លុយជូនចាប់ពី៣ទៅ ៥ម៉ឺនរៀល ក្នុងការដឹក
១ជើងៗ និងសម្រាប់រថយន្តសាំយ៉ុងដឹកបន្លែផ្លែឈើវិញ គឺត្រូវបង់លុយចាប់ពី ៨ទៅ ១៥ម៉ឺនរៀល ក្នុងរថយន្ត១គ្រឿង។

ប្រភពបន្តថា ប្រធានសាខាគយ និងរដ្ឋាករ ខេត្តព្រៃវែង នៅចំណុចផ្លូវជាតិ១ ស្ថិតក្នុងភូមិព្រែករាំង ឃុំបន្លិចប្រសាទ ស្រុកពាមរក៍ ខេត្តព្រៃវែង ក៏រងការរិះគន់ពីសំណាក់ប្រជាពលរដ្ឋថា លោកគយចាំយកតែលុយពីឡានដឹកទំនិញ ដែលចូលបង់លុយគ្មានវិក្កយបត្រនោះទេ។ ហើយថា បានបណ្ដែតបណ្តោយឲ្យឈ្មួញដឹកទំនិញគេចពន្ធ និងបង់ពន្ធមិនគ្រប់តាមរថយន្តតូចធំ និងទំនិញផ្សេងៗជាច្រើនទៀត ដោយមិនដែលឃើញ​ឆែកឆេ ឬត្រួតពិនិត្យនោះទេ ដោយឃើញតែអង្គុយចាំយកលុយពីអ្នករត់ការឡាន និងអ្នកបើកបរ
ឡានចុះចូលបង់លុយឱ្យតែប៉ុណ្ណោះ។

ត្រង់ចំណុចនេះ មជ្ឈដ្ឋានមហាជទូទៅ ក៏ដូចអង្គការសង្គមស៊ីវិល បានសំណូមពរដល់ លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងលោក គន់ ញឹម អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ជាពិសេស លោក ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ សូមមេត្តាបញ្ជូនមន្ត្រីចុះត្រួតពិនិត្យទៅលើសកម្មភាពការងារ របស់ លោក ផែន ភឿន ប្រធានគយចល័តផ្លូវជាតិលេខ១ និងបក្ខពួក ឲ្យបានឆាប់ តាមអាចអនុវត្តទៅបាននេះផង។

យ៉ាងណាក៏ដោយចុះ គេហទំព័រ “កម្ពុជាថ្ងៃនេះ” នៅមិនទាន់អាចទាក់ទង លោក ផែន ភឿន ប្រធានគយចល័តផ្លូវជាតិលេខ១ ដើម្បីបំភ្លីជុំវិញការចោទប្រកាន់ខាងលើបាននៅឡើយទេ តាមទូរស័ព្ទ និងប្រព័ន្ធតេឡេក្រាម (Telegram) នៅរសៀលថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២០៕

អត្ថបទដែលជាប់ទាក់ទង