សមត្ថកិច្ចនាំខ្លួនលោក សុវណ្ណ រិទ្ធី អគ្គនាយក TVFB ទៅកាន់តុលាការនៅរសៀលថ្ងៃនេះ ក្រោយផ្សាយព័ត៌មានញុះញង់ ពីវិធានការរបស់រាជរដ្ឋាភិបាលកម្ពុជា ការពារ COVID-19..

រាជធានីភ្នំពេញ៖ កម្លាំងនគរបាលផែនសន្តិសុខ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានសម្រេចឃាត់ខ្លួន លោក សុវណ្ណ រិទ្ធី អគ្គនាយកព័ត៌មាន TVFB កាលពីយប់ថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២០។ ហើយថា នៅរសៀលថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២០នេះ សមត្ថកិច្ច ក៏បានបញ្ជូនខ្លួន លោក សុវណ្ណ រិទ្ធី ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីបន្តនីតិវិធីទៀត។

មន្រ្តីនគរបាលជាន់ខ្ពស់ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យបណ្តាញព័ត៌មានផ្សព្វផ្សាយដឹង នៅព្រឹកថ្ងៃទី៨ ខែមេសា ឆ្នាំ២០២០នេះថា ការឃាត់ខ្លួនលោក សុវណ្ណ រិទ្ធី បានធ្វើឡើងក្រោយពីបុគ្គលរូបនេះបានផ្សព្វផ្សាយព័ត៌មានបែបញុះញង់ មានទាំងខ្លឹមផង និង LIVE វីដេអូផងតាមបណ្តាញសសង្គម ពីវិធានការ របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការទប់ស្កាត់រាលដាល និងការពារជំងឺកូវីដ-១៩COVID-19។

ទាក់ទិនបញ្ហានេះដែរ នៅរសៀលថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២០នេះ លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន ក៏បានចេញប្រកាសលុបចោលអាជ្ញាប័ណ្ណផ្សព្វផ្សាយព័ត៌មាន របស់មជ្ឈមណ្ឌលព័ត៌មាន TVFB ទាំងអស់ ដែលមាន លោក សុវណ្ណ សុខា ជាម្ចាស់ចាប់ពីថ្ងៃនេះតទៅ ដោយសារតែស្ថាប័នព័ត៌មានមួយនេះ បានផ្សព្វផ្សាយព័ត៌មាន ដែលមានចរិតញុះញង់ បង្កឲ្យប៉ះពាល់ដល់សន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពសង្គម។

លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មានបានបញ្ជាក់ក្នុងលិខិតថា «លុបប្រកាសរបស់ក្រសួងព័ត៌មាន ដែលអនុញ្ញាតឲ្យលោក សុវណ្ណ សុខា បើកដំណើរការផ្សាយគេហទំព័រឈ្មោះ www.tvfb.com.kh គេហទំព័រ www.fbtv.news និងមជ្ឈមណ្ឌលផ្សព្វផ្សាយ TVFB ដោយម្ចាស់អាជ្ញាប័ណ្ណ បានផ្សព្វផ្សាយព័ត៌មាន ដែលមានចរិតញុះញង់ បង្កឲ្យមានប៉ះពាល់ដល់សន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពសង្គម»៕

 

អត្ថបទដែលជាប់ទាក់ទង