សមត្ថកិច្ចចម្រុះខេត្តព្រះសីហនុ ពង្រាយកម្លាំងត្រួតពិនិត្យការធ្វើចរាចរណ៍ តាមគោលដៅចេញចូលខេត្តនេះ..

ខេត្តព្រះសីហនុ៖ ថ្នាក់ដឹកនាំរដ្ឋបាលខេត្តព្រះសីហនុ បានអោយដឹងនៅព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០២០នេះថា កម្លាំងចម្រុះ របស់គណៈបញ្ជាការឯកភាព នៃរដ្ឋបាលខេត្តព្រះសីហនុ បានដាក់ពង្រាយកម្លាំង ដើម្បីធ្វើការត្រួតពិនិត្យ ទៅលើការធ្វើចរាចរណ៍ចេញ ចូលខេត្តនេះ ដោយយកចិត្តទុកដាក់។ ការត្រួតពិនិត្យទៅលើមធ្យោបាយធ្វើដំណើរខាងលើនេះ គឺជាការអនុវត្តន៍តាមបទបញ្ជា របស់ប្រមុខដឹកនាំរាជរដ្ឋាភិបាល ក្នុងការដាក់កំហិត លើការធ្វើដំណើរចល័ត ចេញពីខេត្តមួយ ទៅខេត្តមួយទៀត និងពីស្រុកមួយ ទៅស្រុកមួយ ដើម្បីបង្ការទប់ស្កាត់ការឆ្លងជំងឺកូវីដ-១៩ នៅកម្ពុជា។

ការដាក់កំហិតការធ្វើដំណើរនេះ បានចាប់ផ្តើមតាំងពីម៉ោង ១២យប់ថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២០ បន្តរហូតដល់ម៉ោង ១២យប់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២០។

ដោយឡែក ចំពោះការធ្វើដំណើរក្នុងមូលដ្ឋានផ្ទាល់ មិនត្រូវបានសមត្ថកិច្ច ធ្វើការហាមឃាត់នោះទេ។ ក្នុងនោះក៏មានការលើកលែងទៅលើមធ្យោបាយដឹកជញ្ជូនទំនិញ, កម្មករទៅធ្វើការរោងចក្រ, រថយន្តសង្គ្រោះ, ការធ្វើដំណើរទៅមន្ទីរពេទ្យ ឬមណ្ឌលសុខភាព ដែលនៅជិត, រថយន្តដឹកសំរាម កាកសំណល់ផ្សេងៗ និងមធ្យោបាយធ្វើការ របស់រដ្ឋ ឬកងកម្លាំងមានសមត្ថកិច្ចជាដើម៕

ដែន សីមា

អត្ថបទដែលជាប់ទាក់ទង