ក្រុមហ៊ុនលឹម ស៊ីវម៉ី នៅតែបន្តប្រើប្រាស់រថយន្តកែច្នៃខុសលក្ខណៈបច្ចេកទេស សម្រាប់ដឹកជញ្ជូនសត្វជ្រូករស់ចេញពីថៃ ចូលកម្ពុជាដោយរលូន ហើយនគរបាលចរាចរផ្លូវគោកខេត្តឧត្តមានជ័យមិនចាប់ផាកពិន័យទេ..?

ខេត្តឧត្តរមានជ័យ៖ ប្រជាពលរដ្ឋរស់នៅខេត្តឧត្តមានជ័យ បានឲ្យដឹងថា មកទល់ពេលនេះ គេសង្កេតឃើញការធ្វើអាជីវកម្មដឹងជញ្ជូនសត្វជ្រូករស់ របស់ក្រុមហ៊ុន លឹម ស៊ីវម៉ី នៅតែបន្តធ្វើសកម្មភាពយ៉ាងគគ្រឹកគគ្រេង ដោយប្រើប្រាស់រថយន្តកែច្នៃ សម្រាប់ដឹកជញ្ជូនជ្រូករស់ ចេញពីប្រទេសថៃ ចូលមកកម្ពុជា តាមច្រកទ្វា​រអន្តរជាតិអូរស្មាច់ ដោយចរាចរចូលក្រុង​សំរោង​ ខេត្តឧត្តរមានជ័យ។ បន្ទាប់មកទៀត បានបន្តដឹកចែកចាយ ទៅតាមបណ្ដាលខេត្តនានា យ៉ាងពេញបន្ទុក ខណៈការរឹតបន្តឹងអនុវត្តច្បាប់ ស្ដីពីចរាចរផ្លូវគោកថ្មី តាមអនុក្រឹត្យលេខ៣៩ អនក្រ.បក ចុះថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០ (ចាប់អនុវត្តពីថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២០) ប៉ុន្តែរហូតមកដល់ទី០៦ ខែឧសភានេះ គេមិនដែលឃើញ សមត្ថកិច្ចនគរបាលអនុវត្ត ទៅលើរថយន្តកែច្នៃ ដឹកជ្រូករស់ ចេញពីប្រទេសថៃ ចូលកម្ពុជា តាមច្រកព្រំដែនអូរស្មាច់ ខេត្តឧត្តមានជ័យខាងលើនេះ ម្ដងណាទេ។

ត្រង់ចំណុចនេះ មហាជនទូទៅ ជាពិសេសប្រជាពលរដ្ឋរស់នៅខេត្តឧត្តមានជ័យ បានរិះគន់ទៅលើការដឹកនាំ របស់លោក ឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការនគរបាល ខេត្តឧត្តរមានជ័យ និង ស្នងការរងទទួលបន្ទុកសណ្ដាប់ធ្នាប់ចរាចរថា អនុវត្តច្បាប់មិនមានតម្លាភាព មើលឃើញតែរថយន្តតូចៗ និងម៉ូតូ របស់ប្រជាពលរដ្ឋ ប៉ុន្តែបែរជារថយន្តកែច្នៃដឹងជ្រូករស់ តទ្រុងស្ទើទល់មេឃ របស់ក្រុមហ៊ុន លឹម ស៊ីវម៉ី បែរជាសមត្ថកិច្ចមើលមិនឃើញ
ហើយនាំគ្នា រក្សាភាពស្ងៀមស្ងាត់ ទុកបណ្តោយឲ្យក្រុមហ៊ុន លឹម ស៊ីវម៉ី អាច​ធ្វើសកម្មភាព យ៉ាងអនាធិបតេយ្យតាមទំនើងចិត្តទៅវិញ។

បន្ថែមលើនេះ ប្រជាពលរដ្ឋមួយចំនួន ក៏បានរិះគន់ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តឧត្តរមានជ័យ គឺលោក ឈឿង ផល្លាង និង មន្ត្រីក្រោមឱវាទថា បានបណ្តោយឲ្យក្រុមហ៊ុន លឹម ស៊ីវម៉ី អាចប្រើប្រាស់រថយន្តកែច្នៃតទ្រុង ខុសលក្ខណៈបច្ចេកទេស ធ្វើសកម្មភាពដឹកជញ្ជូនជ្រូករស់ចេញពីថៃ ចូលកម្ពុជា យ៉ាងអនាធិបតេយ្យផងដែរ។

ទាក់ទិនបញ្ហានេះ ប្រជាពលរដ្ឋរស់នៅក្រុងសំរោង ខេត្តឧត្តរមានជ័យ​ បានឲ្យដឹងថា មិនមែនមានតែក្រុមហ៊ុន លឹម ស៊ីវម៉ី មួយទេ ដែលប្រើរថយន្តកែច្នៃតទ្រុង​ សម្រាប់ដឹកជញ្ជូនជ្រូករស់ចេញពីប្រទេសថៃ ចូលមកកម្ពុជានោះ គឺក្រុមហ៊ុនដទៃទៀត ក៏ប្រើរថយន្តកែច្នៃ ខុសលក្ខណៈបច្ចេកទេស សម្រាប់ដឹកជ្រូក និង ដឹកទំនិញផ្សេងៗ តាមទំនើងចិត្តដូចគ្នានេះដែរ។​

