ចាប់ពីថ្ងៃទី១ ខែឧសភាតទៅ, អ្នកបើកបរលើ​ដងផ្លូវ ត្រូវយក​ឯកសារ​យាន​យន្ត​ច្បាប់ដើម តាម​ខ្លួន​ជាប់​ជានិច្ច​..

រាជធានី​ភ្នំពេញ​៖មន្ត្រីនគរបាល​ចរាចរណ៍នៅ​ទូទាំងប្រទេស នឹង​ចាប់​អនុវត្ត​ច្បាប់​ផាកពិន័យ​បទល្មើស​ចរាចរណ៍​ មានចំនួនប្រាក់កពិន័យខ្ពស់ ចាប់ពីថ្ងៃទី​០១​ ខែឧសភា​ ឆ្នាំ២០២០តទៅ។

ទាក់ទិនបញ្ហានេះ ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បានសេចក្តីជូនដំណឹង​ជម្រាបជូនដល់​ប្រជាពលរដ្ឋ ជាពិសេស​អ្នកបញ្ជា​យានយន្ត​នៅលើ​ដងផ្លូវ ត្រូវយក​ឯកសារ​យាន​យន្ត​ច្បាប់ដើម មកតាម​ខ្លួន​ជាប់​ជានិច្ច​។​

ចំពោះការអនុវត្តច្បាប់នេះ ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ នឹង​ប្រើប្រាស់​កម្លាំង​ជាង​ ១​ពាន់​នាក់ ដើម្បី​ចេញ​ប្រតិបត្តិ​ការអនុវត្ត​រឹតបន្តឹង ស្តីពី​ច្បាប់ចរាចរណ៍ផ្លូវគោក ដែល​គ្រោង​នឹង​ចាប់ ផ្តើម​នៅ​ថ្ងៃទី​០១ ខែឧសភា ឆ្នាំ​២០២០ នៅក្នុង​រាជធានី​ភ្នំពេញ រហូតដល់​ទៅ​៤៧​គោលដៅ អនុវត្ត​ទាំងយប់​ទាំង​ថ្ងៃ ដើម្បី​សំដៅ​កាត់បន្ថយ​អត្រា​គ្រោះថ្នាក់​ចរាច​ណ៍នៅកម្ពុជាឲ្យថយចុះចំនួន។​

​តាម​សេចក្តីជូនដំណឹង របស់ ស្នងការ​នគរបាល​ក្រុងភ្នំពេញ ចុះថ្ងៃទី២៩ ខែមេសា បាន​បញ្ជាក់ថា ឯកសារ​ដែល​អ្នកបើកបរ ត្រូវដាក់​តាម​ខ្លួន​ជាប្រចាំ នៅពេល​បើកបរ​រួមមាន៖

១- ប័ណ្ណបើកបរ (​ច្បាប់ដើម​)

២- លិខិត​អាជីវកម្ម ចំពោះ​ក្រុមហ៊ុន (​ច្បាប់ដើម​)។

ចំពោះ​ឯកសារ​ផ្សេងៗ​ដូចជា៖ កាត​សម្គាល់​យានយន្ត (​កាត​គ្រី​) អាចធ្វើ​ការថត​ចម្លង ដោយ​គ្រាន់តែ​បញ្ជាក់​ពី​អាជ្ញាធរ​ដែនដី​ ដែល​ពាក់ព័ន្ធ​។​

​គួរបញ្ជាក់ថា ការអនុវត្ត​រឹតបន្តឹង​ច្បាប់​ចរាចរណ៍​ផ្លូវគោក​នេះ អ្នកបើកបរ​ល្មើសច្បាប់​ចរាចរណ៍ ត្រូវផាកពិន័យ​ទឹកប្រាក់​ពី​ ៣​ដង​ ទៅ​ដល់ ៥​ដង​ គឺទៅតាម​បទល្មើស​នីមួយៗ។ ហើយថា ការផាកពិន័យ គឺ​មិន​ធ្វើ​នៅ​កន្លែង​អនុវត្ត​នោះឡើយ​ គឺត្រូវបញ្ជូន​យានយន្ត​ល្មើស​ទៅ​កន្លែងធ្វើការ​របស់​សម​ត្ថ​កិច្ច នៅ​ជិត​បំផុត និង​រក្សាទុក​រយៈពេល ០៣​ថ្ងៃ ទើប​ឱ្យ​ម្ចាស់​ចូលខ្លួន​ទៅ​បង់ប្រាក់ពិន័យ​តាមផ្លូវ​ច្បាប់៕ ដោយ៖ ដែន សីមា

អត្ថបទដែលជាប់ទាក់ទង