រដ្ឋបាលខេត្តព្រះសីហនុ បន្តទទួលជំនួយបរិក្ខាពេទ្យពីក្រុមហ៊ុនជាតិ-អន្តរជាតិ ដើម្បីប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩
ខេត្តព្រះសីហនុ៖ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានថ្លែងអំណរគុណ ចំពោះទឹកចិត្តសប្បុរសធម៌ របស់តំណាងក្រុមហ៊ុនជាតិ-អន្តរជាតិមួយចំនួន ដែលបានបន្តនាំយកសម្ភារបរិក្ខាពេទ្យ និងថវិកា មកផ្តល់ជូនរដ្ឋបាលខេត្តព្រះសីហនុ ដើម្បីរួមចំណែក ក្នុងការងារប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ នៅក្នុងមូលដ្ឋានជាប់ឆ្នេរសមុទ្រមួយនេះ។
លោក គួច ចំរើន ថ្លែងអំណរគុណដូច្នេះ បានធ្វើឡើងកាលពីព្រឹកថ្ងៃចន្ទ ទី២៧ ខែមេសា ឆ្នាំ២០២០ នាឱកាសទទួលជំនួយមនុស្សធម៌ពីតំណាងក្រុមហ៊ុន JIANG SU CHANG ZHOU SHUN DE GROUP CO.LTD ដែលបាននាំយកម៉ាស់ចំនួន ២០.០០០សន្លឹក, សម្លៀកបំពាក់ពេទ្យ ៣០០ឈុត និងស្រោមដៃពេទ្យ ១.០០០គូ មកផ្តល់ជូនរដ្ឋបាលខេត្តព្រះសីហនុ ទុកសម្រាប់បម្រើការងារទប់ស្កាត់ជំងឺកូវីដ-១៩។
ដោយឡែកនៅថ្ងៃដដែលនេះដែរ លោក សាន ហេង អគ្គនាយកក្រុមហ៊ុន ហេង សម្បត្តិ និងលោកស្រី បានឧបត្ថម្ភថវិកាចំនួន ១៥.០០០$ (មួយមុឺនប្រាំពាន់ដុល្លារអាមេរិក) មកផ្តល់ជូនរដ្ឋបាលខេត្តនេះ ដេីម្បីបំរើឱ្យការងារប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ នៅខេត្តព្រះសីហនុ៕ ដោយ៖ ដែន សីមា

