រដ្ឋបាលខេត្តព្រះសីហនុ បង្ហាញមូលហេតុ ឆ្នេរ «រាម» ជាង២ពាន់ហិកតា ក្លាយជាសម្បត្តិឯកជន

ខេត្តព្រះសីហនុ៖ រដ្ឋបាខេត្តព្រះសីហនុ កាលពីថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២០ បានចេញសេចក្តីប្រកាសព័ត៌មានមួយ ដើម្បីបញ្ជាក់ពីប្រវត្តិគ្រប់គ្រងដីឧទ្យានជាតិព្រះសីហនុ «រាម» និងបង្ហាញពីមូលហេតុ ដែលឆ្នេរដ៏ស្រស់ស្អាតមួយនេះបានក្លាយជាសម្បត្តិ ឬជាកម្មសិទ្ធិឯកជន។

តាមសេចក្តីប្រកាសព័ត៌មាន របស់រដ្ឋបាលខេត្តព្រះសីហនុ ចុះថ្ងៃទី០៤ ខែឧសភា បានបញ្ជាក់ថា កន្លងមក រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រ កម្ពុជា បានចេញអនុក្រិតលេខ៧០ អនក្រ.បក ចុះថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០០៨ ស្តីពីការកំណត់តំបន់ប្រើប្រាស់ដោយចីរភាពលើផ្ទៃដីទំហំ ៣,៣០០ហិកតា ក្នុងឧទ្យានជាតិព្រះសីហនុ «រាម» និងការធ្វើអនុបយោគដីសម្បត្តិសាធារណៈរបស់រដ្ឋ មកជាសម្បត្តិឯកជនរបស់រដ្ឋ។
ក្នុងមាត្រា១ ក្នុងអនុក្រឹត្យស្តីពីការកំណត់តំបន់ប្រើប្រាស់ដោយចីរភាពនោះ បានកំណត់តំបន់គ្រប់គ្រងក្នុងឧទ្យានជាតិព្រះសីហនុ «រាម» លើផ្ទៃដីទំហំ ៣,៣០០ហិកតា ទៅជាតំបន់ប្រើប្រាស់ដោយចីរភាព ស្ថិតនៅក្នុងឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ជួលទៅឱ្យក្រុមហ៊ុន យីចៀ ធូរីហ៉ឹម ឌីវេឡុបមេន ខមភេនី ដើម្បីធ្វើការ វិនិយោគអភិវឌ្ឍន៍លើវិស័យទេសចរណ៍។ អនុក្រឹត្យស្ដីពីការកំណត់តំបន់ប្រើប្រាស់ដោយចីរភាពលើផ្ទៃដីទំហំ ២,៣៧៧ហិកតា ក្នុងឧទ្យានជាតិព្រះសីហនុ «រាម» និងការធ្វើអនុបយោគដីសម្បត្តិសាធារណៈរបស់រដ្ឋ មកជាសម្បត្តិឯកជនរបស់រដ្ឋ។
ក្នុងមាត្រា១ បានកំណត់តំបន់គ្រប់គ្រងក្នុងឧទ្យានជាតិព្រះសីហនុ «រាម» លើផ្ទៃដីទំហំ ២,៣៧៧ហិកតា ទៅជាតំបន់ប្រើប្រាស់ដោយចីរភាព ស្ថិតនៅក្នុងឃុំរាម ស្រុក ព្រៃនប់ ខេត្តព្រះសីហនុ ជួលទៅឱ្យក្រុមហ៊ុន អេវើរប្ដីន សាក់សេស អែន អាស៊ី រីសត ឌីវេលុប្បមែន ខូអិលធីឌី ដើម្បីធ្វើការវិនិយោគអភិវឌ្ឍន៍លើវិស័យទេសចរណ៍។

បន្ទាប់ពីទទួលបានសិទ្ធិវិនិយោគពីរាជរដ្ឋាភិបាល ក្រុមហ៊ុនទាំងពីរ បានដំណើរការគម្រោងវិនិយោគរបស់ខ្លួន នៅលើទីតាំងដែលបានផ្តល់ជូនតាមរយៈកិច្ចសន្យាជួលចុះថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០០៨។

ទន្ទឹមនឹងការអភិវឌ្ឍ ក៏មានសកម្មភាពលួចកាប់ទន្ទ្រាន រុករានយកដីព្រៃ ធ្វើជាកម្មសិទ្ធិនៅក្នុងតំបន់ឧទ្យានជាតិព្រះសីហនុ «រាម» បានកើតឡើងជាបន្តបន្ទាប់ផងដែរ។ ហើយថា សកម្មភាពទាំងនោះ ក៏បានបំផ្លិចបំផ្លាញធនធានធម្មជាតិ ដែលជាសម្បត្តិសាធារណៈ របស់រដ្ឋ និងបានធ្វើឱ្យរាំងស្ទះដល់ការអនុវត្តគម្រោងរបស់ក្រុមហ៊ុន ដែលទទួលបានសិទ្ធិស្របច្បាប់ពីរាជរដ្ឋាភិបាល។

