ឧកញ៉ា ទៀ វិចិត្រ បន្តនាំយកសត្វអណ្តើកសមុទ្រធំមួយក្បាលទៀត លែងចូលសមុទ្រដើម្បីអភិរក្ស..

ខេត្តព្រះសីហនុ៖ លោកឧកញ៉ា ទៀ វិចិត្រ ប្រធានក្រុមហ៊ុន ជី.ធី.វី.ស៊ី, ស្ពីដបូតកម្ពុជា (G.T.V.C, SPEED BOAT CAMBODIA) បានបន្តនាំយកសត្វអណ្តើកសមុទ្រធំមួយក្បាលទៀត យកទៅលែងឲ្យរស់នៅក្នុងសមុទ្រធម្មជាតិវិញ ដើម្បីធ្វើការអភិរក្សឲ្យសត្វកម្រប្រភេទនេះសម្បូរ៍បែបឡើងវិញ។

លោកឧកញ៉ា ទៀ វិចិត្រ មានប្រសាសន៍ថា សត្វអណ្តើកសមុទ្រមួយក្បាលនេះ មានទម្ងន់ជាង ១០គីឡូក្រាម។ ហើយនេះ ក៏ជាការនាំយកសត្វអណ្តើកសមុទ្រយកទៅលែងចូលសមុទ្រលើកទី១១៥  របស់លោក ដែលសរុបអាចមានអណ្តើកសមុទ្រ ទាំងតូចទាំងធំមានចំនួនរាប់រយពាន់ក្បាល ត្រូវ បាននាំយកទៅលែង ឲ្យរស់នៅក្នុងសមុទ្រធម្មជាតិវិញ។

នាឱកាសនោះដែរ លោកឧកញ៉ា ទៀ វិចិត្រ ក៏បានថ្លែងអំណរគុណដល់បងប្អូនប្រជានេសាទសមុទ្រមួយចំនួន ដែលជាបន្តបន្ទាប់មកនេះ បានចូលរួមសហការផ្តល់សត្វអណ្តើកសមុទ្រ ជូនរូបលោក ក្រោយពេលពួកគាត់ ធ្វើនេសាទបាន ឬចាប់បាន ដើម្បីនាំយកទៅលែង ឲ្យរស់នៅក្នុងសមុទ្រធម្មជាតិវិញ។

ព្រមជាមួយគ្នានេះ លោកឧកញ៉ា ទៀ វិចិត្រ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទូទៅ ជាពិសេសអ្នកនេសាទសមុទ្រ សូមជួយការពារអភិរក្សសត្វអណ្តើកសមុទ្រ ឲ្យបានទាំងអស់គ្នា ប្រយោជន៍ដើម្បីរួមគ្នាថែរក្សាការពារសត្វកម្រមួយប្រភេទនេះ ឲ្យបានគង់វង្ស ឬមានចំនួនកើនច្រើននៅប្រទេសកម្ពុជា នៃយើង៕ ដោយ៖ ដែន សីមា

អត្ថបទដែលជាប់ទាក់ទង