សម្តេច ហ៊ុន សែន អំពាវនាវឱ្យពលរដ្ឋបង្កើនការដាំដុះ និងចិញ្ចឹមជ្រូកមាន់ទាត្រី សាច់ ឱ្យបានច្រើន..

ខេត្តព្រះសីហនុ៖ តបតាមការអំពាវនាវ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ជួយជម្រុញឱ្យប្រជាពលរដ្ឋ ត្រូវខិតខំធ្វើការដាំដុះ ជំរុញផលិតកម្មកសិកម្ម និងចិញ្ចឹមសត្វរួមមាន៖ ការចិញ្ចឹមជ្រូក មាន់ ទា ត្រី និងដាំបន្លែ ដើម្បីបង្កើនបរិមាណផ្គត់ផ្គង់ឱ្យគ្រប់តាមតម្រូវការក្នុងស្រុក ឲ្យបានគ្រប់គ្រាន់នោះ។

ដើម្បីឆ្លើយតបបញ្ហាខាងលើនេះ កាលពីថ្ងៃទី១១ ខែមេសា ឆ្នាំ២០២០ លោកបណ្ឌិត ម៉ុង ឫទ្ធី ក្នុងនាមជាប្រធានគណៈកម្មាធិការទី៣ នៃព្រឹទ្ធសភា សហប្រធានក្រុមការងារជាមួយវិស័យឯកជន (ក្រុមការងារផ្នែកកសិកម្ម កសិ-ឧស្សាហកម្ម ក្រុម “ក”) និងជាស្ថាបនិកក្រុមហ៊ុនម៉ុង ឫទ្ធីគ្រុប បានរៀបចំកម្មវិធីអញ្ជើញ លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ទៅធ្វើទស្សនកិច្ចនៅតំបន់អភិវឌ្ឍន៍កសិ-ឧស្សាហកម្មកែវផុស ស្ថិតក្នុងភូមិកែវផុស ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។

គោលបំណងសំខាន់ៗនៃដំណើរទស្សនកិច្ចនេះគឺ៖

ទី១- ពិនិត្យ និងតាមដានពីវឌ្ឍនភាពនៃវិស័យកសិ-ឧស្សាហកម្ម លើគ្រប់សង្វាក់ផលិតកម្ម (រោងចក្រផលិតចំណីសត្វអឹមភិក កសិដ្ឋានចិញ្ចឹមជ្រូកតាកឹង កសិដ្ឋានពាណិជ្ជកម្មទី៤ ចំការដូងប្រេង និងរោងចក្រកែច្នៃទី១ អន្លង់ក្រពើ) និងទី២- ធ្វើការពិភាក្សារួមគ្នាក្នុងនាមរាជរដ្ឋាភិបាល និងវិស័យឯកជន ក្នុងឆន្ទៈរួមគឺ ធ្វើយ៉ាងណាបង្កើនផលិតភាពផលិតកម្មកសិកម្មធានាសន្តិសុខស្បៀងក្នុងកាលៈទេសៈ ដែលប្រទេសកម្ពុជា កំពុងតែមានវិបត្តិបណ្តាលមកពីជំងឺឆ្លងសកលកូវីដ-១៩។

តាមកម្មវិធីដែលបានគ្រោងទុក លោករដ្ឋមន្ត្រី វេង សាខុន និង លោកបណ្ឌិត ម៉ុង ឫទ្ធី បានអញ្ជើញចុះពិនិត្យ តាមទីតាំងមួយចំនួន ហើយទទួលបានព័ត៌មានដូចជា៖
១- រោងចក្រ អាចផលិតចំណីសត្វគ្រប់ប្រភេទបានប្រមាណ ៦ពាន់តោន ក្នុងមួយខែផ្គត់ផ្គងឱ្យកសិដ្ឋាន និងដៃគូរសហការចិញ្ចឹម ដោយប្រើប្រាស់វត្ថុធាតុដើមក្នុងស្រុកក្នុង ១ខែមាន៖ ពោត ៣០០០តោន កន្ទក់ និងកន្ទក់ស្រូវសាឡី ៧០០តោន កាកស្រាបៀរ ៤០០តោន និងដំឡូង១០០០តោន។

