សាខាកាកបាទក្រហមខេត្តកំពត ទទួលជំនួយអង្ករពីសប្បុរសជន ដើម្បីជួយដល់ពលរដ្ឋជួបការខ្វះខាត

ខេត្តកំពត៖ សាខាកាកបាទក្រហមខេត្តកំពត កាលពីរសៀលថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២០ បានទទួលជំនួយមនុស្សធម៌អង្ករចំនួន ១០តោន ពីសប្បុរសជនផ្តល់ជូនរដ្ឋបាលខេត្តនេះ ដើម្បីចូលរួមចំណែកជួយដល់ប្រជាពលរដ្ឋ ដែលជួបការលំបាកខ្វះខាតជីវភាពប្រចាំថ្ងៃ។

ពិធីនេះបានរៀបចំឡើង នៅសាលាខេត្តកំពត ក្រោមអធិបតីភាព លោក ជាវ តាយ អភិបាល នៃគណៈអភិបាលខេត្តកំពត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពត និងម្ចាស់ជំនួយ គឺលោក ប្រាក់ ចំរើន អនុប្រធានគណៈកម្មការទី៨ ព្រឹទ្ធសភា និងជាអនុប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៣ (ខេត្តកណ្តាល) និងភរិយា លោកស្រី សេង ពុទ្ធិឆាត។

ជំនួយអង្ករខាងលើនេះ មានចំនួន ១០តោន គឺជាអំណោយសប្បុរសធម៌ក្នុងគោលដៅរួមចំណែកជាមួយរដ្ឋបាលខេត្តកំពត
សម្រាប់ត្រៀមបម្រុង ជួយដល់ប្រជាពលរដ្ឋងាយរងគ្រោះខ្វះខាតជីវភាពគ្រួសារ និងជួបការលំបាក។ ជាពិសេសក្នុងដំណាក់កាលស្ថានភាពត្រៀមបង្ការ ប្រយុទ្ធទប់ស្កាត់ជំងឺឆ្លងកូវីដ-១៩ ដែលជាជំងឺឆ្លងសកល។

នាឱកាសនោះដែរ លោក ប្រាក់ ចំរើន សមាជិកព្រឹទ្ធសភាភូមិភាគ៣ បានបង្ហាញអារម្មណ៍រីករាយ ក្នុងការចូលរួមបរិច្ចាគធនធានផ្ទាល់ខ្លួន ក្នុងគោលដៅរួមចំណែកជួយសម្រាលការលំបាកជាមួយរដ្ឋបាលខេត្តកំពត ដើម្បីយកទៅដោះស្រាយជួយដល់ប្រជាពលរដ្ឋខ្វះខាត និងងាយរងគ្រោះនៅមូលដ្ឋានខេត្តកំពតទាំងមូល។

ចំណែក លោក ជាវ តាយ អភិបាល នៃគណៈអភិបាលខេត្តកំពត ក៏បានថ្លែងអំណរគុណដល់សប្បុរសជន លោក ប្រាក់ ចំរើន និងភរិយា ដែលបានបរិច្ចាគធនធានផ្ទាល់ខ្លួនជាអំណោយអង្ករចំនួន១០តោន ជូនរដ្ឋបាលខេត្តកំពតនៅពេលនេះ៕

អត្ថបទដែលជាប់ទាក់ទង