ពលរដ្ឋរស់នៅភូមិ១សង្កាត់១ ស្នើលោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ ជួយដោះស្រាយជំនន់ទឹកភ្លៀងជន់លិចផ្ទះពួកគាត់ ខណៈក្រុមហ៊ុនអានកូបានបិទផ្លូវទឹក..

ខេត្តព្រះសីហនុ៖ ប្រជាពលរដ្ឋរស់នៅក្រុម០៧, ក្រុម១០ និងក្រុម១១ ស្ថិតក្នុងភូមិ១ សង្កាត់លេខ១ ក្រុងព្រះសីហនុ​ ខេត្តព្រះសីហនុ បានឲ្យដឹងថា ផ្ទះសម្បែង របស់ពួកគាត់ ត្រូវជំនន់ទឹកភ្លៀងជន់លិច ដោយសារក្រុមហ៊ុនអានកូ បានបិទរង្វះបង្អូរទឹក នៅចុងទំនប់ ដែលក្រុមហ៊ុនធ្លាប់បានកាយបង្ហូរទឹកកខ្វក់ចេញ កាលពីថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២០។

ចំពោះបញ្ហាបិទផ្លូវទឹកនេះ កន្លងមក ប្រជាពលរដ្ឋរស់នៅមូលដ្ឋានខាងលើ បានផ្ទុះការតវ៉ាម្តងរួចមកហើយៗ កាលណោះ ក៏មានការអញ្ជើញចុះមកពិនិត្យផ្ទាល់ពី លោក សាយ​ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងអាជ្ញាធរក្រុង-ខេត្ត សង្កាត់-ភូមិ ព្រមទាំងប្រធានមន្ទីរបរិស្ថាន និងមន្ត្រីស្ថាប័នពាក់ព័ន្ធពាក់ពន្ធ័ជាច្រើនទៀត ។

ប្រជាពលរដ្ឋ ឲ្យដឹងទៀតថា កន្លងមក ខាងតំណាងក្រុមហ៊ុនអានកូ​ បានកាយរង្វះទឹក មានទំហំប្រហែល ២ម៉ែត ដើម្បីឲ្យទឹកកខ្វល់ ដែលហូរចេញពីរោងចក្រ និងផ្ទះប្រជាពលរដ្ឋ ចូលទៅក្នុងអូរ ហើយជន់ហូរហៀរ ទើបបណ្តាលឲ្យលិចលង់លំនៅដ្ឋាន របស់ប្រជាពលរដ្ឋ នៅតំបន់នោះ។ ប៉ុន្តែក្រោយពីទឹកបានស្រកបន្តិច ខាងតំណាងក្រុមហ៊ុនអានកូ ក៏បានចុះមកបិទរង្វះទឹកនោះវិញ។

ប្រជាពលរដ្ឋបន្តថា ចំពោះការបិតរង្វះទឹកមិនឲ្យហូរ របស់ក្រុមហ៊ុនអានកូនេះ បានបណ្តាលឲ្យទឹកកខ្វក់ ជន់លិចផ្ទះអ្នកភូមិសារជាថ្មីទៀតនៅពេលនេះ។

ត្រង់ចំណុចនេះ ប្រជាពលរដ្ឋរស់នៅភូមិ០១ សង្កាត់០១ ក៏បាននាំគ្នាផ្តិតមេដៃ ដាក់សំណើរជូន លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ​ ស្នើសុំចូលជួបប្រជុំពិគ្រោះយោបល់ ដើម្បីស្វែងរកដំណោះស្រាយ ពីផលប៉ះពាល់ នៃទឹកជំនន់ទឹកកខ្វល់ ជន់លិចលំនៅដ្ឋាន របស់ពួកគាត់ បណ្តាលឲ្យខូចខាតទ្រព្យសម្បត្តិ និងប៉ះពាល់សុខភាព ទាំងកុមារ និងមនុស្សចាស់ ក្នុងអំឡុងពេល ដែលប្រជាពលរដ្ឋចូលរួមពង្រឹងការថែទាំសុខភាព ទប់ស្កាត់ការឆ្លងរាលដាល នៃកូវីដ-១៩ តាមការអំពាវនាវ របស់ក្រសួងសុខាភិបាល។

ប្រជាពលរដ្ឋបន្តទៀតថា ក្នុងប៉ុន្មានថ្ងៃ នៃដើមខែមេសានេះ ខណៈមូលដ្ឋានក្រុងព្រះសីហនុ មានភ្លៀងធ្លាក់ស្ទើរជារៀងរាល់ថ្ងៃ បានបណ្តាលឲ្យផ្ទះ របស់ពួកគាត់ ត្រូវទឹកជន់លិចកាន់តែខ្លាំងឡើងថែមទៀត។