ក្រៅពីនេះ រោងចក្រក៏បាននាំចូលវត្ថុធាតុដើម ដើម្បីបំពេញឱ្យតម្រូវការខ្វះខាត។

បច្ចុប្បន្ន វត្ថុធាតុក្នុងស្រុកមានគ្រប់គ្រាន់សម្រាប់ផ្គត់ផ្គង់ឱ្យរោងចក្រ ហើយតម្លៃអាចទទួលយកបានទាំងអ្នកផលិត និងអ្នកប្រើប្រាស់។

២- កសិដ្ឋានចិញ្ចឹមជ្រូកតាកឹង៖ កសិដ្ឋានមានមេ-បាពូជចំនួន ៩ពាន់ក្បាល ក្នុង១ឆ្នាំអាចលក់កូនជ្រូកពូជជូនសហគមន៍បាន ៦០០០ក្បាល និងកូនជ្រូកសាច់ ៨០០០ក្បាល ហើយក្នុង១ខែអាចផ្គត់ផ្គង់ជ្រូកសាច់ឱ្យទីផ្សារបាន ១៤ពាន់ក្បាល អនាគតគ្រោងបង្កើនចំនួនផ្គត់ផ្គង់ជ្រូកសាច់ឱ្យទីផ្សារ ១០០០ក្បាល ក្នុងមួយថ្ងៃ។

បច្ចុប្បន្ន កសិដ្ឋានប្រើភ្លើងផលិតចេញពីលាមកជ្រូក (Biogas) អាចជួយកាត់បន្ថយថ្លៃដើមបានយ៉ាងល្អប្រសើរ។

៣- កសិដ្ឋានចិញ្ចឹមជ្រូកសាច់លើផ្ទៃដី ១០០ហ.ត បំពាក់ដោយឧបករណ៍ទំនើប ស្វ័យប្រវត្តិ ប្រព័ន្ធការពារសុវត្ថិភាព។ល។ កសិដ្ឋាននេះ មានផែនការផលិតជ្រូកសាច់ឱ្យបាន ១០០០ក្បាល ក្នុង១ថ្ងៃ សម្រាប់ផ្គត់ផ្គង់ឱ្យទីផ្សារក្នុងស្រុក។

សរុបសេចក្តីមកដំណើរបេសកកម្ម របស់លោករដ្ឋមន្ត្រី វេង សាខុន នៅថ្ងៃទី១១ ខែមេសានេះ ទទួលបានអត្ថប្រយោជន៍សំខាន់ៗជាច្រើន។ ហើយថា អត្ថប្រយោជន៍ទាំងអស់នេះ គឺជាសារដ៏សំខាន់ ដែលថ្នាក់ដឹកនាំស្ថាប័នទាំងពីរនេះ ចង់ផ្ញើជូនទៅដល់អ្នកបរិភោគ អ្នកផលិត និងវិនិយោគិន គួរត្រិះរិះពិចារណាច្បាមយកឱកាសមាសនេះ ដើម្បីរួមគ្នាធានាឱ្យបាននូវសន្តិសុខស្បៀងក្នុងកាល:ទេស: ដែលប្រទេសជាតិកំពុងជួបនូវវិបត្តិជំងឺ ឆ្លងសកលកូវីដ-១៩។

ចំពោះខ្លឹមសារសំខាន់ៗទាំងនោះ រួមមាន៖

– ក្រុមហ៊ុនផលិតចំណីសត្វ ត្រូវខិតខំប្រើប្រាស់វត្ថុធាតុដើមក្នុងស្រុកឱ្យអស់លទ្ធភាព ប្រយោជន៍ ជំរុញផលិតកម្មក្នុងស្រុក ធានាបរិមាណផ្គត់ផ្គង់ ស្តង់ដារ និងគុណភាពតាមតម្រូវការទីផ្សារ។ ឆ្លៀតយកឱកាសនេះបង្កើតកាលានុវត្តភាពឱ្យវិស័យកសិកម្ម កសិ-ឧស្សាហកម្ម បង្កើតការងារនៅមូលដ្ឋាន និងបង្កើនប្រាក់ចំណូល។

– អំពាវនាវឱ្យក្រុមហ៊ុនចិញ្ចឹមសត្វ និងផលិតចំណីសត្វ ត្រូវសហការគ្នាបង្កើនផលិតភាពផលិតកម្ម រួមគ្នាធានាឱ្យបាននូវសន្តិសុខស្បៀងទាំងពេលបច្ចុប្បន្ន ក៏ដូចជាពេលអនាគត និងជាពិសេសដើម្បីស្រូបយកកម្លាំងពលកម្មក្នុងស្រុកឱ្យអស់លទ្ធភាព។

