ក្រសួងសុខាភិបាល រំលឹកជាថ្មីទៀត កុំឲ្យប្រជាពលរដ្ឋភ្លេចខ្លួន ចំពោះជំងឺកូវីដ-១៩

រាជធានីភ្នំពេញ៖ ថ្នាក់ដឹកនាំក្រសួងសុខាភិបាលកម្ពុជា បានរំលឹកជាថ្មីទៀតដល់ប្រជាពលរដ្ឋកុំឲ្យភ្លេចខ្លួន ចំពោះជំងឺកូវីដ-១៩ ព្រោះវាអាចឆ្លងគ្រប់វិនាទី ប្រសិនបើធ្វេសប្រហែស និងមិនការពារខ្លួនឲ្យបានត្រឹមត្រូវទេ។

ត្រង់ចំណុចនេះ លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានអំពាវនាវដល់ប្រជាពលរដ្ឋនៅទូទាំងប្រទេសកម្ពុជា សូមកុំឲ្យភ្លេចខ្លួន ឬធ្វេសប្រហែសមិនប្រយ័ត្ន ចំពោះជំងឺកូវីដ-១៩ឲ្យសោះ ព្រោះនឹងអាចឆ្លងជំងឺនេះគ្រប់ពេលវេលា។

លោកស្រីបន្តថា ទោះបីចំនួន ១១ថ្ងៃជាប់ៗគ្នាកន្លងមកនេះ ប្រទេសកម្ពុជា ពុំបានរកឃើញករណីឆ្លងជំងឺកូវីដ-១៩ (COVID-19) ថ្មីណាមួយកើតឡើងក៏ដោយចុះ ក៏ប្រជាពលរដ្ឋគ្រប់ៗរូបមិនត្រូវធ្វេសប្រហែសនោះទេ។

លោកស្រី យក់ សម្បត្តិ អំពាវនាវដូច្នេះ ធ្វើឡើងនៅក្នុងកិច្ចប្រជុំគណៈកម្មការអន្ដរក្រសួងលើកទី៣ ស្ដីពីការងារឆ្លើយតបការរាតត្បាត នៃជំងឺកូវីដ-១៩ រៀបខំឡើងនៅទីស្ដីការក្រសួង កាលពីព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២០នេះ ដោយមានវត្តមាន លោក ម៉ម ប៊ុនហេង រដ្ឋមន្ដ្រីក្រសួងសុខាភិបាល ចូលរួមផង។

នាឱកាសនោះ លោកស្រី យក់ សម្បត្តិ បញ្ជាក់ថា “បងប្អូនប្រជាពលរដ្ឋយើងមួយចំនួនហាក់ដូចជាភ្លេចខ្លួន ដោយមានអ្នកខ្លះរហូតដល់មានការរាប់ថយក្រោយ (Coundown) ករណីជំងឺកូវីដ-១៩ នៅព្រះរាជាណាចក្រកម្ពុជា ដែលទង្វើនេះ គឺពុំត្រឹមត្រូវនោះទេ” ។

ទាក់ទិនបញ្ហានេះ ក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសព័ត៌មាន កាលពីព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២០ថា ពុំមានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ថ្មីទៀតទេ នៅក្នុងរយៈពេល ១១ថ្ងៃ ជាប់គ្នាកន្លងមកនេះ។

ក្រសួងសុខាភិបាលបញ្ជាក់ថា អ្នកជំងឺ ដែលកំពុងសម្រាកព្យាបាលជំងឺកូវីដ-១៩ សរុប នៅសល់១២នាក់ទេ ក្នុងចំណោមអ្នកឆ្លងសរុបចំនួន១២២នាក់ ក្នុងនោះ បានព្យាបាលជាសះស្បើយសរុបចំនួន១១០នាក់៕ ដោយ៖ ទូច សត្យា

អត្ថបទដែលជាប់ទាក់ទង