ហៅមិត្តសម្លាញ់មកជក់ថ្នាំញៀន ជក់ហើយយកដំថ្មវាយប្លន់ម៉ូតូ ត្រូវនគរបាលស្រុកព្រៃនប់ចាប់ខ្លួន

ខេត្តព្រះសីហនុ៖ កម្លាំងសមត្ថកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានឲ្យដឹងថា ជនសង្ស័យម្នាក់ ត្រូវជំនាញចាប់ខ្លួនពាក់ព័ន្ធករណីឃាតកម្ម(ប្លន់សម្លាប់)  ដោយចុះស្រាវជ្រាវឃាត់ខ្លួនបាន កាលពីថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២០ នៅភូមិ​ជើង​គោ ឃុំ​ជើងគោ ស្រុកព្រៃនប់ ខេត្ត​ព្រះសីហនុ។

ទាក់ទិនបញ្ហានេះ លោក ជួន ណារិន្ន ស្នងការនគរបាលខេត្តព្រះសីហនុ បានឲ្យដឹងថា កាលពីថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២០ វេលាម៉ោង ១៣ និង០០នាទី ស្ថិតនៅព្រៃជើងភ្នំថ្មដា ភូមិសំរុងក្រោម ឃុំសំរុង ស្រុកព្រៃនប់ មានករណីប្រជាពលរដ្ឋ បានប្រ​ទះឃើញ សាកសពបុរសម្នាក់ស្លាប់ ដោយមិនដឹងមូលហេតុ។ ប៉ុន្តែភ្លាមៗ ក្រោយ​សមត្ថកិច្ច ទទួលបានព័ត៌មាននេះ ទើបកម្លាំងអធិការដ្ឋាននគរបាលស្រុកព្រៃនប់ បានសហការជាមួយកម្លាំងជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ និងកម្លាំងអាវុធហត្ថស្រុក ព្រមទាំងកម្លាំងនគរបាលប៉ុស្តិ៍​រដ្ឋបាលពាក់ព័ន្ធ បានចុះទៅ ពិនិត្យ​សាកសព និងកន្លែងកើតហេតុឃើញថា ស្ថានភាពសព បានដេកផ្ងា ហើយមានស្នាម​របួសក្បាលផ្នែកខាងក្រោយ និងផ្នែកខាងមុខ ដោយស្លៀកខោខ្លីពណ៌ស អត់មានពាក់អាវទេ។

លោក ជួន ណារិន្ទ បន្តថា បើតាមការបំភ្លឺ របស់ម្តាយយុវជនរងគ្រោះ ឈ្មោះ ចាន់ ដា អាយុ ៤៣ឆ្នាំ មុខរបរកម្មកររោងចក្រ មានទីលំនៅភូមិត្រពាំងមូល ឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសី​ហ​នុ បានឲ្យដឹងថា កូនប្រុសគាត់មាន ឈ្មោះ ផាត ភារៈ ភេទ​ប្រុស អាយុ ១៩ឆ្នាំ។ អ្នកស្រីបន្តថា នៅម៉ោង ២១ ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២០ កូនគាត់ បានសុំគាត់ចេញពីផ្ទះ ដោយជិះម៉ូតូម៉ាកហុងដាឌ្រីម ផលិតឆ្នាំ២០១៩ ពាក់ស្លាកលេខ ព្រះសីហនុ 1H-9772 ពណ៌ខ្មៅ ដោយសុំជិះទៅទិសខាងត្បូងមួយភ្លែត។ ហើយ មុនពេលសុំគាត់ចាកចេញពីផ្ទះ គឺមានគេតេទូរស័ព្ទហៅកូនគាត់ ដោយកូន របស់គាត់ប្រើទូរស័ព្ទលេខ 070 702 815។

អាណាព្យាបាលរូបនេះបន្តថា សម្ភារបាត់បង់មាន ម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ផលិតឆ្នាំ២០១៩ ពាក់ស្លាកលេខ1H-9772 ចំនួន ០១គ្រឿង។​

