គ្រោះថ្នាក់ចរាចរណ៍បង្កដោយរថយន្តធំ បានបើកបុកអ្នកជិះម៉ូតូម្នាក់ស្លាប់ តាមផ្លូវជាតិលេខ៤ ខេត្តព្រះសីហនុ

ខេត្តព្រះសីហនុ៖ មន្ត្រីនគរបាលស្រុកព្រៃនប់ បានឲ្យដឹងថា នៅម៉ោង ១៩ និង៥៥នាទី ថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២០ វេលាស្ថិតនៅភូមិអូរតាសេក ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ នៅលើផ្លូវជាតិលេខ៤ ចន្លោះបង្គោលគីឡូម៉ែត្រលេខ ២០០-២០១ មានគ្រោះថ្នាក់ចរាចរណ៍មួយករណី បានកើតឡើងបង្កដោយរថយន្ត ០១គ្រឿង ម៉ាក NISSAN DIESEL ពណ៌ស ពាក់ផ្លាកលេខ ព្រះសីហនុ 3A-9389។

រថយន្តបង្កគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ ជាកម្មសិទ្ធិ របស់លោក ស៊ុន រ៉ី បើកបរមានទិសដៅពីខេត្តព្រះសីហនុ ឆ្ពោះទៅ រាជធានីភ្នំពេញ ហើយ អ្នកបើកបរ សមត្ថកិច្ច មិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេ។

សមត្ថកិច្ច បន្តថា លុះរថយន្តបង្កខាងលើធ្វើដំណើរមកដល់ចំណុចកើតហេតុ ក៏បានរេចង្កូតមកខាងឆ្វេងដៃ រួចបុកម៉ូតូ ០១គ្រឿងម៉ាក HONDA-WAVE ពណ៌ក្រហម គ្មានផ្លាកលេខ បើកបរមាន ទិសដៅផ្ទុយគ្នា អ្នកបើកបរដោយឈ្មោះ ណាវ រឿន ភេទប្រុស អាយុ ៤៥ឆ្នាំ មានទីលំនៅភូមិ៣ សង្កាត់១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

គ្រោះថ្នាក់ចរាចរណ៍នេះ បណ្ដាលឲ្យស្លាប់មនុស្សចំនួន ០១នាក់ មានឈ្មោះ ណាវ រឿន ជាអ្នកបើកបរម៉ូតូ បានស្លាប់នៅនឹងកន្លែងកើតហេតុ។

បច្ចុប្បន្ននេះ សាកសពជនរងគ្រោះ សមត្ថកិច្ចស្រុកព្រៃនប់ កំពុងស្រាវជ្រាវរកសាច់ញាតិ ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី។ រីឯវត្ថុតាងរថយន្ត និងម៉ូតូ បាននាំយកមករក្សាទុកជាបណ្តោះ អាសន្ននៅអធិការដ្ឋាននគរបាលស្រុកព្រៃនប់។

ដោយឡែក ចំពោះអ្នកបើកបររថយន្តបង្កគ្រោះថ្នាក់ចរាចរណ៍ បានរត់គេចខ្លួនបាត់ក្រោយពេលកើតហេតុ៕

អត្ថបទដែលជាប់ទាក់ទង