លោក នេត សាវឿន សម្រេចព្យួរការងារ លោក សួគ៌ ធី អធិការរងស្រុកចន្ទ្រា លើករណីចុះអនុវត្តច្បាប់ចរាចរណ៍ មិនស្តាប់មេណែនាំ

រាជធានីភ្នំពេញ៖ លោក នេត សាវឿន អគ្គស្នងការនគរបាលជាតិ នៃក្រសួងមហាផ្ទៃ បានសម្រេចព្យួរការងារ លោក សួគ៌ ធី អធិការរងស្រុកចន្ទ្រាទទួលផ្នែកចរាចរណ៍ នៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង ជាបណ្តោះអាសន្ន។

ការសម្រេចព្យួរការងារ លោក អធិការរងស្រុកចន្ទ្រារូបនេះ ដោយសារតែ នៅក្នុងអំឡុងពេល ដឹកនាំកម្លាំងចុះអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកថ្មី បានធ្វើឲ្យប្រជាពលរដ្ឋ ផ្ទុះការតវ៉ា និង មិនគោរពតាមការណែនាំ របស់ថ្នាក់លើបានដាក់ចេញ។​

លោក នេត សាវឿន សម្រេចដូច្នេះ បានធ្វើឡើងនៅរសៀលថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២០ នាឱកាសផ្តល់បទសម្ភាសជាមួយក្រុមអ្នកសារព័ត៌មាន។

ទាក់ទិនបញ្ហានេះ លោក កឹង ឃន ស្នងការនគរបាលខេត្តស្វាយរៀង បានបញ្ជាក់ថា ពិតជាមានករណីថ្នាក់លើ ចេញសេចក្តីសម្រេចព្យួរការងារ លោក សួគ៌ ធី អធិការរងនគរបាលស្រុកចន្ទ្រា ជាបណ្ដោះអាសន្ន ពិតប្រាកដមែន។

គួរបញ្ជាក់ថា លោក សួគ៌ ធី អធិការរងទទួលបន្ទុកផ្នែកចរាចរណ៍ផ្លូវគោក នៃអធិការដ្ឋាននគបាលស្រុកចន្ទ្រា ខេត្តស្វាយរៀង បានបញ្ជាឲ្យកូនចៅចំនួន ០២នាក់ ចាប់វៃខ្នោះ អ្នកបើកបររ៉ម៉ក ព្រោះតែគ្មានលុយបង់ផាកពិន័យ។

សកម្មភាពនេះ បណ្តាលឲ្យប្រជាពលរដ្ឋជាច្រើននាក់ ផ្ទុះការតវ៉ា និងបិទផ្លូវសាធារណៈ។ ប៉ុន្តែក្រោយមក លោក សួគ៌ ធី ក៏បានចេញមុខសុំទោសជាសាធារណៈ ដើម្បីបញ្ចប់រឿង។

ហេតុការណ៍នេះ កើតឡើងនៅវេលាម៉ោង ១១ និង៤៥នាទី ព្រឹកថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២០ នៅភូមិត្រពាំងបុណ្យ ឃុំព្រៃគគីរ ស្រុកចន្រ្ទា ខេត្តស្វាយរៀង រហូតដល់ម៉ោង ០៣ និង៣០នាទីរសៀលថ្ងៃដដែល ទើបអាចរកដំណោះស្រាយបញ្ចប់រឿងជាស្ថាពរ៕

អត្ថបទដែលជាប់ទាក់ទង