លោកឧកញ៉ា ទៀ វិចិត្រ បន្តជួយសង្គ្រោះអាយុជីវិតមនុស្ស ពីហេតុការណ៍លិចទូកក្នុងលម្ហសមុទ្រថ្មីទៀត..

ខេត្តព្រះសីហនុ៖ លោកឧកញ៉ា ទៀ វិចិត្រ ប្រធានក្រុមហ៊ុន ជី.ធី.វី.ស៊ី, ស្ពីដប៊ូត កម្ពុជា (G.T.V.C, SPEED BOAT CAMBODIA)  និងជាប្រធានសមាគមទូកទេសចរណ៍ ប្រចាំខេត្តព្រះសីហនុផងនោះ នៅថ្ងៃទី១៣ ខែមេសានេះ បានបន្តជួយសង្គ្រោះជីវិតមនុស្សចំនួន ១០នាក់ ឲ្យរួចផុតជីវិតពីហេតុការណ៍លិចទូក នៅលើលម្ហសមុទ្រ។

នៅថ្ងៃនេះភ្លាមៗ បន្ទាប់ពីទទួលបានព័ត៌មានពីការស្នើសុំជំនួយពីជនរងគ្រោះ លោកឧកញ៉ា ទៀ វិចិត្រ ក៏បានញ្ជូនអូប័រល្បឿនលឿនចំនួន ០៣គ្រឿង បំពាក់ដោយសម្ភារៈសង្គ្រោះ និងបុគ្គលិក ឲ្យចេញទៅជួយសង្គ្រោះទូកដឹកអ្នកទេសចរណ៍ ០១គ្រឿង ដែលត្រូវព្យុះភ្លៀងបោកបក់ខ្លាំង ប្រឈមនឹងការលិចលង់ នៅលើលម្ហសមុទ្រ ត្រង់ចំណុចចន្លោះកោះពស់ និងកោះថាស ខណៈពេលសមុទ្រកំពុងមានភ្លៀង ខ្យល់ និងរលកសមុទ្រធំៗ ហើយទូកក៏បានខូចម៉ាស៊ីន។ ហេតុការណ៍នេះ បានកើតឡើងនីវេលាពថ្ងៃត្រង់ថ្ងៃចន្ទ ទី១៣ ខែមេសា ឆ្នាំ២០២០នេះ។

មន្ត្រីនគរបាលទេសចរណ៍ផ្លូវសមុទ្រ នៃស្នងការដ្ឋានខេត្តព្រះសីហនុ បានឲ្យដឹងថា នៅលើទូកទេសចរណ៍ជួបគ្រោះថ្នាក់នេះ មានមនុស្សជិះចំនួន ១០នាក់។ ក្នុងនោះ មានភ្ញៀវទេសចរជនជាតិចិនចំនួន៨នាក់, អ្នកបើកទូកម្នាក់ និងអ្នកបម្រើការលើទូកម្នាក់។

បច្ចុប្បន្នទូកដឹកភ្ញៀវទេសចរណ៍រងគ្រោះ ត្រូវបានក្រុមការងារ ក្រុមហ៊ុន ជី.ធី.វី.ស៊ី របស់ លោកឧកញ៉ា ទៀ វិចិត្រ បានជួយសង្គ្រោះអ្នកជិះនៅលើទូកទាំង១០នាក់នោះ បានរួចផុតពីគ្រោះភ័យ នៅលើលម្ហសមុទ្រមានសុវត្ថិភាពវិញហើយៗ បាននាំយកមកដល់ដីគោកដោយសុវត្ថិភាពរួចហើយដែរ។

អ្នកបើកទូកដឹកអ្នកទេសចរណ៍ខាងលើ បានរៀបរាប់ឲ្យសមត្ថកិច្ចពេលឡើងមកដល់ដីគោកថា ខណៈមេឃកំពុងមានភ្លៀង ខ្យល់ និងរលកខ្លាំងៗនោះ ទូកដឹកភ្ញៀវ របស់គាត់ ក៏បានខូចម៉ាសុីន ធ្វើឲ្យរលកសមុទ្រវាយផ្ទប់ ហើយទឹកសមុទ្រក៏បានហូរចូលទូក រកលិច ចូលសមុទ្រទៅហើយ ទើបរូបគាត់ បានទាក់ទងសុំជំនួយពី លោកឧកញ៉ា ទៀ វិចិត្រ ឲ្យជួយអន្តរាគមន៍។ ហើយភ្លាមៗនោះ លោកឧកញ៉ា ក៏បានបញ្ជូនអូបរ័ល្បឿនលឿនចំនួន ០៣គ្រឿង ទៅជួយសង្គ្រោះបានទាន់ពេល។

អ្នកបើកទូកទេសចរណ៍រងគ្រោះ បន្តថា ប្រសិនបើគ្មានជំនួយទាន់ពេលពី លោកឧកញ៉ា ទៀ វិចិត្រ ជួយបញ្ជូនអូប័រល្បឿនលឿន និងបុគ្គលិក ទៅជួយសង្គ្រោះមនុស្សនៅលើទូកទាំង១០នាក់ បានឆាប់ទាន់ពេលទេ ទំនងជាជនរងគ្រោះទាំងអស់នោះ អាចនឹងជួបគ្រោះថ្នាក់ដល់អាយុជីវិតជាក់ជាមិនខាន៕

អត្ថបទដែលជាប់ទាក់ទង