អ្នកជំងឺកូវីដ-១៩នៅខេត្តព្រះសីហនុ ព្យាបាលជាសះស្បើយជិតអស់ហើយ នៅសល់ម្នាក់ប៉ុណ្ណោះ..

ខេត្តព្រះសីហនុ៖ ក្រុមគ្រូពេទ្យជំនាញ ដែលប្រចាំការព្យាបាលអ្នកជំងឺកូវីដ-១៩ នៅខេត្តព្រះសីហនុ មានប្រសាសន៍ថា អ្នកជំងឺទាំង៣៩នាក់ ដែលរកឃើញឆ្លងជំងឺនេះចុងក្រោយ បានព្យាបាលជាសះស្បើយជិតអស់ហើយ ពោលគឺនៅសល់បុរសជនជាតិខ្មែរម្នាក់ទៀតតែប៉ុណ្ណោះ។

គ្រូពេទ្យបញ្ជាក់ថា អ្នកជំងឺកូវីដ-១៩ ដែលបានជាសះស្បើយ គឺពួកគាត់ ក៏បានវិលត្រឡប់ទៅកាន់លំនៅដ្ឋាន និងប្រទេសកំណើតរៀងៗខ្លួនវិញអស់ហើយដែរ។

យ៉ាងនេះក្តី ថ្នាកដឹកនាំរដ្ឋបាលខេត្តព្រះសីហនុ និងក្រុមគ្រូពេទ្យ បានបន្តក្រើនរំលឹក ដល់ប្រជាពលរដ្ឋ រស់នៅក្នុងមូលដ្ឋាននេះ ឲ្យបន្តបង្កើនការប្រុងប្រយ័ត្នដើម្បីបង្ការ កុំឲ្យឆ្លងវីរុសផ្លូវដង្ហើមនេះជាថ្មីទៀត។

ក្រុមគ្រូពេទ្យឲ្យដឹងបន្តទៀតថា ចំពោះអ្នកជំងឺ ដែលសម្រាកព្យាបាលនៅខេត្តព្រះសីហនុលើកក្រោយនេះ មានចំនួន៣៩នាក់ (ជនជាតិខ្មែរ៣នាក់ និងជនជាតិបារាំង៣៦នាក់)។

គ្រូពេទ្យបន្តថា បើគិតត្រឹមល្ងាចថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២០នេះ អ្នកជំងឺកូវីដ-១៩ ដែលសម្រាកព្យាបាលនៅខេត្តព្រះសីហនុ បានជាសះស្បើយចំនួន ៣៨នាក់ (ខ្មែរ២នាក់ និងបារាំង៣៦នាក់)។

ក្រុមគ្រូពេទ្យបានឲ្យដឹងទៀតថា បុរសជនជាតិខ្មែរម្នាក់ ដែលកំពុងសម្រាកព្យាបាលចុងក្រោយនេះ អាចនឹងជាសះស្បើយក្នុងពេលឆាប់ៗនេះ។

គួរបញ្ជាក់ថា អ្នកជំងឺកូវីដ-១៩ ដែលសម្រាកព្យាបាលនៅខេត្តព្រះសីហនុ សរុបមានចំនួន៤០នាក់។ ក្នុងនោះមានជនជាតិចិនម្នាក់ ដែលបានរកឃើញឆ្លងជំងឺនេះមុនគេបានជាសះ, ជនជាតិបារាំង ៣៦នាក់ ក៏បានជាសះស្បើយ និងជនជាតិខ្មែរ៣នាក់ បានព្យាបាលជាសះស្បើយចំនួន២នាក់ ហើយនៅសល់បុរសខ្មែរម្នាក់ទៀត ក៏កំពុងទទួលការព្យាបាលពីសំណាក់ក្រុមគ្រូពេទ្យដោយយកចិត្តទុកដាក់ផងដែរ៕ ដោយ៖ ដែន អយុធ្យា

អត្ថបទដែលជាប់ទាក់ទង