សម្តេច ហ៊ុន សែន ផ្ញើសារជូនពរបងប្អូនសាសនិកខ្មែរឥស្លាមកម្ពុជា បានចូលបួសខែរ៉ម៉ាឌន

រាជធានីភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍ផ្ញើសារតាមបណ្តាញសង្គមហ្វេសប៊ុកផេក របស់សម្តេចថា ក្នុងនាមរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ខ្ញុំនិងភរិយាសូមអបអរសាទរ និងសូមជូននូវពរជ័យ សិរីសួស្ដី សុភមង្គល បវរមហាប្រសើរ ជូនដល់បងប្អូនសាសនិកខ្មែរឥស្លាមកម្ពុជា ក្នុង និងក្រៅប្រទេស រួមទាំងបងប្អូនសាសនិកឥស្លាមនៅទូទាំងពិភពលោកផងដែរ ដែលបានចូលបួសខែរ៉ម៉ាឌន ដែលនៅកម្ពុជានឹងចាប់ផ្ដើមនៅថ្ងៃសុក្រ​ ទី១ ខែរ៉ម៉ាឌន ឆ្នាំ១៤៤១ មូហាំម៉ាត់សករាជ ត្រូវនឹងថ្ងៃទី៣កើត ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស.២៥៦៣ ដែលត្រូវនឹងថ្ងៃទី២៤ ខែមេសា ឆ្នាំ ២០២០។

ខ្ញុំសូមផ្ញើនូវក្តីនឹករលឹក និង អរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះបងប្អូនខ្មែរឥស្លាមកម្ពុជា ដែលបានចូលរួមថែរក្សា សុខសន្តិភាព ហើយមានជំនឿជឿជាក់លើការដឹកនាំរបស់ខ្ញុំ និង របស់គណបក្សប្រជាជនកម្ពុជា តាំងពីដើមរៀងមក រួមនឹង ប្រជាជនកម្ពុជា។

ជាមួយគ្នានេះ ខ្ញុំក៏សូមអធ្យាស្រ័យសុំការយោគយល់ពីបងប្អូនសាសនិកខ្មែរឥស្លាម ដែលត្រូវលុបកម្មវិធីជួបជុំស្រាយបួសរ៉ាម៉ាឌនថ្នាក់ជាតិលើកទី៧ ដែលបានគ្រោងថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២០ ការផ្អាកការថ្វាយបង្គំនៅតាមវិហារ​ ស៊ូរ៉ាវ​ ការជួបជុំលក្ខណៈសាសនា និង សុំបន្តការអនុវត្តតាមសារាចរណែនាំពីវិធីបង្ការទប់ស្កាត់ជំងឺកូវីដ-១៩ ក៏ដូចជាសេចក្តីណែនាំ របស់ចាងហ្វាង នៃគណៈដឹកនាំជាន់ខ្ពស់ នៃសាសនាឥស្លាមកម្ពុជា ទៅតាមគោលការណ៍ របស់រាជរដ្ឋាភិបាល បើទោះបីនៅក្នុងប្រទេសកម្ពុជាយើង ហាក់មានសភាពធូរស្រាល ប៉ុន្តែយើងមិនត្រូវភ្លេចខ្លួន និង ធ្វេសប្រហេស មើលស្រាលដល់ជំងឺដ៏កាចសាហាវនេះឡើយ គឺត្រូវរួមគ្នាការពារជាប់ជានិច្ច។

ខ្ញុំសូមបួងសួង​ សុំឲ្យបងប្អូនទាំងអស់ ទទួលបាន នូវសេចក្តីសុខស្លាម៉ាត់ ករុណារ៉ោះម៉ាត់ និង ចំរើនញ្ហរ៉កាត់គ្រប់ៗគ្នាពីព្រះអល់ឡោះ​ និង សុំឱ្យព្រះអល់ឡោះ ទទួលយកនូវកុសលផលបុណ្យ ខែបួសរ៉ម៉ាឌន ទាំងអស់ដែលបងប្អូនបានប្រតិបត្តិ សាងឡើងកុំបីអាក់ខានឡើយ៕

អត្ថបទដែលជាប់ទាក់ទង