សម្តេច ហ៊ុន សែន អំពាវនាវដល់ប្រជាពលរដ្ឋ ត្រូវរួមគ្នាទប់ស្កាត់បង្ការកុំឲ្យឆ្លង មេរោគកូវីដ-១៩

រាជធានីភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអំពាវនាវដល់ប្រជាពលរដ្ឋ ឲ្យប្រុងប្រយ័ត្នរាល់វិនាទី និងជារៀងរាល់ថ្ងៃ ដើម្បីកុំឲ្យឆ្លងមេរោគកូវីដ-១៩ មកដល់ខ្លួនឯង និងក្រុមគ្រួសារ។ សម្តេច មានប្រសាសន៍ថា សូមបងប្អូនជនរួមជាតិចងចាំ និងយកចិត្តទុកដាក់ខ្ពស់បំផុតចំពោះសុខភាព ដែលជាអាយុជីវិតផ្ទាល់ របស់បងប្អូន ប្តីប្រពន្ឋ កូនចៅ និងក្រុមគ្រួសារ ក្នុងស្ថានភាព ដែលប្រទេសជាតិយើងកំពុងប្រយុទ្ធប្រឆាំងកម្ចាត់ជំងឺឆ្លងកូវីដ-១៩។

សម្តេចតេជោ បន្តថា សូមបងប្អូនប្រជាពលរដ្ឋ យកជាប់តាមខ្លួនរាល់ពេលធ្វេីដំណេីរ នូវម៉ាស​ ទឹកអាល់កុល និងជឹលសម្លាប់មេរោគ និងបាក់តេរីផ្សេងៗ។

បងប្អូនត្រូវប្រេីម៉ាសពាក់ការពារគ្រប់ទីកន្លែង និងត្រូវដុសលាងសម្អាតដៃមុនពេលប៉ះពាល់ និងក្រោយពេលប៉ះពាលក់របស់របរ ឬវត្ថុអ្វីមួយនៅតាមទីផ្សារ និងតាមទីធ្លាសាធារណៈ ដែលយើងមិនដឹងថា តើរបស់របរនិងសម្ភារៈទាំងនោះត្រូវបានប៉ះពាល់ដោយអ្នកមានមេរោគឆ្លងកូវីដ-១៩ឬទេ។

សម្តេចតេជោ ហ៊ុន សែន រំលឹកដល់ប្រជាពលរដ្ឋ ដូច្នេះ រួចបន្តអំពាវនាវថា យេីងការពារខ្លួនកុំនាំយកមេរោគឆ្លងទៅគេ និងសូមកុំនាំមេរោគពីគេមកយើង និងទៅកាន់ក្រុមគ្រួសារ ហេីយត្រូវមានអនាម័យសុខភាពខ្ពស់ជាប្រចាំ ហើយត្រូវស្តាប់តាមការណែនាំ របស់ក្រសួងសុខាភិបាលជានិច្ច៕

អត្ថបទដែលជាប់ទាក់ទង