អ្នកជំងឺកូវីដ-១៩ម្នាក់ទៀតបានជាសះស្បើយ ខណៈនៅសល់អ្នកជំងឺម្នាក់ទៀត កំពុងព្យាបាល

រាជធានីភ្នំពេញ៖ ក្រសួងសុខាភិបាល បានប្រកាសនៅព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២០នេះថា មានអ្នកជំងឺកូវីដ-១៩ ម្នាក់ទៀត បានព្យាបាលជាសះស្បើយ និងមិនមានករណីអ្នកឆ្លង ឬមានវិជ្ជមានកូវីដ-១៩ថ្មីទៀតទេ។

 

ក្រសួងសុខាភិបាល បញ្ជាក់ថា អ្នកជាសះស្បើយខាងលើនេះ ជាបុរសជនជាតិខ្មែរអាយុ ៧៥ឆ្នាំ រស់នៅភូមិកំពង់ត្រឡាចក្រោម ឃុំកំពង់ត្រឡាច ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ដែលបានបញ្ជូនទៅសម្រាកព្យាបាលបន្តនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត កាលពីថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២០។

បច្ចុប្បន្ន អ្នកជំងឺរូបនេះ បានជាសះស្បើយរួចហើយៗ លទ្ធផលតេស្តអវិជ្ជមានវីរុសកូវីដ-១៩ ចំនួន២ដង និងត្រូវបានអនុញ្ញាតឲ្យចេញពីពេទ្យ។

ក្រសួងសុខាភិបាល បន្តថា គិតត្រឹមព្រឹកថ្ងៃទី​១២ ខែឧសភា​ ឆ្នាំ២០២០​ ប្រទេសកម្ពុជា មិនមានរកឃេីញករណីមានអ្នកឆ្លងជំងឺ​ COVID-19​ ថ្មី​ទៀតទេ។ សរុបមកប្រទេសកម្ពុជា មានករណីជំងឺកូវីដ-១៩​ មានចំនួន​១២២ករណី​​ដដែល​ និង មានករណីជាសះស្បេីយមួយករណីថ្មី​​ទៀត។ ដូច្នេះករណីជាសះស្បេីយមានចំនួន១២១នាក់​ និងសល់អ្នកជំងឺម្នាក់ទៀត កំពុងសំរាកព្យាបាល​នៅពេទ្យ។

ប្រទេសកម្ពុជា បានរកឃេីញករណីមានអ្នកឆ្លងជំងឺកូវីដ-១៩ ដំបូងបំផុតនៅថ្ងៃទី​២៧​ ខែមករា​ ឆ្នាំ២០២០​៕

អត្ថបទដែលជាប់ទាក់ទង