ផ្តើមពីបញ្ហានេះ កាលពីថ្ងៃសៅរ៍ ទី១១ ខែមេសា ឆ្នាំ២០២០ ក្រុមអ្នកភូមិដែលរស់នៅតំបន់ទឹកកខ្វក់ ជន់លិច បានសំរេចចិត្តនាំគ្នា ទៅកាយដីបើករង្វះទឹកនោះវិញ ដើម្បីបង្ហូរទឹកកខ្វក់នោះចេញ។​ ហើយថា ចំពោះករណីនេះ អ្នកភូមិ ក៏បានជូនដំណឹងនេះ ដល់ចៅសង្កាត់លេខ០១ និងមេភូមិ០១រួចរាល់ហើយផងដែរ។

អ្នកសម្របសម្រួលសមាគមអាដហុក ខេត្តព្រះសីហនុ អ្នកស្រី ជាប សុធារី ដែលចុះអង្កេតដល់មូលដ្ឋានមានទឹកលិចលំនៅដ្ឋានពលរដ្ឋ នៅសង្កាត់លេខ០១ បានទទួលថា ពិតជាមានករណីជំនន់ទឹកភ្លៀង បានលិចលង់ផ្ទះ របស់ប្រជាពលរដ្ឋពិតប្រាកដមែន ហើយថា ទឹកជន់លិចនេះ គឺជាទឹកកខ្វក់ថែមទៀតផង។

អ្នកឃ្លាំមើលសង្គមរូបនេះ បន្តថា  ចំពោះករណីទឹកលិចនេះ សមាគមអាដហុក ក៏បានជំរាបជូនដំណឹងនេះ ជូនដល់អាជ្ញាធរខេត្តព្រះសីហនុ ពីជំនន់ទឹកភ្លៀងជន់លិចផ្ទះ របស់ប្រជាពលរដ្ឋ នៅភូមិ០១ សង្កាត់០១ និងស្នើសុំឲ្យអាជ្ញាធរក្រុង-ខេត្តព្រះសីហនុ ឲ្យជួយអន្តរាគម​ន៍ពីដល់ពួកគាត់ឲ្យបានទាន់ពេលវេលាផង។

ជាការឆ្លើយតបកង្វល់ពលរដ្ឋ ថ្នាក់ដឹកនាំរដ្ឋបាលខេត្តព្រះសីហនុ ក៏បានចាត់ឲ្យមន្រ្តីសាលាក្រុងព្រះសីហនុ – ចៅសង្កាត់លេខ១ និងមេភូមិ១ ចុះមកពិនិត្យមើលស្ថានភាពនៃការលិចលង់ផ្ទះសម្បែង របស់ប្រជាពលរដ្ឋ ហើយលោកចៅសង្កាត់, មេភូមិ និងមន្រ្តីសាលាក្រុងព្រះសីហនុ បានឃើញស្ថានភាព នៃទឹកកខ្វក់នេះ ពិតជាបានជន់លិចផ្ទះអ្នកភូមិ ពិតប្រាកដមែន។

យ៉ាងណាក៏ដោយចុះ ពេលនេះ អ្នកភូមិ ក៏បាននាំគ្នាកាយរង្វះទឹកចាស់​ បង្ហូរទឹកកខ្វក់ចេញ ដោយមិនបានប៉ះពាល់ទំនប់ របស់ក្រុមហ៊ុនអានកូ​ទេ។

ប្រជាពលរដ្ឋបន្តថា ក្នុងរយៈពេល០៣ថ្ងៃ នៃពិធីបុណ្យចូលឆ្នាំខ្មែរឆ្នាំនេះ ទឹកភ្លៀងនៅតែបន្តធ្លាក់មករាល់យប់ ទើបបណ្តាលឲ្យបរិមាណទឹកនៅតែជន់លិចផ្ទះ របស់ពួកគាត់ មិនទាន់ស្រកចុះឡើយ។

ត្រង់ចំណុចនេះ ក្រុមអ្នកភូមិ បានសំណូមពរដល់ថ្នាក់ដឹកនាំ រដ្ឋបាលក្រុង-ខេត្តព្រះសីហនុ និងក្រសួងពាក់ព័ន្ធ មេត្តាជួយរកដំណោះស្រាយជូនប្រជាពលរដ្ឋពួកគាត់ ឲ្យបានឆាប់ ដោយអនុគ្រោះផង៕ ដោយ៖ អ្នកស្រី សុធារី

អត្ថបទដែលជាប់ទាក់ទង