សម្តេច ហ៊ុន សែន រំលឹកដល់ប្រជាពលរដ្ឋ ឲ្យបន្តប្រុងប្រយ័ត្នជំងឺកូវីដ-១៩

រាជធានីភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍ថា ទោះបីពេលនេះ ប្រទេសយើង គ្មានការដាក់បម្រាមហាមឃាត់តឹងតែងក្នុងការធ្វើដំណើរពីខេត្តមួយទៅកាន់ខេត្តមួយក្តី ក៏ប៉ុន្តែបងប្អូនប្រជាពលរដ្ឋ ត្រូវតែមានការប្រុងប្រយ័ត្ន និងយកចិត្តទុកដាក់ខ្ពស់ ចំពោះសុវត្ថិភាពសុខភាព របស់ខ្លួន ជាប្រចាំ។ ហើយត្រូវចងចាំគ្រប់ពេលថា ជំងឺឆ្លងកូវីដ-១៩ គឺជាជំងឺឆ្លងរាត្បាតដ៏កាចសាហាវបំផុត ដែលក្នុងតែមួយប៉ព្រិចភ្នែកប៉ុណ្ណោះវាអាចបង្កវិនាសកម្មបានយ៉ាងឆាប់រហ័សបំផុត។

សម្តេចតេជោ បន្តថា មកទល់ពេលនេះ ជំងឺកូវីដ-១៩ មិនទាន់មានថ្នាំលេប ឬចាក់ ដើម្បីព្យាបាលនៅឡើយទេ។

សម្តេច ហ៊ុនសែន បានក្រើនរំលឹកដូច្នេះ រួចបានអំពាវនាវដល់ បងប្អូនប្រជាពលរដ្ឋ ត្រូវយកជាប់ជាមួយ នូវម៉ាស, ទឹកអាល់កុល ឬជិលសម្លាប់មេរោគ និងបាក់តេរី ហើយឧស្សាហ៍ដុសលាងសម្អាតដៃឲ្យបានជាប្រចាំ ដើម្បីកុំឲ្យមានការសោកស្តាយធ្លាក់មកលើខ្លួនយើង និងក្រុមគ្រួសារយើឲ្យសោះ ដោយសារតែការធ្វេសប្រហែស និងមើលស្រាល ជំងឺឆ្លងកូវីដ-១៩។

សម្តេចប្រមុខដឹកនាំ បញ្ជាក់ថា យើងចូលរួមទប់ស្កាត់ការឆ្លងរាលដាលមេរោគកូវីដ-១៩ ដោយស្តាប់តាមការណែនាំ របស់ក្រសួងសុខាភិបាល ឲ្យបានទាំងអស់គ្នា ដើម្បីជៀសផុតមិនឲ្យឆ្លងជំងឺកូវីដ-១៩៕

អត្ថបទដែលជាប់ទាក់ទង