រដ្ឋាភិបាល​ថៃថា អ្នកឆ្លង​ជំងឺ​កូ​វីដ-១៩ថ្មីនៅថៃ បានធ្លាក់មកក្រោម១០ករណី ក្នុងមួយថ្ងៃ..

បរទេស៖ រដ្ឋាភិបាល​ថៃ បាន​រាយការណ៍​ពី​ករណី​អ្នកឆ្លង​ជំងឺ​កូ​វី​វីដ-១៩ (COVID-19) ថ្មី​ បានរកឃើញចំនួន ៧​ករណី​បន្ថែមទៀត​នៅក្នុង​ប្រទេស​ នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២០នេះ។

តួលេខ​ថ្ងៃទី​៣០ ខែមេសា​នេះ ប្រទេសថៃ​ បានរកឃើញករណី​អ្នកឆ្លង​ជំងឺកូវីដ-១៩ថ្មី​ តិចជាង ១០​ករណី ក្នុង​មួយថ្ងៃ ក្នុងរយៈពេល ៤​ថ្ងៃ​ជាប់ៗ​គ្នា​មកនេះ។

គួរបញ្ជាក់ថា ​ក្នុងរយៈ​ពេលកន្លងទៅ តួលេខ​អ្នកឆ្លង​ជំងឺកូវីដ-១៩ (COVID-19) នៅ​ប្រទេស​ថៃ បាន​កើនឡើង​យ៉ាងគំហុក ក្នុងនោះ តួលេខ​ឆ្លង​ជំងឺកូវីដ-១៩ ខ្ពស់​ជាងគេ​នៅ​ប្រទេស​ថៃ​ គឺមានថ្ងៃខ្លះ ក្នុង​មួយថ្ងៃមាន​អ្នកឆ្លងរហូតដល់ ១៨៨​ករណី​។ ប៉ុន្តែក្រោយមកតួលេខ​អ្នក​ឆ្លង​ថ្មី បាន​ថយ​មក​ត្រឹមតែ​ជាង ១០០​ករណី​តែប៉ុណ្ណោះ​ក្នុងមួយថ្ងៃៗ។

យោងតាម​តួលេខ​ របស់​វែបសាយ Worldometer​ បានចុះផ្សាយថា នៅថ្ងៃទី​៣០ ខែមេសា​នេះ តួលេខ​នៅ​ថៃ គឺមាន​ករណី​ឆ្លង​ជំងឺកូវីដ-១៩ថ្មី​ ត្រឹម ៧​ករណី​តែប៉ុណ្ណោះ ហើយមិនមាន​អ្នកស្លាប់​ទេ។ អត្រា​នេះ បានធ្វើ​ឲ្យ​ប្រទេសថៃ​ មាន​ករណី​ឆ្លង​ជំងឺកូវីដ-១៩ថ្មី ក្នុងមួយថ្ងៃ បានធ្លាក់ក្រោម ១០​ករណី ក្នុង​រយៈពេល ៤​ថ្ងៃ​ជាប់​ៗគ្នា ដោយគិត​ចាប់ពី​ថ្ងៃទី២៧ ដល់ថ្ងៃទី៣០ ខែមេសានេះ។

ចំណែកអ្នកនាំពាក្យ​មជ្ឈមណ្ឌល​គ្រប់គ្រង​ស្ថានការណ៍​(COVID-19) ថៃ (CCSA) លោក Taweesilp Visanuyothin បានឲ្យដឹងដែរថា ក្នុងចំណោមអ្នកជំងឺកូវីដ-១៩ ដែលទើបឆ្លងថ្មី ០៧​ករណី​ខាងលើនេះ គឺអ្នកឆ្លង ០៣​ករណី​ បានធ្វើដំណើរមកពី​ប្រទេសម៉ាឡេស៊ី ចូលក្នុងប្រទេសថៃ និង​០៤​ករណីទៀត ឆ្លង​នៅក្នុង​ប្រទេសថៃតែម្តង។ ក្នុងនោះ ០៣​ករណី​ ឆ្លងនៅ​ខេត្តភូ​កេ​ត និង​០១​ករណី​ទៀត នៅ​ខេត្ត​ Krabi។

សូមបញ្ជាក់ថា ​តួលេខ អ្នកឆ្លងជំងឺកូវីដ-១៩ (COVID-19) នៅប្រទេសថៃ គិតមកដល់ថ្ងៃទី៣០ ខែមេសា មានចំនួនសរុប ២៩៥៤​ករណី។ ក្នុងនោះ អ្នកស្លាប់​មានចំនួន ៥៤​នាក់ និង​អ្នកជា​សះស្បើយ​ពីជំងឺមាន​ចំនួន ២៦៨៤​នាក់​។

ដោយឡែក​ អ្នកជំងឺ ដែល​កំពុងតែ​សម្រាកព្យាបាលនៅ​មន្ទីរពេទ្យ​មាន​ចំនួន ២១៦​នាក់​។

ទោះបីមាន​ករណី​ឆ្លង​ជំងឺកូវីដ-១៩ នៅក្នុងប្រទេសថៃ ក្នុងមួយថ្ងៃៗ បានធ្លាក់ចុះបែបណាក្តី ក៏ប៉ុន្តែ​រដ្ឋាភិបាល​ក្រុង​បាងកក បានសម្រេច ពន្យាពេល​ដាក់​ប្រទេស​នេះ ឲ្យស្ថិតក្នុង​ភាពអាសន្ន​រហូតដល់​ចុងខែ​ឧសភា​ខាងមុខ ដើម្បី​បង្ការ​កុំ​ឲ្យ​មាន​ករណី​ឆ្លង​ជំងឺកូវីដ-១៩ កើនឡើង​ច្រើនដូច​ពេលកន្លងទៅ។

យ៉ាងនេះក្តី រដ្ឋាភិបាល​ថៃ ក៏បាន​បន្ធូរបន្ថយ​ការ​រឹតបន្តឹង​ ទៅលើផ្នែក​មួយចំនួន ដោយបានអនុញ្ញាត​ឲ្យ​ជំនួញ​ចំនួន​៦ប្រភេទ អាច​បើក​ដំណើរការ​ឡើងវិញ ដូចជា៖ ផ្សារ​, កន្លែង​ញាំ​អាហារ​, កន្លែង​លក់រាយ​, សកម្មភាព​កីឡា និង​កម្សាន្ត​, ហាង​អ៊ុតសក់ កាត់សក់ កន្លែង​កាត់​រោមសត្វ និង សកម្មភាព​ជំនួញ​មួយចំនួន​។

​ការណែនាំ​នេះ ត្រូវបាន​ធ្វើឡើង​ ដោយមជ្ឈមណ្ឌល​គ្រប់គ្រង​ស្ថានការណ៍​COVID-19 ដើម្បី​អនុវត្ត​នៅ​ទូទាំងប្រទេស​ថៃ។ ប៉ុន្តែ​អភិបាលខេត្ត​នីមួយៗ ក៏​អាច​កែប្រែ​ការណែនាំ​នេះ​បានដែរ ក្នុង​គោលបំណង​ធ្វើ​ឲ្យ​ស្របទៅនឹង​ស្ថានភាព COVID-19 នៅក្នុង​តំបន់​របស់ខ្លួន​៕

ប្រភព៖ បរទេស

អត្ថបទដែលជាប់ទាក់ទង