ក្រសួងសុខាភិបាលកម្ពុជាថា រកមិនឃើញករណីឆ្លងជំងឺកូវីដ-១៩ថ្មី រយៈពេល១៨ថ្ងៃជាប់ៗគ្នា ខណៈព្យាបាលជាសះស្បើយ១១៩នាក់ និងសល់៣នាក់ទៀតកំពុងព្យាបាល

រាជធានីភ្នំពេញ៖ ក្រសួងសុខាភិបាល បានឲ្យដឹងថា គិតត្រឹមម៉ោង ០៧ព្រឹកថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២០នេះ កម្ពុជា មិនមានរកឃើញ ករណីឆ្លងកូវីដ-១៩ ថ្មីទៀតទេ ពោលគឺ នៅក្នុងរយៈពេល ១៨ថ្ងៃ ជាប់ៗគ្នាមកនេះ។

ក្រសួងសុខាភិបាល បញ្ជាក់ថា អ្នកជាសះស្បើយពីជំងឺកូវីដ-១៩ មានចំនួនសរុប ១១៩នាក់ ក្នុងចំណោមអ្នកជំងឺកូ វីដ-១៩ សរុប ១២២នាក់ ពោលគឺ នៅមានអ្នកជំងឺតែ ០៣នាក់ទៀតប៉ុណ្ណោះ កំពុងសម្រាកព្យាបាល។

យ៉ាងនេះក្តី មន្ត្រីក្រសួងសុខាភិបាល និង អ្នកជំនាញអង្គការ សុខភាពពិភពលោក នៅតែព្រមាន ពីការព្រួយបារម្ភ នៃជំងឺកូវីដ-១៩នេះ នៅព្រះរាជាណាចក្រកម្ពុជា។

ព្រមជាមួយគ្នានេះ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ ឲ្យបន្តអនុវត្តវិធាន អនាម័យ ឲ្យបានខ្ជាប់ខ្ជួន និង ការរក្សាគម្លាតសុវត្ថិភាព ឲ្យបានត្រឹមត្រូវតាមការណែនាំ របស់ក្រសួងសុខាភិបាល។

ក្រសួងសុខាភិបាលបង្ហាញថា អ្នកជាសះស្បើយពីជំងឺកូវីដ-១៩ ទាំង ១១៩នាក់ រួមមាន៖ ស្រី ៣៧នាក់ និង ប្រុស ៨២ នាក់។ ក្នុងនោះ ជនជាតិចិន ចំនួន ០៣ នាក់, អង់គ្លេស ០៥នាក់, អាមេរិកាំង ០២នាក់, បែលហ្សិក ០១នាក់, បារាំង ៤០ នាក់, ម៉ាឡេស៊ី ១៣នាក់, កាណាដា ០២នាក់, វៀតណាម ០៣នាក់, ឥណ្ឌូណេស៊ី ០២នាក់ និង ជនជាតិខ្មែរ ៤៨នាក់៕ ដោយ៖ កញ្ញា វិជ្ជសា

អត្ថបទដែលជាប់ទាក់ទង