ដុតទៀនធូបអបអរបុណ្យចូលឆ្នាំមិនប្រយ័ត្ន បង្កើតឲ្យមានអគ្គិភ័យឆេះផ្ទះ បង្កការភ្ញាក់ផ្អើលនៅក្រុងព្រះសីហនុ…

ខេត្តព្រះសីហនុ៖ សមត្ថកិច្ចមូលដ្ឋាន បានឲ្យដឹងព័ត៌មានបឋមថា កាលពីយប់ថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២០ មានអគ្គុភ័យឆេះផ្ទះ ប្រជាពលរដ្ឋមួយករណី បានកើតឡើងបង្កឲ្យមានការភ្ញាក់ផ្អើល នៅម៉ោង៩ និង៣០នាទីយប់ នៅម្តុំជិតវត្តអូរត្រេះ ស្ថិតក្នុងសង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា អគ្គិភ័យខាងលើនេះ បង្កឡើងដោយសារការដុតធូប និងទៀន ហើយម្ចាស់ផ្ទះមិនបានប្រុងប្រយ័ត្ន ក៏បានធ្លាក់កំទេចភ្លើងឆាបឆេះសន្ធោសន្ធៅឡើង និងបណ្ដាលឱ្យបុរសជាម្ចាស់ផ្ទះ ត្រូវភ្លើងឆេះរងរបួសធ្ងន់ បញ្ជូនទៅសង្គ្រោះបន្ទាន់ភ្លាមៗ នៅមន្ទីរពេទ្យ។

ទាក់ទិនបញ្ហានេះ សមត្ថកិច្ច បានឲ្យដឹងថា បន្ទាប់ពីបានទទួលព័ត៌មានលើករណី មានភ្លើងឆេះផ្ទះខាងលើនេះភ្លាម កម្លាំងសមត្ថកិច្ច ក៏បានបញ្ជូនរថយន្តពន្លត់អគ្គិភ័យទៅជួយសង្គ្រោះ ដើម្បីពន្លត់ភ្លើងឆាបឆេះនោះ កុំឲ្យឆេះរាលដាលទៅផ្ទះ របស់ប្រជាពលរដ្ឋដទៃទៀត ដែលមានទីតាំងនៅក្បែរកន្លែងកើតហេតុនោះ។

ពេលភ្លើងកំពុងឆេះផ្ទះ របស់ប្រជាពលរដ្ឋ កាលពីយប់មិញនេះ គេឃើញមានវត្តមាន លោក អ៊ី សុខឡេង អភិបាលក្រុងព្រះសីហនុ, លោកអធិការនគរបាលក្រុង និងលោកចៅសង្កាត់លេខ៤ជាដើម ក៏បសនបង្ហាញវត្តមាននៅកន្លែងកើតហេតុផងដែរ។

ដោយឡែក ចំពោះទំហំ នៃការខូចខាត លោក អ៊ី សុខឡេង អភិបាលក្រុងព្រះសីហនុ បញ្ជាក់ថា ឆេះផ្ទះទាំងស្រុងអស់មួយខ្នង រថយន្ត០១គ្រឿង និងម៉ូតូ០២គ្រឿង៕

អត្ថបទដែលជាប់ទាក់ទង