នគរបាលខេត្តព្រះសីហនុ នឹងចុះអនុវត្តអនុក្រឹត្យថ្មី ផាកពិន័យអ្នកបើកបរមិនគោរពច្បាប់ក្នុងតម្លៃខ្ពស់ នៅថ្ងៃទី០១ ខែឧសភាតទៅ..

ខេត្តព្រះសីហនុ៖ ព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២០នេះ នៅស្នងការនគរបាលខេត្តព្រះសីហនុ បានបើកកិច្ចប្រជុំជាមួយ មន្ត្រីស្នងការរង, អធិការនគរបាលក្រុង-ស្រុក និង មន្ត្រីនគរបាលជំនាញផ្នែកចរាចរណ៍ ដើម្បីដាក់ចេញបទបញ្ជាលើការអនុវត្តន៍អនុក្រឹត្យថ្មី ក្នុងច្បាប់ចរាចរណ៍ផ្លូវគោក ដែលនឹងចាប់ផ្តើមអនុវត្តន៍ នៅថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២០តទៅ។

នាឱកាសនោះ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ មានប្រសាសន៍ថា យុទ្ធនាការខាងលើនេះ នឹងត្រូវអនុវត្តន៍ព្រមៗគ្នានៅទូទាំងប្រទេស ដើម្បីការអនុវត្តន៍អនុក្រឹត្យថ្មី(លេខ៣៩)ខាងលើនេះ។

លោក ជួន ណារិន្ទ បន្តថា ជាការសម្រេច របស់ថ្នាក់ជាតិ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ដែលបច្ចុប្បន្ននៅមិនទាន់ធូរស្រាលនៅឡើយនោះ គឺអនុក្រឹត្យថ្មីនេះ តម្រូវឲ្យកងកម្លាំងនគរបាលចរាចរណ៍ មានសិទ្ធិផាកពិន័យទៅលើអ្នកបើកបរយានយន្ត ផ្ទុយនឹងច្បាប់ចរាចរណ៍ ក្នុងតម្លៃខ្ពស់ជាងពេលមុន។

ឧទាហរណ៍ដូចជា៖ អ្នកជិះម៉ូតូមិនពាក់មួកសុវត្ថិភាព ត្រូវពិន័យជាប្រាក់ចំនួន ០៦មុឺនរៀល, អ្នកបើកបរបណ្តើរប្រើប្រាស់ទូរស័ព្ទបណ្តើរដោយគ្មានឧបករណ៍ជំនួយសម្លេង ដែលគេគិតថាអាចមានបទល្មើសនេះកើតឡើងច្រើន ត្រូវពិន័យជាប្រាក់ចំនួន ០៨មុឺនរៀល, អ្នកជិះម៉ូតូបង្ហោះ ឬជ្រែតាមផ្លូវ បែបទំនើង ត្រូវពិន័យជាប្រាក់ចំនួន ១០មុឺនរៀល ហើយក្នុងករណីមានការតដៃជាមួយសមត្ថកិច្ចដោយហឹង្សា ឬការបង្កហេតុមួយធ្ងន់ធ្ងរ អ្នកពាក់ពន្ធ័នឹងចាប់បញ្ជូនទៅផ្តន្ទាទោសតាមច្បាប់៕

ប្រភព៖ ហ៊ុយ ប៊ុនឡេង

អត្ថបទដែលជាប់ទាក់ទង