រដ្ឋមន្ត្រីក្រសួងព័ត៌មាន លុបចោលអាជ្ញាប័ណ្ណផ្សាយព័ត៌មាន របស់ TVFB ទាំងអស់ ព្រោះផ្សាយព័ត៌មានញុះញង់អំពីវិធានការទប់ស្កាត់ជំងឺកូវីដ-១៩ របស់រាជរដ្ឋាភិបាល..

រាជធានីភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក ខៀវ កាញារីទ្ធ បានចេញប្រកាសលុបចោលអាជ្ញាប័ណ្ណផ្សព្វផ្សាយព័ត៌មាន របស់មជ្ឈមណ្ឌលព័ត៌មាន TVFB ទាំងអស់ ដែលមានលោក សុវណ្ណ សុខា ជាម្ចាស់ចាប់ពីថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២០នេះតទៅ ដោយចាត់ទុកថា ស្ថាប័នព័ត៌មានខាងលើនេះ បានផ្សព្វផ្សាយព័ត៌មាន បង្កភាពញុះញង់ បង្កឲ្យមានផលប៉ះពាល់ដល់សន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពសង្គម។

លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មានបានបញ្ជាក់ឲ្យដឹងក្នុងលិខិតថា៖ «លុបប្រកាស របស់ក្រសួងព័ត៌មាន ដែលអនុញ្ញាតឲ្យ លោក សុវណ្ណ សុខា បើកដំណើរការផ្សាយគេហទំព័រឈ្មោះ www.tvfb.com.kh គេហទំព័រ www.fbtv.news និងមជ្ឈមណ្ឌលផ្សព្វផ្សាយ TVFB ដោយម្ចាស់អាជ្ញាប័ណ្ណ នេះ បានផ្សព្វផ្សាយព័ត៌មាន ដែលមានចរិតញុះញង់ បង្កឲ្យមានផលប៉ះពាល់ដល់សន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពសង្គម»។

ព្រមជាមួយគ្នានេះ លោក សុវណ្ណ រិទ្ធី ដែលជាអគ្គនាយកព័ត៌មាន TVFB ត្រូវបានកម្លាំងនគរបាលផែនសន្តិសុខ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឃាត់ខ្លួន កាលពីយប់ថ្ងៃទី៧ ខែមេសា ឆ្នាំ២០២០។

មន្ត្រីនគរបាលជាន់ខ្ពស់ នៃស្នងការដ្ឋានរាជធានីភ្នំពេញ បានឲនយដឹងនៅព្រឹកថ្ងៃទី៨ ខែមេសា ឆ្នាំ២០២០ថា ការឃាត់ខ្លួន លោក សុវណ្ណ រិទ្ធី បានធ្វើឡើង បន្ទាប់ពីបុគ្គលរូបនេះបានផ្សព្វផ្សាយព័ត៌មានបែបញុះញង់ មានទាំងខ្លឹមផង និង LIVE វីដេអូផង តាមបណ្តាញសង្គម ស្តីអំពីវិធានការរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការទប់ស្កាត់ ការរាលដាល និងការការពារជំងឺ កូវីដ-១៩ (COVID-19) នៅក្នុងព្រះរាជាណាចក្រកម្ពុជា៕

អត្ថបទដែលជាប់ទាក់ទង