ពន្ធនាគារខេត្តព្រះសីហនុ មានអ្នកទោសជាង ២ពាន់នាក់ និងផ្ទេរចេញជាង១រយនាក់ ព្រោះចង្អៀតពេក

ខេត្តព្រះសីហនុ៖ ប្រធានពន្ធនាគារខេត្តព្រះសីហនុ លោក មុី ឌឿន បានឲ្យដឹងថា ដឹងនៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២០នេះថា ក្នុងបរិវេណពន្ធនាគារនេះ បានថែរក្សាអនាម័យជាប្រចាំ ក្នុងនោះសម្រាប់អ្នក ដែលមកសួរសុខទុក្ខអ្នកទោស ក៏មិនអនុញ្ញាតឲ្យមកជួបអ្នកទោសដោយផ្ទាល់ដែរ ប្រយោជន៍ដើម្បីទប់ស្កាត់ជំងឺកូវីដ-១៩ ក្នុងពន្ធនាគារខេត្តព្រះសីហនុ មិនឲ្យឆ្លងរាលដាល។

ជាងនេះទៀត សូម្បីតែអ្នកទោស ដែលកំពុងជាប់ក្នុងពន្ធនាគារនេះ ក៏តម្រូវឲ្យពួកគេធ្វើអនាម័យជាប្រចាំ ដោយប្រុងប្រយត្ន័បំផុត ខណៈបច្ចុប្បន្ននេះពិរុទ្ធជន និងទណ្ឌិត ដែលកំពុងជាប់ឃុំក្នុងពន្ធនាគារខេត្តព្រះសីហនុ មានចំនួនច្រើនរហូតដល់ជាង ២០០០នាក់ (ពីរពាន់)។

ភាពចង្អៀតណែននេះ លោក មុី ឌឿន បញ្ជាក់ថា ខាងពន្ធនាគារខេត្តព្រះសីហនុ ក៏បានផ្ទេរអ្នកជាប់ឃុំមួយចំនួន ទៅដាក់នៅពន្ធនាគារតាមខេត្តផ្សេងៗ មួយរយៈពេលសិន ដើម្បីកាត់បន្ថយភាពចង្អៀតណែន ក្នុងពន្ធនាគារខេត្តព្រះសីហនុ។

លោកបន្តថា ក្នុងចំណោមពិរុទ្ធជន និងទណ្ឌិតទាំងជាង ២០០០នាក់ គឺមានអ្នកទោសជាង ៥០ភាគរយ ជាប់ពាក់ព័ន្ធបទល្មើសគ្រឿងញៀន៕

ប្រភព៖ ហ៊ុយ ប៊ុនឡេង

អត្ថបទដែលជាប់ទាក់ទង