កិច្ចប្រជុំអន្តរក្រសួងឆ្លើយតបតាមសំណើរ របស់លោករដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ពាក់ព័ន្ធភាពចង្អៀតណែនក្នុងពន្ធនាគារ

រាជធានីភ្នំពេញ៖ កាលពីព្រឹកថ្ងៃសុក្រ ថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២០នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំកិច្ចប្រជុំអន្តរក្រសួងស្ដីពីការដោះស្រាយការកកស្ទះសំណុំរឿង និងភាពចង្អៀតណែនក្នុងពន្ធនាគារ។

កិច្ចប្រជុំនេះចូលរួមដោយ លោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ព្រមទាំងរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ និងអគ្គនាយក នៃក្រសួងមហាផ្ទៃ និងក្រសួងយុត្តិធម៌។

នាឱកាសបើកកិច្ចប្រជុំនោះ សម្ដេចក្រឡាហោម ស ខេង មានប្រសាសន៍ថា កិច្ចប្រជុំអន្តរក្រសួងនេះ ដើម្បីឆ្លើយតបតាមសំណើរ របស់លោករដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ពាក់ព័ន្ធនឹងភាពចង្អៀតណែនក្នុងពន្ធនាគារ និងការកកស្ទះសំណុំរឿង។

សម្ដេចក្រឡាហោមបន្តថា ក្នុងស្ថានភាព នៃការប្រឈមមុខនឹងវិបត្តិកូវីដ-១៩ ថ្វីដ្បិតថា មានបណ្ដាប្រទេសមួយចំនួន បានសម្រេចដោះលែងអ្នកទោសខ្លះ ប៉ុន្តែនៅកម្ពុជា ស្ថានភាពមិនទាន់ឈានដល់ដំណាក់កាលនេះនៅឡើយទេ។

យុទ្ធនាការដោះស្រាយការកកស្ទះសំណុំរឿង និងភាពចង្អៀតណែនក្នុងពន្ធនាគារ គឺជាកិច្ចសំខាន់បំផុតមួយរបស់ក្រសួងមហាផ្ទៃ និងក្រសួងយុត្តិធម៌ ទន្ទឹមនឹងយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់។

ប៉ុន្មានឆ្នាំចុងក្រោយនេះ បទល្មើសគ្រឿងញៀនបានស្ថិតក្នុងភាគរយខ្ពស់ជាងគេ ធៀបនឹងបទល្មើសផ្សេងៗដែលបានបញ្ជូនមកតុលាការ ខណៈបទល្មើសនេះក៏មិនត្រូវបានអនុញ្ញាតឱ្យស្នើសុំលើកលែង និងបន្ធូរបន្ថយទោសដែរ៕

អត្ថបទដែលជាប់ទាក់ទង