អាជ្ញាធរក្រុងព្រះសីហនុ ចុះបង្រ្កាបទីតាំងល្បែងជល់មាន់​ដុះស្លែ១កន្លែង​ ស្ថិតក្នុងសង្កាត់លេខ១ ឃាត់ខ្លួនមនុស្ស៣នាក់

ខេត្តព្រះសីហនុ៖ កម្លាំងចម្រុះ នៃរដ្ឋបាលក្រុងព្រះសីហនុ​ បានសហការចុះបង្ក្រាបទីតាំងសង្វៀនជល់មាន់​ និងល្បែងសុីសង​(អាប៉ោង)​ ១កន្លែង​ មានទីតាំងស្ថិតនៅក្រុម២២​ ភូមិ១​ សង្កាត់លេខ១​ ក្រុងព្រះសីហនុ​ ខេត្តព្រះសីហនុ។

សកម្មភាពនេះ បានធ្វើឡើងនៅព្រឹកថ្ងៃទី១១ ខែមេសា​ ឆ្នាំ២០២០​ ដោយសមត្ថកិច្ច បានចាប់មាន់ជល់​ជាក់ស្តែងបាន ៤ក្បាល​, ម៉ូតូចំនួន​១៩គ្រឿង​ និងឃាត់មនុស្សចំនួន​ ០៣នាក់​(មនុស្សធំ២នាក់​ និងក្មេង​ម្នាក់)​ នាំយកមកសួរនាំនៅសាលាក្រុងព្រះសីហនុ។

ទាក់ទិនបញ្ហានេះ លោក អ៊ី សុខឡេង អភិបាល​ក្រុង​ព្រះសីហនុ បានដាក់បទបញ្ជាដល់សមត្ថកិច្ចពាក់ព័ន្ធ ក្រោមឱវាទ ឲ្យចុះបង្រ្កាបល្បែងសុីសងខុសច្បាប់គ្រប់ប្រភេទ នៅទូទាំងក្រុងព្រះសីហនុ​ ឲ្យអស់ជាស្ថាពរ។

ទន្ទឹមគ្នានេះ​ លោកអភិបាល ក៏បានស្នើដល់បងប្អូនប្រជាពលរដ្ឋ​ និងអ្នកសារព័ត៌មានទាំងអស់​ សូមជួយរាយការណ៍អំពីទីតាំងលេងល្បែងសុីសងគ្រប់ប្រភេទ មករដ្ឋបាលក្រុង​ព្រះសីហនុ ហើយអាជ្ញាធរនឹងរក្សាការសម្ងាត់​ជូន ដេីម្បីឈានទៅបញ្ជូនកម្លាំងចុះចាត់វិធានការចុះបង្រ្កាប ឱ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាព៕

អត្ថបទដែលជាប់ទាក់ទង