យ៉ាងណាក៏ដោយចុះ តាមការសន្និដ្ឋាន ជំហ៊ានដំបូង របស់សមត្ថកិច្ចថា ករណីខាងលើ នេះ គឺជាករណីឃាតកម្ម(ប្លន់សម្លាប់)។

បច្ចុប្បន្នសពយុវជន បន្ទាប់ពីកម្លាំងជំនាញ បានធ្វើកោសល្យវិច្ច័យរួច ក៏បានប្រ​គល់ទៅឲ្យក្រុមគ្រួសារសព ដឹកយកទៅធ្វើបុណ្យតាមប្រពៃណី។

សូមបញ្ជាក់ថា ករណីនេះកម្លាំងអធិការ​ដ្ឋាននគរបាលស្រុកព្រៃនប់​ បានចុះស្រាវជ្រាវយ៉ាងយក​ចិត្តទុកដាក់ រហូតមកថ្ងៃទី​៣០ ខែមេសា ឆ្នាំ២០២០ វេលាម៉ោង​ ១៤ និង១៥នាទី ទើបកម្លាំងជំនាញ បានកំណត់មុខសញ្ញាឈានទៅចុះឃាត់ខ្លួនជន​សង្ស័យឈ្មោះ ចាន់ លីឈាង ភេទប្រុស អាយុ​១៨​ឆ្នាំ មុខរបរកម្មករជ្រៀកឈើ មានទីលំនៅភូមិ​ជើង​គោ ឃុំ​ជើងគោ ស្រុកព្រៃនប់ ខេត្ត​ព្រះសីហនុ។

ពេលឃាត់ខ្លួននោះ សមត្ថកិច្ច បានដកហូតម៉ូតូ ០១គ្រឿង ម៉ាកហុងដាឌ្រីម ផលិតឆ្នាំ២០១៩​ ពណ៌ខ្មៅ ពាក់ផ្លាកលេខ ព្រះសីហនុ​១H​-៩៩៧២ ជារបស់ជនរង​គ្រោះ។

តាមចម្លើយសារ​ភាពរបស់ជនសង្ស័យ បានរៀបរាប់​ថា ខ្លួន​ពិតជាបានធ្វើសកម្មភាព វាយសម្លាប់ប្លន់យកម៉ូតូ របស់ជនរងគ្រោះពិតប្រាកដមែន។ ជនសង្ស័យបម្តថា រូបគេបានទូរស័ព្ទហៅជនរងគ្រោះ ឲ្យមកជក់ថ្នាំញៀនជាមួយគ្នា ប៉ុន្តែពេលជក់រួច ជនរងគ្រោះរៀបចំវិលត្រឡប់ទៅផ្ទះវិញ ទើបរូបគេ ក៏បានយកដុំថ្មវាយទៅលើជនរង​គ្រោះចំនួន ០៣ដុំថ្ម បណ្តាលឲ្យជនរងគ្រោះដួលទៅលើថ្ម ហើយរូបគេ ក៏ជិះម៉ូតូជនរង​គ្រោះសំដៅទៅក្រុងព្រះសី​ហនុ ដើម្បីលក់ ប៉ុន្តែគ្មានអ្នកហ៊ានទិញ ព្រោះគ្មានប័ណ្ណសំគាល់(កាតគ្រី) ទើបជិះម៉ូតូត្រឡប់មកផ្ទះវិញ។​ លុះដល់វេលាម៉ោងខាងលើទើប ត្រូវនគរបាលឃាត់ខ្លួនតែម្តង។

​បច្ចុប្បន្នជនសង្ស័យ កំពុងត្រូវបានឃុំខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុកព្រៃនប់ ដើម្បីសួរនាំឈានទៅកសាងសំណុំរឿងបញ្ជូនទៅកាន់ សាលាដំបូងខេត្តព្រះសីហនុ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕ ដោយ៖ នាក់ វុទ្ធី

អត្ថបទដែលជាប់ទាក់ទង