សម្តេច ហ៊ុន សែន៖ បើកបរត្រូវគោរពច្បាប់ចរាចរណ៍ ដើម្បីសុវត្ថិភាពទាំងអស់គ្នា..

រាជធានីភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍នៅលើបណ្តាញសង្គមហ្វេសប៊ុក ឬផេក របស់សម្តេច ដោយបានអំពាវនាវដល់ប្រជាពលរដ្ឋជាអ្នកបើកបរ ត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ឲ្យបានទាំងអស់គ្នា ដើម្បីកាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេសកម្ពុជា។

សម្តេចតេជោ មានប្រសាសន៍ដូច្នេះ៖ “នៅពេលនេះ ការរិតបន្តឹងច្បាប់ចរាចរណ៍ គឺកំពុងដំណើរការនៅទូទាំងប្រទេស។ សូមបងប្អូនប្រជាពលរដ្ឋ ជាពិសេសក្មួយៗយុវជន មុននឹងបើកបររថយន្ត ត្រូវមានបណ្ណបើកបរពិតប្រាកដត្រឹមត្រូវ។ រីឯរថយន្តវិញ ត្រូវបង់ពន្ធ និងបង់ថ្លៃសេវាផ្សេងៗ អោយបានត្រឹមត្រូវមុននឹងបញ្ជាយានយន្តនៅលើដងផ្លូវសាធារណៈ។

ការរិតបន្តឹងនេះ គឺដើម្បីធានាសុវត្ថិភាពអាយុជីវិតបងប្អូនប្រជាពលរដ្ឋនៅទូទាំងប្រទេស ដើម្បីចៀសវាងគ្រោះថ្នាក់ផ្សេងៗ ដែលអាចបង្ករបួសស្នាមធ្ងន់ស្រាល រហូតដល់មានការបាត់បង់អាយុជីវិតទៀតផង។ យើងមិនចង់ឃើញករណីគ្រោះថ្នាក់ចរាចរណ៍កើតមាននៅក្នុងក្រុមគ្រួសារ របស់បងប្អូនណាម្នាក់ឡើយ។

សូមបងប្អូនប្រជាពលរដ្ឋ និងក្មួយៗយុវជន បើកបរដោយមានការប្រុងប្រយ័ត្នខ្ពស់ ជាមួយនឹងការយោគយល់ដល់គ្នាទៅវិញទៅមក ដើម្បីសុខសុវត្ថិភាពទាំងអស់គ្នានៅទូទាំងប្រទេស”៕

អត្ថបទដែលជាប់ទាក់ទង