មន្ត្រីឧទ្យានុរក្សនៃក្រសួងបរិស្ថាន ចុះផ្សព្វផ្សាយ និងហាមពលរដ្ឋមិនឱ្យប្រមូលផលផ្លែសំរ៉ង តាមវិធីរំលំដើមទៀតទេ

ខេត្តស្ទឹងត្រែង៖ មន្ត្រីឧទ្យានុរក្ស នៃឧទ្យានជាតិវីរ:ជ័យ ភូមិសាស្ត្រខេត្តស្ទឹងត្រែង ចំនួន ០៥នាក់ បានចុះល្បាតក្នុងឧទ្យានជាតិវីរ:ជ័យ និងផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ ដែលចូលព្រៃប្រមូលផលផ្លែសំរ៉ង ដោយហាមមិនឱ្យប្រមូលផលតាមវិធីរំលំដើម ដូចកាលពីពេលមុនៗទៀតទេ។

ការណែនាំនេះ ធ្វើឡើងកាលពីថ្ងៃទី២១ ខែមេសា ឆ្នាំ២០២០។

មន្ត្រីឧទ្យានុរក្ស នៃឧទ្យានជាតិវីរ:ជ័យ បានឲ្យដឹងថា ការប្រមូលផ្លែសំរ៉ង គឺមានតាំងពីដូនតាមក ដោយប្រើប្រាស់ជាលក្ខណៈគ្រួសារតែប៉ុណ្ណោះ ហើយការប្រមូលផល គឺធ្វើឡើងតាមរបៀបរើសយកផ្លែ ពេលសំរ៉ងទុំជ្រុះ។ លុះមកដល់អំឡុងឆ្នាំ១៩៩៩ ផ្លែសំរ៉ង ក៏ចាប់ផ្តើមមានតម្រូវការទីផ្សារខ្ពស់ ជាហេតុធ្វើឱ្យប្រជាជនមានការកាប់រំលំដើម ដើម្បីប្រមូលបានផ្លែឲ្យបានច្រើនទាន់ចិត្ត ដោយមិនរង់ចាំវាជ្រុះ បណ្តាលឱ្យដើមសំរ៉ងធំៗកាន់តែថយចុះពីមួយឆ្នាំទៅមួយឆ្នាំ។

ត្រង់ចំណុចនេះ មន្ត្រីឧទ្យានុរក្ស ក៏ធ្លាប់បានផាកពិន័យលើជន ដែលកាប់ផ្តួលរំលំដើមសំរ៉ងផងដែរ នាពេលកន្លងមក។

ទាក់ទិនបញ្ហានេះ ក្រសួងបរិស្ថាន ក៏បានផ្សព្វផ្សាយថា ផ្អែកតាមការផ្តល់ព័ត៌មានពីគណៈកម្មការសហគមន៍តំបន់ការពារធម្មជាតិអូរទុង បានបញ្ជាក់ថា ទីផ្សារ ផ្លែសំរ៉ង មានលក្ខណៈងាយស្រួលបំផុត ពោលគឺដល់រដូវប្រមូលផល មានឈ្មួញក្នុងស្រុកមកចាំប្រមូលទិញនៅក្នុងសហគមន៍តែម្តង ដែលមានតម្លៃចន្លោះពី ៣៥០០០រៀលទៅ ៤៥០០០រៀល ក្នុងមួយគីឡូក្រាម ដោយអាស្រ័យទៅតាមគុណភាពនៃផ្លែសំរ៉ង។

ត្រង់ចំណុចនេះ ថ្នាក់ដឹកនាំ ក្រសួងបរិស្ថាន ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ ត្រូវចូលរួមថែរក្សាដើមសំរ៉ង ប្រយោជន៍ដើម្បីរក្សាចំណូលប្រជាពលរដ្ឋ នៅសហគមន៍នីមួយៗ៕

អត្ថបទដែលជាប់ទាក់ទង