សម្តេច ស ខេង ថា វិធានការរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោកមិនមែនជាការដាក់បន្ទុកពលរដ្ឋក្នុងស្ថានភាពកូវីដ-១៩ទេ
រាជធានីភ្នំពេញ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ មានប្រសាសន៍ថា ការចាប់ផ្តើមពង្រឹងការអនុវត្តច្បាប់ចរាចរណ៍នៅថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២០ស្អែកនេះវាមិនមែនជាវិធានការដើម្បីដាក់បន្ទុក ទៅលើប្រជាពលរដ្ឋ នៅក្នុងស្ថានភាពលំបាក នៃជំងឺកូវីដ-១៩នោះទេ ប៉ុន្តែដើម្បីសេចក្ដីសុខសុវត្ថិភាព សណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គមទៅវិញទេ។
ការលើកឡើង របស់សម្តេចក្រឡាហោមដូចនេះ បានធ្វើឡើងបន្ទាប់ពីមានការរិះគន់ពីសំណាក់មជ្ឈដ្ឋានមួយចំនួន ដែលបានលើកឡើងពាក់ព័ន្ធនឹងការអនុវត្តអនុក្រឹត្យថ្មីស្ដីពីការផាកពិន័យចំពោះអំពើល្មើសនឹងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក ដែលមានការបង្កើនកម្រិតទឹកប្រាក់ផាកពិន័យ។ ហើយ ថា អនុក្រឹត្យថ្មីនេះ សមត្ថកិច្ច នឹងចាប់ផ្ដើមអនុវត្តន៍ចាប់ពីថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២០ តទៅ ស្របពេលដែលប្រជាពលរដ្ឋនៅទូទាំងប្រទេសកម្ពុជា កំពុងប្រឈមនឹងបញ្ហាជីវភាព និងប៉ះពាល់ដល់មុខរបរទទួលទាន ដែលបណ្តាលមកពីការផ្ទុះឡើង នៃជំងឺកូវីដ-១៩ នៅលើពិភពលោក ក៏ដូចជានៅក្នុងប្រទេសកម្ពុជានាពេលបច្ចុប្បន្ន។
ថ្លែងក្នុងកិច្ចប្រជុំពិនិត្យសេចក្ដីព្រាង សេចក្ដីណែនាំស្ដីពីតួនាទីភារកិច្ច និងរបៀបរបបការងារ របស់រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ និងអគ្គនាយក ឬអង្គភាពប្រហាក់ប្រហែលចំណុះក្រសួងមហាផ្ទៃ កាលពីព្រឹកថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២០ នាទីស្ដីការក្រសួងមហាផ្ទៃ សម្តេចក្រឡាហោម ស ខេង បានបញ្ជាក់ថា វិធានការរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោកនេះ គឺដាក់ចេញ ដើម្បីឆ្លើយតបនឹងភាពអាសន្ន នៃគ្រោះថ្នាក់ចរាចរណ៍ ដែលមានអត្រាគ្រោះថ្នាក់កើនច្រើនពីឆ្នាំទៅមួយឆ្នាំ។
សម្តេច ស ខេង បន្តថា គ្រោះថ្នាក់ចរាចរណ៍នេះ បានបណ្ដាលឲ្យមានអ្នកស្លាប់ របួស ពិការ បង្កឲ្យមានកុមារកំព្រា និងការវិនាសព្រាត់ប្រាស់ក្នុងគ្រួសារ ទាំងនៅក្នុងស្ថានភាពដែលប្រទេសជាតិ បានចាកផុតពីភ្លើងសង្គ្រាម មានសន្តិភាព និងការអភិវឌ្ឍទៅហើយនោះ។
សម្ដេចក្រឡាហោមបន្តថា គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានសម្រេចកំណត់យកឆ្នាំ២០២០នេះ ជាឆ្នាំបង្កើនការរឹតបន្តឹងការអនុវត្តច្បាប់ជាងបណ្ដាឆ្នាំណាៗទាំងអស់ ដែលវិធានការនេះ មិនមែនជាការដាក់បន្ទុកលើប្រជាពលរដ្ឋនៅក្នុងស្ថានភាពលំបាក នៃជំងឺកូវីដ-១៩នោះទេ ប៉ុន្តែដើម្បីសេចក្ដីសុខសុវត្ថិភាព សណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម។
សម្ដេច ស ខេង បន្ដទៀតថា សមត្ថកិច្ចនឹងមិនឃាត់ដំណើរបងប្អូនជនរួមជាតិ ដែលធ្វើដំណើរប្រកបដោយការគោរពច្បាប់ ដើម្បីសួរនាំរកឯកសារនោះទេ។ សម្តេចបញ្ជាក់ថា ចំពោះបងប្អូន ដែលជាអ្នកបើកបរត្រឹមត្រូវ គឺអាចធ្វើដំណើរបានដោយរលូន លើកលែងតែបានធ្វើដំណើរដោយបំពានច្បាប់ ត្រង់ចំណុចណាមួយ ដូចជា៖ មិនពាក់មួកសុវត្ថិភាព ឬបំពានភ្លើងសញ្ញា ទើបសមត្ថកិច្ចឃាត់មិនឲ្យធ្វើដំណើរ រួចសួរនាំរកឯកសារពាក់ព័ន្ធយានយន្ត និងពិនិត្យមើលប័ណ្ណបើកបរជាដើម៕
ប្រភព៖ AKP

