ប្រទេសថៃ បានអនុគ្រោះឲ្យពលរដ្ឋខ្មែរ បន្តស្នាក់នៅ និងធ្វើការជាបណ្តោះអាសន្ន ក្នុងស្ថានភាពនៃជំងឺកូវីដ-១៩

រាជធានីភ្នំពេញ៖ ស្ថានទូត​ របស់ព្រះរាជាណាចក្រកម្ពុជា ប្រចាំព្រះរាជាណាចក្រថៃ បានចេញសេចក្តីជូនដំណឹង ស្តីពីការអនុគ្រោះ របស់រាជរដ្ឋាភិបាលថៃ ដល់ពលរដ្ឋកមហពុជា ឲ្យបន្តការស្នាក់នៅ និងធ្វើការជាបណ្តោះអាសន្ន នៅក្នុងស្ថានភាព​ នៃជំងឺកូវីដ-១៩​ (COVID-19)នេះ។

ស្ថានទូតថៃ បញ្ជាក់ថា ដើម្បី​ជួយសម្រួលដល់​បងប្អូន​ប្រជាពលរដ្ឋខ្មែរ ដែលជាប់គាំងនៅក្នុងប្រទេសថៃ ដោយសារការរឹតត្បិត​នៃការធ្វើដំណើរ​ទាំងផ្លូវគោក និងផ្លូវអាកាស ក្នុងសកម្មភាពទប់ស្កាត់​ការរីករាលដាល​ នៃជំងឺកូវីដ-១៩ រាជរដ្ឋាភិបាលថៃ បានផ្តល់ការអនុគ្រោះដូចជា៖

១- ប្រជាពលរដ្ឋខ្មែរ រួមទាំងពលករ ដែលអស់សុពលភាព​ស្នាក់នៅ ចាប់ពីថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២០ ត្រូវបានអនុញ្ញាត​ឲ្យបន្តស្នាក់នៅ ដោយស្វ័យប្រវត្តិ រហូតដល់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២០ ដោយពុំមានការផាកពិន័យលើការស្នាក់នៅ​លើសកំណត់ ( Over Stay ) ប៉ុន្តែ​មិនអនុញ្ញាត​ឲ្យ​ធ្វើការនោះទេ​។

២- ពលករខ្មេរ ដែលនិយោជក បានបញ្ជូនបញ្ជីឈ្មោះទៅក្រសួង ឬមន្ទីរការងារ​ក្រុង-ខេត្តរបស់ថៃ តាមរយៈប្រព័ន្ធ​អនឡាញរួចរាល់ ត្រឹមថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០ អាចបន្តធ្វើការ​ជាបណ្តោះអាសន្ន​ រហូតដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០​។

៣- បងប្អូន​ប្រជាពលរដ្ឋខ្មែរ ដែលត្រូវ​ទៅបង្ហាញខ្លួន​ក្នុងរយៈពេល ៩០ថ្ងៃ ក្នុងចន្លោះថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២០ ដល់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២០ មិនតម្រូវ​ឲ្យទៅបង្ហាញខ្លួននោះទេ រហូតដល់​មាន​ការជូនដំណឹង​ជាថ្មីឡើងវិញ​។

ជាមួយនឹងសេចក្តីជូនដំណឹងខាងលើនេះ ស្ថានទូតកម្ពុជា ក៏បានចេញសេចក្តីជូនដំណឹង ចុះថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២០នេះ ប្រកាសអំពាវនាវ​ដល់បងប្អូន​ប្រជាពលរដ្ឋខ្មែរទាំងអស់ នៅក្នុងប្រទេសថៃ មេត្តាបន្តចូល​រួមសហការ​អនុវត្ត​វិធានការ​នានា និងបម្រាមគោលចរ​ ដែលដាក់ចេញ​ដោយរាជរដ្ឋាភិបាលថៃ ឲ្យមានប្រសិទ្ធភាព និងសូមរក្សាសុខភាព​អនាម័យ ដើម្បីបង្ការ និង​ទប់ស្កាត់​ការរីករាលដាល នៃជំងឺកូវីដ-១៩ ឲ្យបានទាំងអស់គ្នា៕

អត្ថបទដែលជាប់ទាក់ទង