សាលាដំបូងរាជធានីភ្នំពេញ បន្តចាត់ការលើសំណុំរឿងប្រើប្រាស់គ្រឿងញៀន នៅមជ្ឈមណ្ឌលកម្សាន្តរ៉ុកជាបន្តទៀត..

រាជធានីភ្នំពេញ៖ សាលាដំបូងរាជធានីភ្នំពេញ បានបន្តចំណាត់ការអនុវត្តច្បាប់ដាក់ទោសលើក្រុមជនប្រព្រឹត្តគ្រឿងញៀន នៅមជ្ឈមណ្ឌលកម្សាន្តរ៉ុកបន្ថែមទៀត ក្រោយករណីមួយទើបនឹងប្រកាសសាលក្រមរួច ដោយតុលាការ កាលពីចុងខែកុម្ភៈ ឆ្នាំ២០២០នេះ។

យោងតាមសេចក្តីប្រកាសព័ត៌មាន របស់សាលាដំបូងរាជធានីភ្នំពេញ ចុះថ្ងៃទី២០ ខែមីនា ឆ្នាំ២០២០ ដែលបណ្តាញសារព័ត៌មាន ទើបទទួលបាននៅថ្ងៃទី២២ ខែមេសានេះ បានបញ្ជាក់ថា សាលាដំបូងកំពុងស៊ើបសួរ លើសំណុំរឿងមួយករណីទៀត ដែលបានប្រព្រឹត្តទៅនៅចំណុចមជ្ឈមណ្ឌលកម្សាន្តរ៉ុកនោះដែរ។ ហើយថា សំណុំរឿងនេះ ចៅក្រមស៊ើបសួរកំពុងសួរចម្លើយ អ្នក ពាក់ព័ន្ធ, ប្រមូលភស្តុតាងនានា និងត្រៀមបញ្ជូនទៅជំនុំជំរះក្នុងពេលឆាប់ៗខាងមុខនេះ។

សេចក្តីប្រកាសព័ត៌មានរបស់សាលាដំបូងរាជធានីភ្នំពេញដដែល បានបញ្ជាក់ថា កន្លងមកនេះ គឺនៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២០ សាលាដំបូងរាជធានីបានប្រកាសសាលក្រម នៃសំណុំរឿងព្រហ្មទណ្ឌលេខ ១៣១៥ ដែលមានជនជាប់ចោទចំនួន ៣៤នាក់ ត្រូវបានចោទប្រកាន់ពីបទ ចាត់ចែងឲ្យប្រើប្រាស់ដោយខុសច្បាប់ នូវសារធាតុញៀន, ប្រើប្រាស់ដោយសុខច្បាប់ នូវសារធាតុញៀន, សមគំនិតក្នុងអំពើប្រើប្រាស់ដោយ ខុសច្បាប់ នូវសារធាតុញៀន ដែលប្រព្រឹត្តនៅចំណុចមជ្ឈមណ្ឌលកម្សាន្តរ៉ុក ស្ថិតនៅលើមហាវិថីព្រះមុនីវង្ស សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ កាលពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៩។

សំណុំរឿងនេះ តុលាការ បានសម្រេចផ្តន្ទាទោសជនជាប់ចោទម្នាក់ៗដាក់ពន្ធនាគារ ចន្លោះពី ១ឆ្នាំ ៦ខែ ដល់៤ឆ្នាំ និងពិន័យជាប្រាក់ចាប់ពី ៣លានរៀល ដល់ ៨លានរៀល។

នេះបើតាមសេចក្តីប្រកាសព័ត៌មាន របស់សាលាដំបូងរាជធានីភ្នំពេញ ដែលគេហទំព័រ “កម្ពុជាថ្ងៃនេះ” ទើបទទួលបាន នៅរសៀលថ្ងៃទី២២ ខែមេសា ឆ្នាំ២០២០នេះ។