– លើកទឹកចិត្តដល់ការវិនិយោគលើវិស័យកសិកម្មក្នុងស្រុកជាលក្ខណ:កសិដ្ឋានទំនើបបំពេញឱ្យ ខ្សែច្រវាក់ផលិតកម្ម (ចិញ្ចឹម ផលិតចំណី ផលិតវត្ថុធាតុដើម រោងចក្រកែច្នៃ ប្រើលាមកសត្វជាថាមពលផ្គត់ផ្គង់ឱ្យកសិដ្ឋាន និងផលិតជីកំប៉ុស្តិ៍) កាត់បន្ថយការនាំចូល។

– ក្រុមហ៊ុនចិញ្ចឹមសត្វ ផលិតចំណីសត្វ ក្រុមហ៊ុន ឬអាជីវករលក់ ចែកចាយសាច់សត្វ ស៊ុត ផលិតផលមានដើមកំណើតពីសត្វ លក់ចែកចាយធាតុចូលកសិកម្មផ្សេងៗទៀត មិនត្រូវឆ្លៀត ឱកាសតម្លើងថ្លៃផលិតផល ដែលនាំឱ្យប៉ះពាល់ដល់ជីវភាពអ្នកបរិភោគ។

– អ្នកបរិភោគមិនគួរបារម្ភអំពីការខ្វះខាតស្បៀង ក្រសួងសូមបញ្ជាក់ថារាជរដ្ឋាភិបាលបានបម្រុងស្បៀងទុកគ្រប់គ្រាន់ (អង្ករ ត្រី សាច់ និងបន្លែ) សម្រាប់ផ្គត់ផ្គង់ឱ្យតម្រូវការរបស់អ្នកបរិភោគ។

ឆ្លៀតយកឱកាសនេះ លោកបណ្ឌិត ម៉ុង ឫទ្ធី បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ ចំពោះដំណើរទស្សនកិច្ច របស់លោករដ្ឋមន្រ្តី និងសហការី ហើយកាន់តែពិសេសនោះ គឺនេះជាលើកទី១ ដែលលោករដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញមកធ្វើទស្សន កិច្ចនៅតំបន់កសិ-ឧស្សាហកម្មម៉ុង ឫទ្ធីកែវផុស បន្ទាប់ពី ២៦ឆ្នាំ នៃការចាប់បដិសន្ធិ។ ក្នុងនាមលោកជាសហប្រធានក្រុម “ក” លោកបណ្ឌិត ម៉ុង ប្ញទ្ធី បញ្ជាក់ថា នឹងបន្តសហការពេញលេញជាមួយក្រសួងកសិកម្ម ដើម្បីចូលរួមបង្កើតកាលានុវត្តភាពសម្រាប់វិស័យកសិកម្ម និងកសិ-ឧស្សាហកម្មទាំងពេលបច្ចុប្បន្ន និងពេលអនាគត។

ព្រមជាមួយគ្នានេះ លោករដ្ឋមន្ត្រី  វេង សាខុន ក៏បានថ្លែងអំណរគុណ ចំពោះការចំណាយពេលវេលា និងការបដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅ របស់លោកបណ្ឌិត ម៉ុង ប្ញទ្ធី និងសហការី ហើយបានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងប្រកបដោយឧត្តមគតិចូលរួមអភិវឌ្ឍវិស័យកសិកម្ម ក្នុងទិសដៅចែករំលែក និងទទួលខុសត្រូវរួមគ្នាដើម្បីធានា នូវសន្តិសុខស្បៀង កំណើន សេដ្ឋកិច្ច បង្កើតការងារ ចំណូលគ្រួសារ និងកាត់បន្ថយភាពក្រីក្រ។

យោងតាមរបាយការណ៍ របស់ក្រុមហ៊ុនស៊ីភីកម្ពុជា បានបញ្ជាក់ថា បច្ចុប្បន្នក្រុមហ៊ុននេះ អាចផ្គត់ផ្គង់ប្រចាំថ្ងៃបាន៖ មាន់ ១៥១តោន  , ជ្រូកសាច់ ២៥០០ក្បាល និងផលិតចំណីសត្វគ្រប់ប្រភេទបាន ចំនួន ១៣៧០តោន ក្នុងមួយថ្ងៃៗ៕

អត្ថបទដែលជាប់ទាក់ទង