លោក ស៊ុត ឌី​ណា អតីត​ឯកអគ្គរាជទូតប្រចាំប្រទេសកូរ៉េខាងត្បូង​ ត្រូវបានព្រះមហាក្សត្រលើកលែងទោស

រាជធានី​ភ្នំពេញ​៖ ព្រះករុណា ព្រះបាទ​សម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​ នៃ​ព្រះរាជាណាចក្រកម្ពុជា ទ្រង់​បានចេញ​ព្រះរាជក្រឹត្យ​ត្រាស់បង្គាប់​លើកលែងទោស លោក ស៊ុត ឌី​ណា អតីត​ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​ប្រទេស​កូរ៉េខាងត្បូង ​ដែល​ត្រូវ​តុលាការ​សម្រេច​ផ្ដន្ទាទោស​ដាក់ពន្ធនាគារ​ចំនួន ០៥​ឆ្នាំ ពីបទ​រំលោភ​អំណាច​។

​អ្នកនាំពាក្យ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ លោក​ គុជ គឹម​ឡុង បានឲ្យ​ដឹងថា លោក​ ស៊ុត​ ឌី​ណា​ អតីត​ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​នៅ​ប្រទេស​កូរ៉េ​ខាងត្បូង ត្រូវបាន​ព្រះមហាក្សត្រ​ លើកលែងទោស​រួចហើយ​ៗ ត្រូវបាន​សាលា​ដំបូងរាជធានីភ្នំពេញ ​អនុវត្ត​ព្រះរាជ​ក្រឹត​ដោះលែង​ឲ្យ​មាន​សេរីភាព​វិញ​ ហើយដែរ កាលពី​ថ្ងៃទី​១៥​ ខែឧសភា​ ឆ្នាំ​២០២០​។​

ចំពោះសំណុំរឿងនេះ លោក​ គុជ គឹម​ឡុង បានឲ្យដឹងបន្តថា តុលាការក្រុង​ភ្នំពេញ កាលពី​ខែធ្នូ ឆ្នាំ​២០១៦ បានសម្រេច​ផ្ដន្ទាទោស​ លោក​ ស៊ុត ឌី​ណា ដាក់ពន្ធនាគារ​ចំនួន ០៥​ឆ្នាំ​ និង​ពិន័យ​ប្រាក់ចំនួន​ ១០​លាន​រៀល ពីបទ​រំលោភ​អំណាច​ និង​បទ​កេង​យក​ផលប្រយោជន៍​ខុសច្បាប់​។​

​គួររំលឹកថា លោក ស៊ុត ឌី​ណា ត្រូវបាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ឃាត់ខ្លួន កាលពី​ថ្ងៃ​ចន្ទ​ ទី​០៤ ខែមេសា ឆ្នាំ​២០១៦ បន្ទាប់ពី​រកឃើញមានការ​ពាក់ព័ន្ធ​ភាពមិនប្រក្រតី ក្នុងការ​អនុវត្ត​ការងារ​នៅ​ប្រទេស​កូរ៉េខាងត្បូង ដោយមាន​លុយ​រហូតដល់ ៧,២​លាន​ដុល្លារ និង​មាស​ ៣៣៩​តម្លឹង បន្ទាប់ពី​កាន់តំណែង​បាន​ ០២​ឆ្នាំ​។​

សំណុំរឿងនេះ ​តុលាការ​ បាន​ចោទប្រកាន់ លោក ស៊ុត ឌី​ណា ចំនួន​ ០២​បទល្មើស រួមមាន​៖ បទ​កេង​យក​ប្រយោជន៍​ដោយ​ខុសច្បាប់ តាម​មាត្រា​៥៩៧ និង​៥៩៨ នៃ​ក្រមព្រហ្មទណ្ឌ និង​បទ​រំលោភ​អំណាច តាម​មាត្រា​៣៥ នៃច្បាប់​ស្ដីពី​ការប្រឆាំង​អំពើពុករលួយ​៕

អត្ថបទដែលជាប់ទាក់ទង