ទាក់ទិនសំណុំរឿងគ្រឿងញៀនជិត ៥០គីឡូ នៅមជ្ឈមណ្ឌលរ៉ុកនេះដែរ តុលាការ ក៏បានផ្តន្ទាទោស លោក គិត ធាង ដាក់ពន្ធនាគារចំនួន ៤ឆ្នាំ។

ត្រង់ចំណុចនេះ សាធារណជន ក៏ដូចជាប្រជាពលរដ្ឋ បានបញ្ចេញទស្សនរិះគន់ និងហួសចិត្ត ចំពោះ សាលក្រម របស់ សាលាដំបូងរាជធានីភ្នំពេញ ដែលកាត់ទោស លោក គិត ធាង ម្ចាស់ទីតាំងអាជីវកម្ម រ៉ក់ អ៊ិនធើធេនមេន សិនធើ ឲ្យជាប់ពន្ធនាគាររយៈពេល ៤ឆ្នាំ ពាក់ព័ន្ធករណីគ្រឿងញៀនជិត ៥០គីឡូក្រាម ក្រោមបទចាត់ចែងសម្រួលឲ្យមានការប្រើប្រាស់ដោយខុសច្បាប់ នូវសាធាតុញៀន និងបទសមគំនិត។

ការប្រកាសសាលក្រមផ្តន្ទាទោសនេះ បានធ្វើឡើង កាលពីព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០២០។

លោក គិត ធាង ត្រូវបានតុលាការសម្រេចឃុំខ្លួន កាលពីរសៀលថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៩ ដោយ លោក សេង លាង ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ។

លោក គិត ធាង ត្រូវបានសមត្ថកិច្ចចាប់ខ្លួនតាមដីកា របស់សាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៩ រួចនាំខ្លួនទៅកាន់ស្នងការនគររាជធានីភ្នំពេញ ដើម្បីសាកសួរ។

យោងតាមរបាយការណ៍ របស់សមត្ថកិច្ច បញ្ជាក់ថា កិច្ចសន្យាចំនួន ២លើក ដែលលោក គិត ធាង បានធ្វើជាមួយអាជ្ញាធរមានសមត្ថកិច្ចនាពេលកន្លងមករួមមាន៖ លើកទី១- ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៨ និងលើកទី២- នៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០១៩។

កិច្ចសន្យានោះ លោក គិត ធាង បានសន្យាថា “មិនអនុញ្ញាតអោយមានការជួញដូរ ចែកចាយ និងប្រើប្រាស់គ្រឿងញៀន នៅក្នុងទីតាំងអាជីវកម្ម និងសុខចិត្ត អោយអាជ្ញាធរមានសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ បិទអាជីវកម្មទាំងស្រុង និងទទួលខុសត្រូវតាមច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀនព្រមទាំងច្បាប់ផ្សេងៗទៀត។

ទោះជាបានធ្វើកិច្ចសន្យាចំនួនពីរដងរួចមកហើយក្តី ក៏នៅក្នុងមជ្ឈមណ្ឌលកម្សាន្តរ៉ុក របស់លោក គិត ធាង នៅតែមានការជួញដូរ ចែកចាយ និងប្រើប្រាស់គ្រឿងញៀនកើតឡើងដដែល។

ជាក់ស្តែងកាលពីយប់រំលងអាធ្រាតឈានចូលថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ ២០១៩ កន្លងមកនេះ អាជ្ញាធរមានសមត្ថកិច្ច បានចុះទៅបង្ក្រាបជាទ្រង់ទ្រាយធំនៅក្នុងមជ្ឈមណ្ឌលកម្សាន្តរ៉ុក និងបានដករហូតថ្នាំញៀនជិត ៥០គីឡូក្រាម រួមទាំងឃាត់ខ្លួនមនុស្សចំនួនជាង៣០០នាក់។ ក្នុងនោះ គឺមានជនសង្ស័យចំនួន ៣០នាក់ មានជនជាតិខ្មែរចំនួន១៧នាក់ និងជនជាតិចិនចំនួន ១៣នាក់៕

ដោយ៖ ដែន អយុធ្យា

អត្ថបទដែលជាប់ទាក់ទង