ក្រសួងសុខាភិបាល៖ យើងអាចភ្លេចកូវីដ-១៩ ប៉ុន្តែកូវីដ-១៩ មិនភ្លេចយើងទេ

រាជធានីភ្នំពេញ៖ លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល មានប្រសាសន៍នៅព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២០ថា រាល់វិធានការនានា ដែលដាក់ចេញដោយរាជរដ្ឋាភិបាល ក្រសួងសុខាភិបាល ក៏ដូចជាក្រសួង ស្ថាប័នពាក់ព័ន្ធ ដើម្បីការពារការឆ្លងវីរុសកូវីដ-១៩ នៅតែបន្តអនុវត្តយ៉ាងខ្ជាប់ខ្ជួន បើទោះបីជាពុំមានករណីឆ្លងជំងឺនេះ ចំនួន១៣ថ្ងៃជាប់ៗគ្នាបែបណាក្តី។

លោកស្រីវេជ្ជបណ្ឌិតបន្តថា “យើងពុំទាន់អាចបន្ធូរដៃបាននៅឡើយទេ ថ្វីត្បិតតែបងប្អូនប្រជាពលរដ្ឋយើងមួយចំនួន លោកហាក់ដូចជាបានវិលទៅរកជីវភាពរស់នៅប្រចាំថ្ងៃ របស់លោកវិញជាធម្មតាក៏ពិតមែន ក៏ប៉ុន្តែវិធានការការពារ និងវិធានការនានា នៅមានសុពលភាព នៅតែអនុវត្តជាធរមាននៅឡើយ។ ខ្ញុំសូមបញ្ជាក់ថា ស្ថានភាពរបស់យើងនៅពេលនេះគឺស្ថិតក្នុងភាពផុយស្រួយណាស់ ថ្វីត្បិតតែកម្ពុជាយើង ពុំមានរកឃើញករណីឆ្លងវីរុសកូវីដ-១៩ថ្មី រយៈពេលជាង១០ថ្ងៃ មកហើយនេះ។ ហើយការព្យាបាលជាសះស្បើយក៏កាន់តែមានច្រើនឡើងៗក៏ពិតមែន ប៉ុន្តែយើងពិនិត្យឃើញថា ប្រទេសជិតខាង របស់យើង គឺជំងឺកូវីដ-១៩នេះ កំពុងវ៉ៃលុកនៅឡើយ។ ចំណែកឯប្រទេសដ៏ទៃទៀតនៅលើពិភពលោក ក៏កំពុងស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរនៅឡើយដែរ។ ដូច្នេះ ប្រសិនបើយើងមិនបន្ត នូវវិធានការការពារ ឬក៏បន្ធូរដៃ នោះប្រទេសកម្ពុជាយើងអាចនឹងត្រូវវ៉ៃលុកសារជាថ្មីឡើងវិញ។ សូមបងប្អូនចងចាំថា យើងអាចភ្លេចកូវីដ-១៩ ប៉ុន្តែកូវីដ-១៩ ពុំដែលភ្លេចយើងទេ។ ដូចនេះ រាល់វិធានការនានា ជាពិសេសនោះគឺវិធានការ ឬក៏បទបញ្ជាដ៏ខ្ពង់ខ្ពស់បំផុត ដែលដាក់ចេញដោយប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា គឺត្រូវតែអនុវត្តជាបន្តទៀត ដើម្បីការពារខ្លួនយើង គ្រួសារយើង និងប្រទេសជាតិរបស់យើង ពីវីរុស ដ៏កាចសាហាវនេះ” ។

លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន ឲ្យដឹងដូច្នេះ រួចបន្ថែមថា ក្រសួងសុខាភិបាល នឹងបន្តសហការជាមួយដៃគូពាក់ព័ន្ធទាំងអស់ ជាពិសេសគឺអង្គការសុខភាពពិភពលោក មុននឹងមានវិធានការ ដែលត្រូវដាក់ចេញថ្មីបន្តទៀត ដើម្បីការពារការរីករាលដាលជំងឺនេះ នៅប្រទេសកម្ពុជា។

បន្ថែមលើនេះ លោកស្រីវេជ្ជបណ្ឌិត ក៏បានអំពាវនាវជាថ្មីទៀត សូមប្រជាពលរដ្ឋកម្ពុជាទាំងអស់ កុំធ្វេសប្រហែស និងត្រូវតែបន្តអនុវត្តវិធានការការពារកុំឲ្យឆ្លងជំងឺកូវីដ-១៩ ជាបន្តទៀត។

សូមបញ្ជាក់ថា គិតត្រឹមម៉ោង ០៧ព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២០ ក្រសួងសុខាភិបាល បានប្រកាសថា មានករណីព្យាបាលជាសះស្បើយ ពីជំងឺកូវីដ-១៩ ចំនួន០៧នាក់ថ្មីទៀត ដែលធ្វើឱ្យករណីព្យាបាលជា សះស្បើយបានកើនដល់ចំនួន១១៧នាក់ ក្នុងចំណោមអ្នកជំងឺសរុប ១២២នាក់ នៅទូទាំងប្រទេសកម្ពុជា។

ក្រសួងសុខាភិបាលបញ្ជាក់ថា អ្នកជំងឺកូវូដ-១៩ ដែលកំពុងសម្រាកព្យាបាល ជំងឺនេះ នៅសល់ត្រឹម ០៥នាក់តែប៉ុណ្ណោះ៕

អត្ថបទដែលជាប់ទាក់ទង