អាណាព្យាបាលសិស្សរៀននៅសាលាផារ៉ាហ្គន ផ្ទុះការតវ៉ាខណៈសាលានេះ បានតម្លើងថ្លៃសិក្សាខ្ពស់

រាជធានីភ្នំពេញ៖ អាណាព្យាបាលសិស្សានុសិស្ស រៀននៅសាលាផារ៉ាហ្គន (Paragon International School) បានប្រមូលផ្តុំគ្នាធ្វើការតវ៉ា នៅមុខបរិវេណសាលារៀននេះ ដលម្បីស្នើសុំឱ្យបញ្ចុះថ្លៃសិក្សា ឆ្នាំ២០២០
និងឆ្នាំ២០២១ ចំពោះសិស្សគ្រប់កម្រិតឱ្យបាន ៣០ភាគរយ ក្នុងករណីសិក្សាតាមអនឡាញ។ បន្ថែមលើនេះ អាណាព្យាបាល ក៏ស្នើពន្យារពេលបិទបញ្ចប់ការចុះឈ្មោះចូលរៀន ឆ្នាំ២០២០ និង ឆ្នាំ២០១២១ រហូតដល់មាន
ការប្រកាសពី រាជរដ្ឋាភិបាល ឬក្រសួងអប់រំយុវជននិងកីឡា អំពីការចាប់ផ្ដើមសាជាថ្មី នូវកម្មវិធីសិក្សាតាមសាលារៀន និងពង្រឹងគុណភាពការសិក្សាតាមអនឡាញ។

ការតវ៉ានេះ មានអាណាព្យាបាល ឬមាតាបិតាសិស្សជាង១០០នាក់ ដោយធ្វើឡើងនៅព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២០ នៅមុខសាលារៀនផារ៉ាហ្គន ផ្ទាល់ រាជធានីភ្នំពេញ។

សាលា ផារ៉ាហ្គន គឺមានម្ចាស់ដើមជា ជនជាតិតួគី ដោយពីមុនសាលានេះ មានឈ្មោះថា ហ្សាម៉ាន់ ហើយបានប្តូរឈ្មោះថ្មី ថា ផារ៉ាហ្គន និងមានទីតាំងនៅក្បែរ ស្ថានទូតរុស្ស៊ី ជាប់ផ្សារទំនើបអ៊ីអន១ ខណ្ឌចម្ការមន រាជធានីភ្នំពេញ។

យោងតាមលិខិតរបស់អាណាព្យាបាលសិស្សដាក់ជូនទៅ ប្រធានក្រុមប្រឹក្សាភិបាល និងថ្នាក់ដឹកនាំសាលាផារ៉ាហ្គន បានឱ្យដឹងថា ក្នុងនាមមាតាបិតា និងអាណាព្យាបាលសិស្សទាំងអស់ សូមថ្លែងអំណរគុណចំពោះកិច្ចខិតខំប្រឹងប្រែងរបស់សាលា ដែលបានរៀបចំដាក់ឱ្យដំណើរការសិក្សាតាម អនឡាញ ដើម្បីបន្តការសិក្សាដល់សិស្សានុសិស្សក្នុងដំណាក់កាល
នៃការរីករាលដាល ជំងឺកូវីដ-១៩ ទោះបីជាប្រសិទ្ធភាពជាក់ស្ដែងនៅមានកម្រិតមិនទាន់ដូចជាការរៀនសូត្រផ្ទាល់នៅសាលាក្តី។ យើងខ្ញុំក៏ទទួលបានសេចក្តីជូនដំណឹងអំពីតារាងថ្លៃសិក្សា ឆ្នាំ២០២០-២០២១ របស់សាលា ដែលមានការដំឡើងថ្លៃខ្ពស់ បើធៀបនឹងការសិក្សា ឆ្នាំ២០១៩-២០២០ ក្នុងខណៈពេលស្ថានភាពសេដ្ឋកិច្ចជាសកល និងស្ថានភាពសេដ្ឋកិច្ចគ្រួសារកំពុងតែធ្លាក់ចុះយ៉ាងខ្លាំងនោះ។

អាណាព្យាបាលបន្តថា យើងខ្ញុំទាំងអស់គ្នាបានមូលមតិស្នើសុំមិនឲ្យតម្លើងថ្លៃសិក្សាសម្រាប់ឆ្នាំ២០២០-២០២១ ចំពោះសិស្សគ្រប់កម្រិត បញ្ចុះថ្លៃសិក្សា ៣០ភាគរយ ក្នុងករណីសិក្សាតាមអនឡាញពន្យារពេលបិទបញ្ចប់ ការចុះឈ្មោះចូលសិក្សា ឆ្នាំ២០២០ និង ឆ្នាំ២០២១ រហូតដល់មានប្រកាសពី រាជរដ្ឋាភិបាល ឬក្រសួងអប់រំយុវជននិងកីឡា អំពីការចាប់ផ្ដើមសាជាថ្មីកម្មវិធីសិក្សាតាមសាលា និងពង្រឹងគុណភាពការសិក្សាតាម អនឡាញ។

យ៉ាងណាក៏ដោយចុះ នៅព្រឹកថ្ងៃទី២២ ខែមេសានេះ មិនទាន់មានការឆ្លើយតបបែបណាទេ ដោយតំណាងសាលាផារ៉ាហ្គន បានត្រឹមចេញមកទទួលយកលិខិតស្នើសុំ របស់អាណាព្យាបាល ហើយបានស្នើទុកពេលពិចារណា
មុននឹងមានការឆ្លើយតប។ ប៉ុន្តែចំពោះអាណាព្យាបាល ដែលមកបង់ថ្លៃសាលាមិនទាន់ពេលវេលានោះ គឺខាងសាលា នឹងលើកការអនុគ្រោះ។

ដោយឡែក មន្ត្រីក្រសួងអប់រំយុវជន បានបញ្ជាក់ឲ្យដឹងនៅរសៀលថ្ងៃទី២២ ខែមេសានេះថា ក្រសួងមិនទាន់បានទទួលដំណឹងខាងលើនេះទេ។ ប៉ុន្តែក្រសួងអប់រំ មានសិទ្ធិក្នុងការស្របសម្រួល។

មន្ត្រីក្រសួងអប់រំបន្តថា ចំពោះការផ្ទុះការតវ៉ា ទៅលើការតម្លើងថ្លៃសិក្សានៅសាលាផារ៉ាហ្គននេះសំខាន់ គឺអាណាព្យាបាលសិស្ស និងសាលា ត្រូវជជែកគ្នា ក្នុងកម្រិតណាមួយ ឲ្យបានសមស្របអាចទទួលយកបានទាំងអស់គ្នា ពីព្រោះបញ្ហាសេដ្ឋកិច្ចនេះ វា
កើតមានឡើងនៅទូទាំងពិភពលោក ដោយសារបញ្ជា ជំងឺកូវីដ-១៩៕

អត្ថបទដែលជាប់ទាក់ទង