លោកឧកញ៉ា ទៀ វិចិត្រ នាំយកឈុតសម្លៀកបំពាក់ និងវិទ្យុទាក់ទង ឧបត្ថម្ភដល់ប្រជាការពារ១៦២នាក់ នៅសង្កាត់លេខ៣

ខេត្តព្រះសីហនុ៖ លោកឧកញ៉ា ទៀ វិចិត្រ បានបន្តជួយឧបត្ថម្ភឈុតសម្លៀកបំពាក់ និងវិទ្យុទាក់ទងដល់ប្រជាការពារចំនួន ១៦២នាក់ ក្នុងសង្កាត់លេខ៣ ក្រុងព្រះសីហនុ ដើម្បីប្រើប្រាស់ក្នុងការបំពេញភារកិច្ចជួយរក្សាសន្តិសុខ សណ្តាប់ធ្នាប់ទូទៅក្នុងមូលដ្ឋាន។

នាឱកាសអញ្ជើញប្រគល់ផ្ទាល់សម្ភារៈខាងលើ នៅសាលាសង្កាត់លេខ៣ នាព្រឹកថ្ងៃសៅរ៍ ទី១៦ ខែឧសភា ឆ្នាំ២០២០នេះ។ លោកឧកញ៉ា ទៀ វិចិត្រ មានប្រសាសន៍ថា ក្រៅពីឧបត្ថម្ភសម្លៀកបំពាក់ និងវិទ្យុទាក់ទង លោកឧកញ៉ា ក៏បានឧបត្ថម្ភថវិកាមួយចំនួន ជូនដល់ប្រជាការពារទាំងអស់ ក្នុងម្នាក់ៗចំនួន ០៨មុឺនរៀលបន្ថែមទៀត។

លោកឧកញ៉ា ទៀ វិចិត្រ ឲ្យដឹងដូច្នេះ រួចបន្ថែមថា ក្រៅពីនេះ រូបលោកក៏បានឧបត្ថម្ភមួកសុវត្ថិភាពមួយចំនួនទៀត ជូនរដ្ឋបាលក្រុងព្រះសីហនុ ស្របពេលដែលថ្នាក់ជាតិ ក៏ដូចជាស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ កំពុងធ្វើយុទ្ធនាការរឹតបន្តឹងការអនុត្តន៍ច្បាប់ចរាចរណ៍ផ្លូវគោក ដើម្បីឈានទៅកាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកម្ពុជាឲ្យថយចុះចំនួន។

នាឱកាសនោះដែរ លោក កាន់ ឡឹង ចៅសង្កាត់លេខ៣ បានថ្លែងអំណរគុណ និងជូនពរគ្រប់ប្រការជូនចំពោះ លោកឧកញ៉ា ទៀ វិចិត្រ និងគ្រួសារ បុត្រាបុត្រី ដែលបានឧបត្ថម្ភជាឈុតសម្លៀកបំពាក់ សម្ភារៈ និងថវិកា ជូនដល់កម្លាំងប្រជាការពារ ក្នុងសង្កាត់លេ៣ ដើម្បីជាការលើកទឹកចិត្តដល់បងប្អូនប្រជាការពារ នៅក្នុងមូលដ្ឋានសង្កាត់លេខ០៣ទាំងអស់៕

អត្ថបទដែលជាប់ទាក់ទង