ក្រសួងបរិស្ថាន នឹងប្រើយន្តការផ្លូវច្បាប់ ទៅលើអង្គការសមាគមធ្វើការងារបរិស្ថាន ដែលមិនបានចុះបញ្ជី និងធ្វើទង្វើខុសច្បាប់

រាជធានីភ្នំពេញ៖ ថ្នាក់ដឹកនាំក្រសួងបរិស្ថាន បានព្រមានធ្ងន់ៗ ចំពោះអង្គការសង្គមស៊ីវិល និងសមាគមមួយចំនួននៅ ក្នុង តំបន់ការពារធម្មជាតិដែលមិនបានចុះបញ្ជីត្រឹមត្រូវ ហើយថែមទាំងបានប្រព្រឹត្ត នូវទង្វើខុសច្បាប់យ៉ាងអនាធិបតេយ្យ នៅក្នុងតំបន់ការពារធម្មជាតិដែលស្ថិតនៅក្រោមដែនសមត្ថកិច្ច របស់ក្រសួងបរិស្ថាន។

ចំពោះបញ្ហានេះ ក្រសួងបរិស្ថាន បានព្រមានថា នឹងប្រើប្រាស់យន្តការផ្លូវច្បាប់ ដើម្បីដោះស្រាយ ប្រសិនបើក្រុមអង្គការ និងសមាគមមួយចំនួនខាងលើនេះ មិនត្រូវបញ្ឈប់សកម្មភាពល្មើសច្បាប់ របស់ខ្លួននោះទេ។

ក្រសួងបរិស្ថាន បានព្រមាននៅក្នុងសេចក្តីថ្លែងការណ៍ចុះថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២០ថា ក្រសួងគ្មានជម្រើសអ្វីក្រៅពីការអនុវត្តច្បាប់ ជាពិសេសច្បាប់ស្តីពីតំបន់ការពារ​ធម្មជាតិ ដើម្បីទប់ស្កាត់ និងបញ្ឈប់សកម្មភាពអនាធិបតេយ្យ ក្នុងតំបន់​ការពារធម្មជាតិដែល ស្ថិ​តក្នុងដែនសមត្ថកិច្ច របស់ក្រសួង។

សារព្រមានប្រើយន្តការផ្លូវច្បាប់នេះ របស់ក្រសួងបរុស្ថាន គឺបានធ្វើឡើង​បន្ទាប់ពីក្រសួងនេះ បានពិនិត្យឃើញថា មានអង្គការមិនមែនរដ្ឋាភិបាល និងសមាគមមួយ​ចំនួន ដែលពុំបានចុះបញ្ជី ឬកិច្ចព្រមព្រៀងត្រឹមត្រូវតាមច្បាប់ បាននិងកំពុងធ្វើសកម្មភាព​អនាធិបតេយ្យនៅក្នុងតំបន់ការពារធម្មជាតិ។

ត្រង់ចំណុចនេះ ក្រសួងបរិស្ថាន បានចាត់ទុកសកម្មភាពល្មើសខាងលើនេះ ថាជាសកម្មភាព​បំពានច្បាប់យ៉ាងគឃ្លើន ក្រោមស្លាកជាអ្នកស្រឡាញ់បរិស្ថាន និងធនធានធម្មជាតិ។

យ៉ាងនេះក្តី ក្រសួងបរិស្ថាន ក៏បានបានបញ្ជាក់ថា ក្រសួងគ្មានផលប្រយោជន៍​អ្វីទៅប្រឆាំងនឹងអ្នកស្រឡាញ់ និងចូលរួមការពារធនធានធម្មជាតិឡើយ។ ប៉ុន្តែតម្រូវឱ្យមាន​ការគោរពច្បាប់ជាធរមាន និងធ្វើសកម្មភាពស្របតសមច្បាប់កំណត់ ហើយដោយស្មោះត្រង់ក្នុង​ភាពជា​ដៃគូ។

បន្ថែមលើនេះក្រសួងបរិស្ថាន ក៏បានថ្លែងការស្វាគមន៍ជាថ្មីទៀត ចំពោះអង្គការ​មិនមែនរដ្ឋាភិ​បាល ឬសមាគម ដែលបានចុះបញ្ជី និងកិច្ចព្រមព្រៀងត្រឹមត្រូវស្របតាមនីតិវិធីច្បាប់ ក្នុងការ​ចូលរួមការពារ និងអភិរក្សធនធានធម្មជាតិ ដើម្បីបុព្វហេតុសម្បត្តិធម្មជាតិ របស់សង្គមជាតិទាំងអស់គ្នា៕

ប្រភព៖ AKP

អត្ថបទដែលជាប់ទាក់ទង