ក្រុមហ៊ុនចិន បង្ហាញគម្រោងវិនិយោគសាងសង់ស្ថានីយចំណតយានយន្តធុនធំ ទំនើប នៅជាយរាជធានីភ្នំពេញ

រាជធានីភ្នំពេញ៖ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានទទួលជួបជាមួយ តំណាងក្រុមហ៊ុន China Good Cars Holding Ltd ដើម្បីពិភាក្សាលើគម្រោងស្នើសុំវិនិយោគលើវិស័យដឹកជញ្ជូនសាធារណៈក្នុងព្រះរាជាណាចក្រកម្ពុជា ដែលមានទឹកប្រាក់សរុបប្រមាណ ១៦០លាន ដុល្លារអាមេរិក។

ជំនួបពិភាក្សានេះ ធ្វើឡើងកាលពីព្រឹកថ្ងៃថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២០ នៅទីស្តីការក្រសួងសាធារណការ រាជធានីភ្នំពេញ។

ក្នុងជំនួបនោះ ជាជំហានដំបូង ខាងភាគីក្រុមហ៊ុនចិន បានស្នើសុំវិនិយោគសាងសង់ស្ថានីយ៍ចំណតយានយន្តធុនធំ ទំនើប នៅជាយរាជធានីភ្នំពេញ ដើម្បីរំដោះចរាចរណ៍ដ៏មមាញឹក ពីចំណុចកណ្តាលរាជធានី ព្រមទាំងវិនិយោគលើគម្រោងដឹកជញ្ជូនសាធារណៈតាមរថយន្តក្រុងលើបណ្តាញផ្លូវជាតិ ដើម្បីតភ្ជាប់ទៅតំបន់ក្រៅក្រុង និងទៅបណ្តាខេត្តនានានៅជិតៗរាជធានីភ្នំពេញ។

ជាការឆ្លើយតប លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល បានស្វាគមន៍ និងគាំទ្រគម្រោងនេះ ដោយផ្តល់អនុសាសន៍ឱ្យក្រុមហ៊ុនសហការជាមួយអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក សិក្សាលើលក្ខណៈបច្ចេកទេស ឱ្យបានល្អិតល្អន់ និងសុំឱ្យក្រុមហ៊ុនដាក់ពាក្យស្នើសុំវិនិយោគ ទៅច្រកចេញចូលតែមួយ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដើម្បីអាចទទួលបានភាពអនុគ្រោះនានា ស្របទៅតាមច្បាប់វិនិយោគ នៃព្រះរាជាណាចក្រកម្ពុជា។

ចំណែកខាងភាគីក្រុមហ៊ុន China Good Cars Holding Ltd បានសំដែងអំណរគុណ ចំពោះការគាំទ្រ របស់ លោករដ្ឋមន្រ្តី ស៊ុន ចាន់ថុល ហើយសន្យានឹងបន្តការងារទៅតាមអនុសាសន៍នានា របស់ លោកទេសរដ្ឋមន្រ្តីផងដែរ៕

អត្ថបទដែលជាប់ទាក់ទង