នគរបាលស្រុកព្រៃនប់ បន្តចុះបំបែកសំណុំរឿងគ្រឿងញៀន ទទួលលទ្ធផលវិជ្ជមាន..

ខេត្តព្រះសីហនុ៖ អធិការនគរបាលស្រុកព្រៃនប់ លោក ហួរ យ៉ៃ បានឲ្យដឹងថា កាលពីវេលាម៉ោង ០៩ និង៣០នាទីព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០២០នេះ កម្លាំងនគរបាលប៉ុស្តិ៍អូរឧកញ៉ា ហេង បានសហការណ៍ជាមួយកម្លាំងនគរបាលប៉ុស្តិ៍បឹងតាព្រហ្ម និងកម្លាំងនគរបាលជំនាញគ្រឿងញៀន នៃអធិការដ្ឋាននគរបាលស្រុកព្រៃនប់ បានចុះចាប់មុខសញ្ញាចែកចាយគ្រឿងញៀនមួយករណី ដោយបានឃាត់ខ្លួនជនសង្ស័យចំនួន ០១នាក់ នៅចំណុចភូមិបត់គគីរស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

លោកអធិការបន្តថា ជនសង្ស័យខាងលើនេះ មានឈ្មោះ និន សុផល ហៅ សុខ ភេទប្រុស អាយុ៥៦ឆ្នាំ រស់នៅភូមិអូរចំណារ ឃុំអូរឧញ៉ាហេង។ ហើយថា ពេលឃាត់ខ្លួននោះ សមត្ថកិច្ច បានរកឃើញសារធាតុញៀនចំនួន០១កញ្ចប់។

លោក ហួរ យ៉ៃ ឲ្យដឹងទៀតថា ក្រោយមកទៀត សមត្ថកិច្ចជំនាញ ក៏បាននាំខ្លួនជនសង្ស័យ ដើម្បីទៅឆែកផ្ទះកំពុងរស់នៅស្ថិតក្នុងភូមិអូរចំណារ ក៏បានបន្តរកឃើញមានសារធាតុញៀនចំនួន ០៤កញ្ចប់ថែមទៀត រួមទាំងដែកកេះ, សម្ភារជក់គ្រឿងញៀន, ថង់ច្រកទុយោមួយចំនួន និងម៉ូតូ០១គ្រឿង ម៉ាក FUTUR ពណ៌ខ្មៅគ្មានស្លាកលេខ។

បច្ចុប្បន្នជនសង្ស័យខាងលើនេះ កំពុងត្រូវបានសមត្ថកិច្ចជំនាញគ្រឿងញៀន បន្តសាកសួរ ដើម្បីស្រាវជ្រាវរកមុខសញ្ញាបទល្មើសបន្ត មុននឹងឈានទៅកសាងបញ្ជូនសំណុំរឿងទៅកាន់សាលាដំបូងខេត្តព្រះសីហនុបន្តនីតិវិធីច្បាប់៕

អត្ថបទដែលជាប់ទាក់ទង