ត្រង់ចំណុចនេះ ប្រជាពលរដ្ឋ និងអ្នកធ្វើដំណើរមានចម្ងល់ថា តើហេតុអ្វីបានជា លោក ម៉ែន លី ស្នងការនគរបាលខេត្តឧត្តរមានជ័យ និង លោក ពិវ ឆេង ប្រធានការិយាល័យ សាធារណការ និងដឹកជញ្ជូន នៃមន្ទីរសាធារណការ ខេត្តឧត្តរមានជ័យ ​មិនចាត់វិធានការទប់ស្កាត់ ចំពោះសកម្មភាព របស់ក្រុមហ៊ុនល្មើសច្បាប់ចរាចរផ្លូវគោកទាំងនោះទៅវិញ..?។ ជាពិសេសនៅក្នុងដំណាក់កាល សមត្ថកិច្ចុចុះអនុវត្តច្បាប់ចរាចរផ្លូវគោកថ្មី ចាប់ផ្តើមពីថ្ងៃទី០១ មកដល់ថ្ងៃទី០៦ ខែឧសភានេះ ក៏គេសង្កេតឃើញក្រុមហ៊ុន លឹម ស៊ីវម៉ី និងក្រុមហ៊ុនផ្សេងៗទៀត បានបន្តប្រើរថយន្តកែច្នៃ សម្រាប់ដឹកជញ្ជូនជ្រូករស់ និងដឹកជញ្ជូនទំនិញផ្សេងៗ នាមូលដ្ឋានខេត្តឧត្តរមានជ័យ តាមអំពើចិត្តពួកដដែលដែរ..?។

យោងតាមប្រភពព័ត៌មាន ពីមន្ត្រីបម្រើការងារនៅរដ្ឋបាលសាលាក្រុងសំរោង ខេត្តឧត្តមានជេយ ដែលស្នើមិនបង្ហាញអត្តសញ្ញាណ បានឲ្យដឹងដែរថា ក្រុមហ៊ុន លឹម ស៊ីវម៉ី បានដឹកជញ្ជូនជ្រូកចេញពីថៃ ចូលកម្ពុជា ដោយប្រើរថយន្តចំណុះ២តោនកន្លះ តាមច្រកអូរស្មាច់ យកមកទម្លាក់ នៅភូមិកូនក្រៀល សង្កាត់កូនក្រៀល ក្រុងសំរោង ហើយផ្ទេរដាក់រថយន្តកូរ៉េតទ្រុង រួចដឹកជញ្ជូនចេញពីក្រុងសំរោង យ៉ាងរលូន ដោយគ្មានសមត្ថកិច្ចពីស្ដាប័នពាក់ព័ន្ធណាមួយ ហ៊ានកម្រើកនោះទេ។

ជាពិសេសជាងនេះ សម្រាប់សមត្ថកិច្ចនគរបាលចរាចរ ខេត្តឧត្តរមានជ័យវិញ ក៏មិនឃើញចុះអនុវត្តតាមផ្លូវច្បាប់ ទៅលើក្រុមហ៊ុន លឹម ស៊ីវម៉ី ខាងលើនេះដែរ ពោលគឺបានបណ្តោយឲ្យរថយន្តកែច្នៃ ខុសលក្ខណៈបច្ចេកទេស អាចធ្វើចរាចរ នៅពាសពេញមូលដ្ឋានខេត្តឧត្តរមានជ័យ បានយ៉ាងរលូនតែម្តង..?។

ចំពោះបញ្ហានេះ ក្រុមប្រជាពលរដ្ឋ បានស្នើទៅ សម្តេចក្រឡា ហោម ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោក នេត សាវឿន អគ្គស្នងការនគរបាលជាតិជាដើម ឲ្យជួយពិនិត្យទៅលើសកម្មភាពចុះអនុវត្តច្បាប់ចរាចរផ្លូវគោកថ្មី ដែល លោក ម៉ែន លី ស្នងការនគរបាល ខេត្តឧត្តរមានជ័យ ក៏ដូចជា សកម្មភាពអនុវត្តការងារ របស់ លោក ឈឿង ផល្លាង ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តឧត្តរមានជ័យ បានអនុវត្ត ត្រឹមត្រូវតាមច្បាប់ដែរឬយ៉ាងណា ឬមួយក៏ អាចមានអ្វីជាអាថ៌កំបាំងនៅពីក្រោយ ការអនុវត្តច្បាប់ចរាចរផ្លូវគោកថ្មី រវាងប្រជាពលរដ្ឋទូទៅ និងជាមួយក្រុមហ៊ុន លឹម ស៊ីវម៉ី ខាងលើនេះ។

យ៉ាងណាក៏ដោយចុះ គេហទំព័រ “កម្ពុជាថ្ងៃនេះ” នៅមិនទាន់អាចទាក់ទង លោក ម៉ែន លី ស្នងការនគរបាលខេត្តឧត្តរមានជ័យ និងលោក ឈឿង ផល្លាង ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តឧត្តរមានជ័យ ដើម្បីបំភ្លឺពី ពោះការចោទប្រកាន់ខាងលើនេះបាននៅឡើយទេ នៅរសៀលថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២០នេះ៕

ដោយ៖ ដែន សីមា

អត្ថបទដែលជាប់ទាក់ទង