សកម្មភាពល្មើសច្បាប់ទាំងនេះ គឺត្រូវបានអាជ្ញាធរ និងមន្ត្រីមានសមត្ថកិច្ចបានចុះធ្វើការណែនាំ និងចាត់វិធានការជាបន្តបន្ទាប់។ រហូតដល់ឆ្នាំ២០១៦ រដ្ឋបាលខេត្តព្រះសីហនុ បានបង្កើតក្រុមការងារចម្រុះចុះវាស់វែង និងកំណត់អត្ត សញ្ញាណក្បាលដី របស់ប្រជាពលរដ្ឋ ដែលបាននិងកំពុងរស់នៅ អាស្រ័យផលលើដីដែលមានផលប៉ះពាល់ក្នុងតំបន់វិនិយោគអភិវឌ្ឍន៍ របស់ក្រុមហ៊ុនឃីចៀ ធូរីហ៉ឹម ឌីវេឡុបមេន ខមភេនី និងក្រុមហ៊ុន អេវើរប្រឺន សាក់សេសអែន អាស៊ី រី សត ឌីវេលុប្បមែន ខូអិលធីឌី។

នៅឆ្នាំ២០១៧ រាជរដ្ឋាភិបាល ក៏បានចេញអនុក្រឹត្យថ្មីមួយ ស្ដីពីការកំណត់ជាតំបន់សហគមន៍ នៃឧទ្យានជាតិព្រះសីហនុរាម លើផ្ទៃដីទំហំ ៦៦៧.៩៦ហិកតា ស្ថិតក្នុងភូមិសាស្ត្រឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដោយបានកាត់ឆ្កៀលចេញបណ្ណកម្មសិទ្ធិ ជូនប្រជាពលរដ្ឋ ដែលរស់នៅជាក់ស្តែង នៅក្នុងតំបន់ខាងលើរួចរាល់ហើយ។ ដូច្នេះក្រុមហ៊ុនទាំងពីរនេះ គឺអាចដំណើរការក្នុងការអនុវត្តគម្រោងអភិវឌ្ឍន៍ របស់ខ្លួនបន្ត។

គួររំលឹកថា គម្រោងអភិវឌ្ឍន៍ទេសចរណ៍ «ទីក្រុងរាម» នៅក្នុងតំបន់ទេសចរណ៍នាគរាជ ខេត្តព្រះសីហនុ ដែលស្នើដោយក្រុមហ៊ុន ខានូពី ស៊ែន ឌីវេឡុបម៉ិន ឯ.ក។ គម្រោងនេះស្ថិតលើផ្ទៃដីទំហំ ៨៣៤ហិកតា ត្រូវបានប៉ាន់ប្រមាណថា នឹងមានទុនវិនិយោគរហូតដល់ ១៦ពាន់លានដុល្លារអាមេរិក។

គម្រោងអភិវឌ្ឍតំបន់នេះ ត្រូវបានបែងចែកជាដំណាក់កាលដោយត្រូវចាប់ផ្តើមអនុវត្ត ពីដើមឆ្នាំ២០២០ រួមមាន ការរៀបចំហេដ្ឋារចនាសម្ព័ន្ធ និងសំណង់ផ្សេងៗដូចជា៖ សណ្ឋាគារ, ភោជនីយដ្ឋាន, អាហារដ្ឋាន, រមណីយដ្ឋាន, អគារស្នាក់នៅ, សាលប្រជុំសាលសន្និសិទ, អគារស្នាក់នៅរួម, មជ្ឈមណ្ឌលពាណិជ្ជកម្ម ហិរញ្ញវត្ថុ, មជ្ឈមណ្ឌលកីឡា ក្នុងនោះក៏មានកីឡាវាយកូនគោលផងដែរ។

គម្រោងនេះ នឹងត្រូវរៀបចំឆ្នេរខ្សាច់ស្អាតពីរកន្លែង ដើម្បីប្រើប្រាស់ជាសាធារណៈ សម្រាប់ការអភិវឌ្ឍនៅតំបន់នោះផង ក៏ដូចជាសាធារណជនអាចចេញចូលប្រើប្រាស់តំបន់នោះ ដែលបច្ចុប្បន្ន មិនទាន់មានឆ្នេរខ្សាច់ស ស្អាតនៅឡើយ។

សូមអានសេចក្តីប្រកាសព័ត៌មាន របស់រដ្ឋបាលខេត្តព្រះសីហនុ ចុះថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២០ ដូចខាងក្រោម៖

អត្ថបទដែលជាប់ទាក់ទង