ព្រឹកនេះ លោកឧកញ៉ា ទៀ វិចិត្រ ចុះផ្ទាល់ជាមួយអូប័រល្បឿនលឿន៥គ្រឿងទៀត ដើម្បីជួយស្វែងរកក្មេងស្រី​វ័យ១៣​ឆ្នាំ​ម្នាក់ ដែលលង់ទឹក​សមុទ្រនៅឆ្នេរ​អូរត្រេះម្សិលមិញ..

ខេត្តព្រះសីហនុ៖ ព្រឹកនេះ លោកឧកញ៉ា ទៀ វិចិត្រ បានបញ្ចេញអូប័រល្បឿនលឿនចំនួន ៥គ្រឿង ដើម្បីចុះជួយស្វែងរកក្មេងស្រី​វ័យ ១៣​ឆ្នាំ​ម្នាក់ ដែលបាន​លង់ទឹក​សមុទ្រ  និងបាត់ខ្លួន ក្នុងអំឡុងពេល​ធហវើដំណើរទៅលេង​ទឹកសមុទ្រ ​នៅ​ឆ្នេរ​អូរត្រេះ​ កាលពីរសៀលថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២០។

លោកឧកញ៉ា ទៀ វិចិត្រ ប្រធានក្រុមហ៊ុន ជី.ធី.វី.ស៊ី, ស្ពីដប៊ូត កម្ពុជា (G.T.V.C, SPEED BOAT CAMBODIA) មានប្រសាសន៍ថា ព្រឹកនេះ រូបលោកបានរៀបចំអូប័រល្បឿនលឿនចំនួន ០៥គ្រឿងបន្ថែមទៀត ដើម្បីល្បាតរុករកក្មេងស្រី ដែលលង់ទឹកកាលពីម្សិលមិញ។

លោកឧកញ៉ា ទៀ វិចិត្រ បន្តថា សកម្មភាពស្វែងរកក្មេងស្រីរងគ្រោះខាងលើនេះ រូបលោកបានដឹកនាំដោយផ្ទាល់នៅព្រឹកនេះ ដើម្បីធ្វើយ៉ាងណាស្វែងរកសពក្មេងស្រីរងគ្រោះឲ្យទាល់តែឃើញ។

​គួររំលឹកថា ក្មេងស្រី​វ័យ ១៣​ឆ្នាំ​ម្នាក់​ ឈ្មោះ​ ហ៊ុន ម៉េង​ហ​រ័​ បាន​លង់ទឹក​សមុទ្រ​ និងបាត់ខ្លួន នៅ​ឆ្នេរ​អូរត្រេះ​ក្រុងព្រះសីហនុ កាលពី​រសៀល​ថ្ងៃទី​១៤​ ខែមេសា​ ឆ្នាំ២០២០​។ ហើយ​ថា ការបាត់​ខ្លួន​នេះ គិតមកដល់ព្រឹកថ្ងៃទី១៥ ខែមេសានេះ មិនទាន់​រក​ឃើញក្មេងស្រីរងគ្រោះ​នៅឡើយទេ។​

​ភ្លាមៗ​ក្រោយ​កើតហេតុ សមត្ថកិច្ច រួម​និង​ក្រុម​អ្នក​ជួយសង្គ្រោះ របស់លោកឧកញ៉ា ទៀ វិចិត្រ ក៏ដូចជា​គ្រួសារ​សាច់ញាតិ​ បាន​តាម​ស្វែងរក​នៅក្នុង​សមុទ្រ​ ប៉ុន្តែមិនទាន់រកឃើញទេ។

បើសាច់ញាតិ​ក្មេងស្រីរងគ្រោះ ឲ្យដឹងថា ក្មេងស្រី​រងគ្រោះ​ខាងលើ គឺជា​សិស្ស​រៀន​នៅ​សាលា​អូរ​២​ ក្រុងព្រះសីហនុ ហើយបានមកងូតលេង​ទឹកសមុទ្រ​ជាមួយ​ក្រុមគ្រួសារ។

ប្រភពបន្តថា មុនពេល​បាត់​ខ្លួន ក្មេងស្រី​រងគ្រោះ​ បាន​ហែលចូលទៅ​ជួយ​ក្មេង​តូច​ម្នាក់ទៀត​ ដែល​លង់ទឹក ដោយ​ដោះអាវ​ពោង​បោះ​ទៅឲ្យយក្មេង​ម្នាក់ទៀត ប៉ុន្តែចៃដន្យ​អាក្រក់ ក៏បានលង់ទឹក​ខ្លួនឯង​ ហើយលិចបាត់​ខ្លួន​ក្នុងទឹកសមុទ្រតែម្តង​។​

សមត្ថកិច្ច​មូលដ្ឋាន បញ្ជាក់ថា ក្មេងស្រី​រងគ្រោះ​ ឈ្មោះ​ ហ៊ុន ម៉េង​ហ​រ័ អាយុ​១៣​ឆ្នាំ ជាសិស្សសាលា​អូរ​២​ ស្ថិតក្នុងក្រុងព្រះសីហនុ។ ក្មេងស្រីថងគ្រោះ បានបាត់​ខ្លួន​ក្រោយ​លង់ទឹក​សមុទ្រ​នៅ​ឆ្នេរ​អូរត្រេះ​ ក្រុងព្រះសីហនុ ខណៈចូលមកងូតទឹកសមុទ្រ​លេងជាមួយ​ក្រុមគ្រួសារ​ នាឱកាសពិធីបុណ្យចូលឆ្នាំថ្មីឆ្នាំនេះ កាលពី​រសៀល​ថ្ងៃ​ទី១៤​ ខែមេសា​ ឆ្នាំ២០២០​។​

សមត្ថកិច្ចបន្តថា ម្តាយក្មេងស្រី​រងគ្រោះ​មាន​ឈ្មោះ បុណ្យ សុខ លីម ឪពុក​ឈ្មោះ អ៊ុយ ហ៊ុន បច្ចុប្បន្ន រស់នៅ ក្រុម​១៩ ភូមិ​៣​ សង្កាត់​លេខ​៤​ ក្រុងព្រះសីហនុ​៕
ដែន អយុធ្យា

អត្ថបទដែលជាប់ទាក់ទង